(ភ្នំពេញ) ៖ លោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានទៅពិនិទ្យទីតាំងប្រចាំការ របស់មន្រ្តីជំនាញកាំកុងត្រូល នៅផ្សារដើមគរ និងផ្សារធំថ្មីៗ រាជធានីភ្នំពេញ ។

លោកអគ្គនាយក បានមានប្រសាសន៍ថា ការដាក់មន្រ្តីកាំកុងត្រូល ទៅប្រចាំការនៅទីផ្សារសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនសេវាត្រួត ពិនិត្យសុវត្ថិភាពម្ហូបអាហារ និងបង្ក្រាបការក្លែងបន្លំ ។

លោកបានបន្តថា កន្លងមក និងបច្ចុប្បន្ន មន្ត្រីជំនាញរួមនឹងមន្ទីរពិសោធន៍ចល័ត របស់អគ្គ នាយកដ្ឋានបានចុះបំពេញភារកិច្ចត្រួតពិនិត្យ-អង្កេតទំនិញ ដែលដាក់តាំងលក់ និងធ្វើចរាចរ តាមទីផ្សារធំ-តូច ផ្សារទំនើប នៅទូទាំងប្រទេសកម្ពុជា ជាពិសេសផលិតផលម្ហូបអាហារ ក្នុងគោលបំណង រាំងខ្ទប់ ហាមឃាត់ ការធ្វើចរាចរទំនិញ ពុំមានសុវត្ថិភាព ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញក្លែងបន្លំជាដើម ។

លោកបានបន្តទៀតថា ទោះបីជាមន្ត្រីជំនាញ របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានបំពេញភារកិច្ចរបស់ខ្លួនក្នុងការចុះពិនិត្យ ទំនិញតាមទីផ្សារ ត្រឹមតែរយៈពេលខ្លីពិតមែន ប៉ុន្តែធ្វើអោយប្រជាពលរដ្ឋមានការកក់ក្តៅ មានទំនុកទុកចិត្ត បានមួយចំណែកផងដែរ ។

លោកអគ្គនាយកបានបន្តថា ដើម្បីដោះស្រាយបញ្ហា ឬបាតុភាពជាយថាហេតុណាមួយ របស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់ការអប់រំ លើកកំពស់ការយល់ដឹង ជូនអ្នកប្រើប្រាស់ អាជីវករ អ្នកលក់ដូរ អំពីបញ្ហាគុណភាព សុវត្ថិភាពផលិតផលទំនិញ ពិសេសផលិតផលម្ហូបអាហារ ដែលក្នុងនោះមន្ត្រីជំនាញ អនុវត្តការងារដោយប្រើប្រាស់ ឧបករណ៍សម្ភារៈពិសោធន៍ វិភាគបឋម (Test kits) ឧបករណ៍រង្វាស់រង្វាល់ និងឧបករណ៍បច្ចេកទេសចាំបាច់នានា ផ្ទាំងរូបភាព និងខិតប័ណ្ណឃោសនាអប់រំ ធានាធ្វើយ៉ាងណាផ្តល់ភាពសុក្រិត តម្លាភាព យុត្តិធម៌ សម្រាប់ជាប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ។

នៅក្នុងឱកាសចុះទៅពិនិត្យទាំងពីរផ្សារខាងលើ មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើតេស្តឃីត( Test Kit) ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារទាំងពីរខាងលើ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមី ហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារដែលបានពិនិត្យទាំងនោះឡើយ ៕