(ភ្នំពេញ)៖ ជនប្រដាប់អាវុធដែលពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ទ្រង់ទ្រាយធំ នៅក្នុងប្រទេសកម្ពុជា មានបំណងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានកម្លាំងនគរបាលរួមសហការគ្នា បើកប្រតិបត្តិស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជាបន្ដបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីម្សិលមិញផងដែរ។

ចំណាត់ការដ៏ម៉ឺងម៉ាត់ នៃប្រតិបត្តិការតាមចាប់ក្រុមជួញដូរអាវុធទាំង៨នាក់ និងដកហូតអាវុធជិត៣០ដើម បានធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តកំពត និងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលនីតិវិធីរបស់ព្រះរាជអាជ្ញារាជធានី-ខេត្តទាំង៣។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ ត្រូវបានឃុំខ្លួនដាក់ ពន្ធនាគារកាលពីម្សិលមិញ ក្រោមបទចោទប្រកាន់ពីការជួញដូរអាវុធខុសច្បាប់។

សម្រាប់ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង៨នាក់នេះ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានធ្វើឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងចុះបង្ក្រាបនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ របស់កម្លាំងនគរបាលប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្ម​ឆ្លងដែន សហការជាមួយប៉ុស្ដិ៍នគរបាល ដោយមានការឃាត់ខ្លួនជនសង្ស័យមួយចំនួន និងអាវុធប្រភេទ AK ស្វាយបត់ ចំនួន២៥ដើម។

កម្លាំងសមត្ថកិច្ចរបស់កម្ពុជា បាននឹងកំពុងបន្តចាត់ការតាមរកមេខ្លោង ដែលរៀបចំផែនការនេះ។

ក្រោយការចុះបង្ក្រាប និងបញ្ចប់ការសួរនាំកម្លាំងនគរបាល បានពន្លាតដែនសមត្ថកិច្ចចុះទៅបង្ក្រាបបន្ដទៀត នៅទឹកដីខេត្តកំពត និងទឹកដីខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយចាប់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតអាវុធបាន៣ដើម។

សម្រាប់ប្រតិបត្តិការនៅខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ២នាក់ និងដកហូតកាំភ្លើង២ដើម។

ដោយឡែកលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏បានបញ្ជាក់ផងដែរថា ចំពោះបទល្មើសមួយនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងអាវុធចំនួន មួយដើម។

ចំពោះព័ត៌មានលម្អិតបន្ថែមទៀត បណ្ដាញព័ត៌មាន Fresh News បានព្យាយាមទាក់ទៅលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនដែលជាម្ចាស់ករណីលើបញ្ហានេះ ប៉ុន្ដែលោកកំពុងជាប់រវល់ប្រជុំ។

លោក លី សុផាន់ណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី០២ ខែតុលានេះ អយ្យការបានចោទប្រកាន់ពីបទ «រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងរឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងបទ៖​ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ»

បើតាមមន្រ្តីតុលាការបានបញ្ជាក់ថា លោក អ៊ឹម វណ្ណ: ចៅក្រមស៊ើបសួរ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទទាំង៨នាក់ ដាក់ពន្ធនាគារ ដើម្បីរង់ចាំវិនិច្ឆ័យទោដនៅពេលក្រោយ ដែលការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការលោក អ៊ុំ សុភក្រ បានសម្រេចចោទប្រកាន់ជាផ្លូវការ៕​