(ភ្នំពេញ)៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងបម្រើការងារ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្តែងនូវការកោតសរសើរចំពោះពួកគាត់ដែល បានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលនានាជូនក្រសួង។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយជាថវិកាឧបត្ថម្ភដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងកម្មករនិយោជិតរបស់ក្រសួង សរុបប្រមាណ១,៧១០នាក់ ដោយក្នុងម្នាក់ៗទទួលបាន​៥ម៉ឺនរៀល ជាថវិកាផ្ទាល់របស់លោក និង៥ម៉ឺនរៀលទៀត ជាការឧបត្ថម្ភពីរាជរដ្ឋាភិបាល ដើម្បីបានប្រារព្ធពិធីបុណ្យទាន និងកំសាន្តសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជូនពរដល់មន្រ្តីទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមទទួលបាននូវសំណាងល្អ សុខសុវត្ថិភាពរាល់ពេលធ្វើដំណើរ និងជួបប្រទះនឹងពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ​សូមមានសេចក្តីសុខ ជាមួយក្រុមគ្រួសារ ហើយ​សង្ឃឹមថាមន្ត្រីទាំងអស់ នឹងវិលត្រឡប់ពីថ្ងៃឈប់សម្រាក មកបំពេញការងារវិញប្រកបដោយស្មារតី និងអារម្មណ៍ជ្រះថ្លា ដើម្បីបម្រើផលប្រយោជន៍ប្រជាជនខ្មែរយើងបន្តទៀត៕​​