(ស្វាយរៀង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា​ ត្រូវបានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារមនុស្សចាស់ សំដៅលើការលើកស្ទួយសុខុមាលភាពមនុស្សចាស់ដល់ការឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីសំខាន់ៗរបស់មនុស្សចាស់​ ក្នុងសង្គមជាតិ។

លោក វង សូត បានបន្ថែមថា «យើងទាំងអស់គ្នា​បានដឹងហើយថា មនុស្សចាស់ជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្តល់នូវចំណេះដឹង ចំណេះធ្វើ​ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ។ ជាទូទៅមនុស្សចាស់ តែងតែយកវត្តអារាម​ ជាទីកន្លែងសម្រាប់ជួបជុំ និងស្នាក់អាស្រ័យ តា​​មលទ្ធភាពរបស់ក្រុមគ្រួសារនីមួយៗ»

រដ្ឋមន្ត្រី វង សូត បញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រសួងសង្គមកិច្ច បានបង្កើតសមាគមន៍មនុស្សចាស់ចំនួន១៦៤៦ឃុំ សង្កាត់ នៅទូទាំងរាជធានីខេត្ត ដែលក្នុងនោះរួមមាន​ ឆ្នាំ២០១៦​​​​​​ ចំនួន៣៩៤ឃុំ-សង្កាត់ ឆ្នាំ២០១៧​ ចំនួន១២៤២​ ឃុំ-សង្កាត់ និងឆ្នាំ២០១៨ បាន​១០ឃុំ-សង្កាត់បន្ថែមទៀត។

ការលើកឡើងរបស់លោក វ​ង សូត បានធ្វើឡើង នៅក្នុងពិធីអបអរសាទរខួបលើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា​ក្រោមប្រធានបទ «សមាគមន៍មនុស្សចាស់ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សា វប្បធម៌ គ្រួសារ និងសង្គមជាតិ» រៀបចំឡើង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ​នៅខេត្តស្វាយរៀង។

រដ្ឋមន្ត្រី វង សូត បានលើកឡើងថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិសម្បទា ក៏បានសម្រេច​នូវសមិទ្ធផលថ្មីៗជាច្រើន ដើម្បីចូលរួមចំណែក ក្នុងការអនុវត្ត គោលនយោបាយសង្គមកិច្ច សំដៅដល់ការបង្កើនសេវាសាធារណៈ ជួយដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម ក្នុងនោះការងារសុខុមាលភាពមនុស្សចាស់ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ស្របតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា។

លោក វង សូត បានបន្ថែមថា លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានដាក់ចេញនូវ​គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបានបង្កើត យុត្តការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់របបគោលនយោបាយ សម្រាប់សេវាសង្គមកិច្ច​ ចំពោះជនចាស់ជរា។

បន្ថែមពីលើនេះ រដ្ឋមន្ត្រី វ​ង សូត បានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាមួយចំនួន រាជរាជដ្ឋាភិបាលអាណត្តិទី៦ បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីជំរុញការអនុវត្ត គោលនយោបាយជាតិសម្រាប់មនុស្សចាស់ តាមរយៈគណៈកម្មាធិការជាតិកម្ពុជា ដើម្បើមនុស្សចាស់ ដោយបន្តពង្រឹងសមាគមមនុស្សចាស់ នៅតាមឃុំ-សង្កាត់ ការជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសមាគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឲ្យបានកាន់តែល្អប្រសើរ ជាពិសេសការជំរុញរៀបចំដំណើរការលើសេវាមនុស្សចាស់ជរា ដើម្បីបណ្តុះបណ្តាលភ្នាក់ងារថែទាំសេ​វាមនុស្សចាស់។

បើតា​មការបញ្ជាក់ឲ្យដឹងពីលោក យៀប ម៉ាលីណូ ប្រធា​ននាយកដ្ឋា​ន​សុខមាលភាពជ​នពិការ នៅថ្ងៃដដែលនេះ ក្រសួងសង្គមកិច្ច​ បានបើកថវិការបបគោលនយោបាយជនពិការក្រីក្រ នៅតាមសហគមន៍ ជូនជនមានពិការភាពចំនួន៣៨៤នាក់ ក្នុងនោះ មានជ​នមានពិការភាព​ធ្ងន់ធ្ងរចំនួន១២៧៣នាក់ ម្នាក់ៗទទួលបានរបបគោលនយោបាយជនពិការក្រីក្រ នៅតាមសហគមន៍ចំនួន២៤ម៉ឺនរៀល។ ចំណែក ជ​នមានពិការភាពកម្រិតមធ្យមវិញ មានចំនួន៤២៥នាក់ ក្នុងម្នាក់ៗទទួលបានរបបគោលនយោបាយជនពិការក្រីក្រ នៅតាមសហគមន៍ ចំនួន១២ម៉ឺនរៀល។

លោក យៀប ម៉ាលីណូ បានបន្ថែមថា សម្រាប់ឆ្នាំ២០១៨នេះ ក្រសួងសង្គមកិច្ច​ បានបើករបបគោលនយោបាយជនពិការក្រីក្រ នៅតាមសហគមន៍ ចំនួន១៦៩៨នាក់(ទាំងជនមានពិការភាពធ្ងន់ធ្ងរ ​និងមធ្យម) នៅទូទាំងខេត្តស្វាយរៀង៕