(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់២០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្ដធុនតូច៣គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងយានយន្ដផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៥០លើក បណ្ដាលឲ្យមនុស្សសា្លប់១៣១នាក់, របួសធ្ងន់២៥១នាក់ និងរបួសស្រាល៨១នាក់៕​