(ព្រះសីហនុ)៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយការទទួលស្គាល់ការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍ (Recognition of Prior Learning) របស់អ្នកជំនាញទេសចរណ៍ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ បានប្រកាសវាយតម្លៃសមត្ថភាព និងបទពិសោធន៍អ្នកកំពុងបម្រើការងារនៅខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍជំនាញទេសចរណ៍ និងបង្កើនគុណភាពសេវាកម្ម។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅសាលាសណ្ឋាគារ ដុន បូស្កូ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍សរុបប្រមាណ ១៥០រូប ដើម្បីរួមគ្នាអនុវត្តការវាយតម្លៃសមត្ថភាពអ្នកកំពុងបម្រើការងារក្នុងវិជ្ជាជីវៈទេសចរណ៍ ដែលគ្មានសញ្ញាបត្រ ឬវិញ្ញាបនបត្រវិជ្ជាជីវៈ ឲ្យទទួលបាននូវគុណវុឌ្ឍិអាស៊ាន (ASEAN Qualification) ហើយអាចអភិវឌ្ឍវិថីអាជីពការងាររបស់ខ្លួនកាន់តែល្អប្រសើរ និងចូលរួមបម្លាស់ទីការងារក្នុងក្របខ័ណ្ឌអាសាន តាមរយៈកិច្ចព្រមព្រៀងអាស៊ាន MRA-TP។

លោកលើកឡើងថា ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី វិស័យទេសចរណ៍មានកំណើនយ៉ាងគំហុក ក្នុងអត្រាប្រមាណ ១៣.៨% នៅឆ្នាំ២០១៨ ក្នុងនោះបានបង្កើតការងារប្រមាណ ៦២ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ កម្ពុជាត្រូវការអ្នកជំនាញថ្មីប្រមាណ ២៨ម៉ឺននាក់បន្ថែមទៀត ដើម្បីបម្រើសេវាកម្មប្រកបដោយភាពកក់ក្តៅ និងគុណភាពជូនទេសចរជាតិ-អន្តរជាតិ ព្រមទាំងចូលរួមពង្រឹងសមត្ថភាពអ្នកជំនាញបច្ចុប្បន្ន ឱ្យឆ្លើយតបទៅនឹងស្តង់ដាជាតិ និងអាស៊ាន។

តាមរយៈយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL) ខាងលើ ក្រសួងទេសចរណ៍នឹងផ្ដល់ឱកាសឲ្យអ្នកជំនាញ ជាពិសេសបុគ្គលិកបម្រើការងារនៅខេត្តព្រះសីហនុ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ទទួលបានការទទួលស្គាល់សមត្ថភាព និងមានឱកាសបន្តការសិក្សាអភិវឌ្ឍជំនាញតាមកម្រិតគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងទស្សនទានការសិក្សាពេញមួយជីវិត (Lifelong Learning) ក៏ដូចជាចូលរួមសម្រេចគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍជំនាញយុវជន មានជាអាទិ៍ ត្រឹមឆ្នាំ២០២០ ៥០% នៃអ្នកបម្រើការងារទាំងអស់ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល, ត្រឹមឆ្នាំ២០២៥ ១០០% នៃអ្នកបម្រើការងារទាំងអស់ ត្រូវទទួលទទួលបានការបណ្តុះបណ្តាលជំនាញ ដែលមានការទទួលស្គាល់វិញ្ញាបនបត្រ ឬសញ្ញាបត្រតាមស្តង់ដាអាស៊ាន ដើម្បីសម្រេចបាននូវបុគ្គលិកមួយ ជំនាញមួយ, ត្រឹមឆ្នាំ២០៣០ សម្រេចឲ្យបាននូវគោលដៅការសិក្សាពេញមួយជីវិត កំណើនសេដ្ឋកិច្ច និងការងារសមរម្យ។

សូមបញ្ជាក់ថា កម្ពុជាត្រូវការអ្នកជំនាញប្រមាណ ១លាននាក់ នៅឆ្នាំ២០២០ ដើម្បីទទួលការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៧លាននាក់ ហើយនៅឆ្នាំ២០២៥ ត្រូវការអ្នកជំនាញប្រមាណ ១.២លាននាក់ ជាមួយនឹងកំណើនភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ១០លាននាក់ និងតម្រូវការអ្នកជំនាញប្រមាណ ២លាននាក់ ដើម្បីទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០៕