(ភ្នំពេញ)​៖ លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានបញ្ជាក់​ថា ដើម្បីធ្វើឲ្យវិស័យកសិកម្មកាន់តែមានភាព​ជឿនលឿន សាកលវិទ្យាល័យ​បាននិងកំពុងព្រឹងជម្រុញខ្លួន កាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍ សមត្ថភាពឲ្យកាន់តែសកម្ម ក្នុងការ​ជួយបណ្ដុះបណ្ដាដល់យុជនជំនាន់ថ្មី ដែលសិក្សាផ្នែកកសិកម្ម​ឲ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការរៀននូវបច្ចេកទេស ដែលមានក្ខណៈសមស្រប​ជាមួយស្ថានភាពសេដ្ឋកិច្ច​បច្ចុប្បន្ន​ទៅថ្ងៃអនាគត។

លោក ង៉ោ ប៊ុនថាន ថ្លែង​ក្នុងសន្និសីទផ្សព្វផ្សាយលទ្ធផល «គម្រោង​បណ្ដាញសាកលវិទ្យាល័យ និង​សហគ្រាស សម្រាប់ការ​បណ្ដុះបណ្ដាលអំពីចំណីអាហារ នៅតំបន់អាស៊ីអាគ្នេយ៍» នៅថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ​ថា «សាកលវិទ្យាល័យភូមិន្ទកសិកម្ម បច្ចុប្បន្ន​នេះកំពុងតែជម្រុញខ្លួន​យ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួន​ដើម្បីធ្វើយ៉ាងណា​សំដៅបណ្ដុះបណ្ដាល​ឲ្យយុវជនជំនាន់ថ្មី​របស់យើង ដែលមានចំណាប់អារម្មណ៍ សិក្សាផ្នែក​កសិកម្មហ្នឹង ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ហើយរៀននូវបច្ចេកទេស​ដែលមានលក្ខណៈ​សមស្រប ជាមួយ​ស្ថានភាព​សេដ្ឋកិច្ចបច្ចុប្បន្ន និងទៅអនាគត»។

លោកបានបន្តថា ចំពោះសម្រាប់អាណត្តិ​រាជរដ្ឋាភិបាលថ្មីនេះ គឺសាកលវិទ្យាល័យភូមិន្ទ​កសិកម្ម នឹងចូលរួមចំណែកយ៉ាងធំធេងដើម្បីធ្វើការបណ្ដុះបណ្ដាល មនុស្សក្នុងវិស័យកសិកម្ម នេះឲ្យកាន់តែច្រើនបន្ថែមទៀត។

លោកបានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្ត១០ឆ្នាំ​ចុងក្រោយរបស់សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម បានចែងយ៉ាងច្បាស់ថា ទិសដៅរួមរបស់សាកលវិទ្យាល័យ រួមមាន៖ សកម្មក្នុងការស្រាវជ្រាវ និងនិវានុវត្តន៍ ក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ សម្រាប់ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ក្នុងវិស័យកសិកម្ម ឲ្យប្របកដោយគុណភាព ដើម្បីចូលរួមចំណែក​ក្នុងការជម្រុញ​កំណើន​សេដុ្ឋជាតិ និងមានការទទួលស្គាល់ទូលំទូលាយ​ទាំងក្នុងកម្រិតជាតិ និងអន្តជាតិ៕