(ភ្នំពេញ)៖ ទីបផុត! ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ឌុច សុខសារិន នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រម ផ្តន្ទាទោសជនត្រូវចោទចំនួន០៥នាក់ ក្នុងនោះមានមន្រ្តីអាដហុក៤នាក់ និងមន្រ្តីគ.ជ.បម្នាក់ ដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវបានព្យួរ ដោយមិនឱ្យអនុវត្តឡើយ។

ជនត្រូវចោទទាំងនោះរួមមាន៖ ១៖ លោក នី ចរិយ៉ា (មន្រ្តីគជប), ២៖ លោក ណៃ វ៉ង់ដា (មន្រ្តីអាដហុក), ៣៖ លោក យី សុខសាន្ត (មន្រ្តីអាដហុក), ៤៖ លោក នី សុខា (មន្រ្តីអាដហុក) និង៥៖ អ្នកស្រី លឹមមុន្នីុ (មន្រ្តីអាដហុក)។

គួររំលឹកថា កាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅនេះ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី មន្ត្រីសមាគមអាដហុកត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សីតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទ ប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីតាមមាត្រា២៩ និងមាត្រា៥៤៨នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទាំង៥នាក់ ត្រូវ​បាន​តុលាការ​ឃុំខ្លួន នៅក្នុងពន្ធនាគារ​អស់​រយៈពេល​ជាង១ឆ្នាំ ហើយបន្ទាប់មកត្រូវបានតុលាការ សម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីចុងខែមិថុនា ឆ្នាំ២០១៧៕