(សៀមរាប)​៖​ យោងតាមអនុសាសន៍របស់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំខេត្ត ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅពេលរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ខេត្តសៀមរាប នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះអនុវត្ដយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរាណ៍ផ្លូវគោក និងរឹតបណ្ដឹងការពាក់មួកសុវត្ថិភាព (អត្ថប្រយោជន៏នៃការពាក់មួកសុវត្ថិភាព) ជូន​ប្រជាពលរដ្ឋ​នៅក្នុងក្រុងសៀមរាប ក្រោមប្រធានបទ «ផ្តើមចេញពីអ្នកនឹងខ្ញុំ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់»

ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដោយមានបញ្ជាផ្ទាល់ពីលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប និងមានការចូលរួមជាអធិបតីពី លោក ពិន ប្រាកដ អភិបាលរង​ខេត្ដ បានដឹកនាំមន្ដ្រីជំនាញការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ ​សហការជាមួយ​ នគរបាលចរាចរណ៍ នៅក្រុង-ខេត្តសៀមរាប បានចុះអនុវត្ដយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរាណ៍ផ្លូវគោក និងរឹតបណ្ដឹងការពាក់មួកសុវត្ថិភាព នៅរង្វង់មូលព្រះរាជដំណាក់ និងនៅរង្វង់មូលនាគ។

លោក គឹម ប៉ុណ្ណា ​​បានឲ្យដឹងថា​ យុទ្ធនាការនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យ​អ្នកធ្វើចរាចរណ៍ដោយទោចក្រក្រយានយន្ត ដែលមិនបានពាក់មួកសុវត្ថិភាព និងខ្វះខាតលក្ខណៈបច្ចេកទេស ដើម្បីធ្វើការអប់រំណែនាំ អំពីការយល់ដឹងនូវការបើកបរលើមធ្យោបាយនៅតាមដងផ្លូវ ពិសេសផ្តល់ឱកាសដល់ពួកគាត់ ដើម្បីឆ្លើយនូវសំនួរដែលទាក់ទងទៅនិងច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវបានរៀបចំដោយក្រុមការងារប្រចាំគោលដៅនីមួយៗ និងឈានទៅទទួលបានមួកសុវត្ថិភាពដ៏រឹងមាំមួយ​ផងដែរ​។

លោកបានបញ្ជាក់ថា សម្រាប់ការចុះផ្សព្វផ្សាយនេះដែល ក្នុងគោលបំណងអប់រំ​ប្រជាពលរដ្ឋ​ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងក្រមសីលធម៌ ក្នុងការបើកបរ និងសួរសំណួរ​ឆ្លើយយករង្វាន់មួកសុវត្ថិភាព បើឆ្លើយត្រូវ​៣សំណួរ ក្រុមការងារជូនមួកសុវត្ថិភាព ចំនួន១​តែបើឆ្លើយខុសជូនឯកសារ និងសៀវភៅច្បាប់យកទៅរៀនសូត្រ ស្វែងយល់បន្ថែម​។ ចំពោះ​សម្ភារ​ដែលចែកជូនរួមមាន​៖ មួកសុវត្ថិភាព​២៤មួក, សៀវភៅច្បាប់ចរាចរណ៍​១២០ក្បាល, សៀវភៅម៉ូតូ​១២០ក្បាល, ខិតប័ណ្ណជំនួយស្មារតី​១,០០០សន្លឹក, ស្ទិកឃ័រមានអក្សរ​២០០សន្លឹក, ក្រមសីលធម៌​១០ចំណុច ១៤០សន្លឹក, ផ្ទាំងថ្មើរជើង​២៥សន្លឹក, ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ​២៥សន្លឹក​។

ជាមួយគ្នានេះ លោកវរសេនីយឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរា​ប ក្នុងរយៈពេលកន្លងទៅនេះ ការិយាល័យនគរបាលចរាចរណ៍ និងមន្ទីរ ស្ថាប័ន អង្គភាព និងដៃគូរពាក់ព័ន្ធ បានធ្វើការចែកនូវឯកសារ ផ្សព្វផ្សាយ​អប់រំ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងករណីដែលបង្ក​ឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងការបង្ហាញពីភាពធ្វេសប្រហែស ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ភាពងងុយដេក និងកត្តាយានយន្ត​ជូនដល់សាធារណៈជន និងអ្នកដែលប្រើប្រាស់ផ្លូវ/ថ្នល់​ផងដែរ​។

បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកចូលជាធរមាន និង​ដាក់ឲ្យអនុវត្ត​រហូតមកទល់ពេលនេះសមត្ថកិច្ច នៅតែបន្តពិនិត្យឃើញថា មានប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់បានអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅឡើយទេ ចំពោះការធ្វើការចរាចរណ៍នៅតាមដងផ្លូវ​។ អ្នកប្រើប្រាស់ទោចក្រក្រយានយន្ដមួយចំនួន មិនបានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ ព្រមទាំងអ្នកបើកបរដោយប្រើប្រាស់ម៉ូតូ ដែលមានការកែច្នៃដែលខុសលក្ខណៈបច្ចេកទេស និងច្បាប់ហាមឃាត់​ផងដែរ​។

លោកបានសំណូមពរដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវទាំងអស់ ដែលប្រើប្រាស់ទោចក្រយានយន្ត ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ និងលក្ខណៈបច្ចេកទេស របស់យានជំនិះ ដោយក្នុងនោះ​ត្រូវតែពាក់ពួកសុវត្ថិភាពជានិច្ចនូវពេលបើកបរ ទោះក្នុងលក្ខណៈនៃការធ្វើដំណើទៅកាន់គោលដៅនីមួយៗ ទោះជិតឬឆ្ងាយ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមកនៅពេលបើកបរ ដើម្បីសុវត្ថិភាព៕