(សៀមរាប)៖ ​លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី និងលោក​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាខេត្តសៀមរាប ក្នុងឱកាសរដូវកាលដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃមហាគ្រួសារមន្ត្រីរាជការសាលាខេត្តសៀមរាប លោក​បណ្ឌិត ឃឹម ប៊ុនសុង បានមានមតិសំណេះសំណាល ដោយបានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់​របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្ត​អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល​ជាផ្លែផ្កាជាទីមោទនៈក្រៃលែង​។​

លោកអភិបាលខេត្ត ក៏បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិទាំង​មូល ទទួលបានសន្តិភាពពេញលេញ និង​ធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

លោក ឃឹម ប៊ុនសុង ​បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ដែលជាទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ តែងតែធ្វើការ​ជួបសំណេះសំណាលជា មួយ​មន្ត្រីចូលនិវត្តន៍ ដែលជារៀបច្បង និង​មន្ត្រីរាជការ នៃសាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកាដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់ ទៅតាមសេចក្តីតម្រូវការ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ក្នុងការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ​ ដើម្បីឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅសោយសុខក្នុងសុគតិភពផងដែរ។

ក្នុងនោះដែរ អភិបាលខេត្តសៀមរាប ​ក៏បានធ្វើការ​ណែនាំ និងផ្តាំផ្ញើដល់មន្ត្រីរាជការ​សាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង​មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និងធ្វើការគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទ​ និងមានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ។ លោកអភិបាលខេត្ត បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូប​ដល់បណ្តាទីចាត់ការ អង្គភាព និង​តំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងកម្មករអណ្តែតផងដែរ​៕​