(ព្រះវិហារ)៖ ទោះជាច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្ត និងធ្វើការរឹតបន្តឹងដោយកម្លាំងសមត្ថកិច្ចចម្រុះ ត្រួតពិនិត្យនៅតាមដងផ្លូវនានា យ៉ាងណាក្តី ក៏គេសង្កេតឃើញថាម្ចាស់យានយន្តភាគច្រើន នៅតែមិនគោរពច្បាប់ ក្នុងនោះនៅតែបើកបររថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកជញ្ជូនសំពីងសំពោងដឹកលើសទម្ងន់ គ្មានបណ្ណបើកបរ បណ្ណបើកបរក្លែងក្លាយ ក៏ដូចជាយានយន្ត ពុំមានឯកសារគ្រប់គ្រាន់ជាដើម។

ជាក់ស្តែង ត្រឹមរយៈពេលមួយខែចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានត្រួតពិនិត្យយានយន្ត គ្រប់ប្រភេទសរុប៧១៥គ្រឿង ក្នុងនោះ ត្រួតពិនិត្យឃើញថា ត្រឹមត្រូវចំនួនតែ២៣៨គ្រឿង រថយន្តត្រូវកាត់ទ្រុងចំនួន៧គ្រឿង រថយន្តដឹកសំពីងសំពោងចំនួន៩៧គ្រឿង រថយន្តខ្វះឯកសារ២៥២គ្រឿង រថយន្តឯកសារក្លែងក្លាយ១៦គ្រឿង រថយន្តដាក់រានខាងក្រោយ១៩គ្រឿង គ្មានបណ្ណបើកបរ៤៩នាក់ បណ្ណបើកបរក្លែងក្លាយ១៨នាក់ និងរថយន្តគ្មានស្លាកលេខ១៩គ្រឿងផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា «បើប្រៀបធៀបរថយន្ត ដែលយើងធ្វើការត្រួតពិនិត្យ និងរថយន្តដែលយើងពិនិត្យឃើញថា ត្រឹមត្រូវ គឺឃើញថា តួលេខនេះខុសគ្នាជាងពាក់កណ្តាល បានន័យថា រថយន្តដែលចរាចរណ៍នៅតាមដងផ្លូវភាគច្រើន គឺមិនគោរពច្បាប់ចរាចរណ៍ បើទោះបីជាបច្ចុប្បន្ន ក្រុមការងារត្រួតពិនិត្យយានយន្ត ខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ ធ្វើការត្រួតពិនិត្យទាំងយប់ទាំងថ្ងៃនៅតាមដងផ្លូវនានាក៏ដោយ»

លោកប្រធានមន្ទីរសាធារណការខេត្ត បានឲ្យដឹងទៀតថា គោលបំណងដែលក្រុមការងារត្រួតពិនិត្យយានយន្ត តែងធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមដងផ្លូវ គឺក្នុងគោលបំណងឲ្យ អ្នកបើកបរយានយន្តទាំងឡាយ គោរពច្បាប់ចរាចរណ៍ មិនមែនចង់បានថវិកាបានមកពីការផាកពិនយ័នោះទេ។

លោកថា បើយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះពិតជាធ្វើអោយយើងទទួលបាននូវសេចក្តីសុខដល់ខ្លួនយើង ដល់ក្រុមគ្រួសារយើងក៏ដូចជាអ្នកដ៍ទៃផងដែរ។ ប៉ុន្តែបើយើងមិនគោរពច្បាប់ចរាចរណ៍ទេនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យទៅតាមច្បាប់បណ្តាលឲ្យយើងខាតបង់ថវិកា ពេលខ្លះក៏អាចប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃជាក់ជាមិនខាន។

ស្របពេលនិងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោក សំ លាងទ្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ពោលគឺរាល់ពេលបើកបរធ្វើដំណើរទៅកាន់ទីវត្តអារ៉ាម ឫទៅកាន់កន្លែងកំសាន្តនានា សូមប្រកបដោយសុខសុវត្ថិភាពជួបជុំគ្រួសារ មានការសប្បាយរីករាយ ធ្វើយ៉ាងណាកុំឲ្យដំណើរកំសាន្តសប្បាយរបស់យើង ប្រែក្លាយជាទុក្ខ ដោយសមាជិកគ្រួសារ មានគ្រោះថ្នាក់ ឫបាត់បង់ជីវិតដោយករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យសោះ៕