(កំពងចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងដំណើរការដេញថ្លៃមូលនិធិឃុំ-សង្កាត់ ក្រោយពេលបានធ្វើការកែប្រែក្នុងរយៈពេល១០ខែកន្លងទៅ នៅឆ្នាំ២០១៨នេះ បានធ្វើឲ្យចំណេញថវិការដ្ឋ និងអាចបង្កើនសមិទ្ធិផល កើនឡើងទ្វេដង ខុសពីឆ្នាំមុនៗ។

លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅពេលបើកឲ្យដំណើរការដេញថ្លៃមូលនិធិឃុំ-សង្កាត់ ចំនួន១៥គម្រោង នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក គួច ចំរើន បានថ្លែងថា ក្នុងដំណើរការដាក់ឲ្យដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់កន្លងទៅ មានភាពមិនប្រក្រតីជាញឹកញាប់ បង្កអំពើពុករលួយតាមរូបភាពផ្សេងៗដែលទង្វើនេះ ធ្វើឲ្យមានការខាតបង់ដំណើរការអភិវឌ្ឍក្នុងឃុំ-សង្កាត់យ៉ាងច្រើន។ ដោយបានដឹងដូច្នេះ ទើបលោកបានកែប្រែ ពីការដេញថ្លៃតាមបណ្តាឃុំ-សង្កាត់សាម៉ី ប្រមូលមកដេញថ្លៃនៅតាមបណ្តាស្រុក-ក្រុងវិញ។

បើតាមលោកអភិបាលខេត្ត គោលការណ៍ថ្មីនេះ ធ្វើឡើងបានចំនួន៣ស្រុកមកហើយ និងលើកទី៤នៅស្រុកកំពង់សៀម ហើយនៅគ្រប់បណ្តាស្រុក-ក្រុង ដែលមានលោកជាអភិបាលខេត្ត ឬក៏អភិបាលខេត្តរង ចុះត្រួតពិនិត្យផ្ទាល់រាល់ដំណើរការ ដាក់ឲ្យដេញថ្លៃនោះ។ លោកថា ជាលទ្ធផលឃើញថាដំណើរការ មានភាពល្អប្រសើរដោយអ្នកទទួលការ ចូលរួមដេញថ្លៃ ប្រកបដោយក្រមសីលធម៌ និងមានតម្លាភាព គ្មានភាពរញ៉េរញ៉ៃដូចឆ្នាំកន្លងទៅឡើយ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានថ្លែងស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានបំណងចូលរួមដេញថ្លៃពិតប្រាកដ ដើម្បីយកគម្រោងទៅធ្វើការអភិវឌ្ឍក្នុងឃុំ-សង្កាត់។ ដោយឡែកចំពោះក្រុមហ៊ុន ដែលគ្រាន់តែមកដើម្បីបានទឹកតែនោះ សូមបញ្ឈប់ទៅ ហើយបើមានអ្នកបង្កបញ្ហាដដែលនេះទៀត នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ទាក់ទិនទៅនឹងការដេញថ្លៃចុះរហូតដល់ទៅ ៤០ឬ៥០ភាគរយ លោក គួច ចំរើន បានរំឭកដល់ម្ចាស់លទ្ធកម្ម ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាមន្ត្រីការិយាល័យផែនការនិងវិនិយោគ សូមឲ្យគិតឡើងវិញចំពោះការលើកគម្រោង។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើ ការលើកគម្រោងមិនបំប៉ោងទេនោះ អ្នកម៉ៅការមិនអាចដេញថ្លៃចុះដល់ ទៅ៤០ឬ៥០ភាគរយនោះទេ ហើយជាក់ស្តែងឆ្នាំនេះ តាមផែនការដែលលោកបានរៀបចំ ការដេញថ្លៃមូលនិធិឃុំ-សង្កាត់ បានធ្វើឲ្យសមិទ្ធិផលមានការកើនឡើងពីរដង។ ដូច្នេះសម្រាប់ឆ្នាំក្រោយ សូមកុំឲ្យមានករណីបែបនេះទៀត ហើយមន្ត្រីត្រូវចេះសន្សំសំចៃ ដើម្បីពង្រីកសមិទ្ធិផល ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕