(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការរៀបចំខ្លួន លក្ខណៈសម្បត្តិ សមត្ថភាព និងឥរិយាបទរបស់បុគ្គល William Guang មិនសាកសមនៅក្នុងស្ថាប័ន «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដែលជាស្ថាប័នដ៏ខ្ពង់ខ្ពស់និងមានតម្លៃសម្រាប់បម្រើជាតិ។

ការលើកឡើងរបស់លោកបណ្ឌិត គិត ភា នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានធ្វើបន្ទាប់ពីបានឃើញកាយវិការ សម្តីសម្តៅ ការរៀបចំខ្លួន និងរបៀបរបបធ្វើការមិនសមរម្យរបស់លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ឬគេស្គាល់ឈ្មោះតាមសូរសៀងភាសាបរទេសថា William Guang ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ។

លោកបណ្ឌិត គិត ភា បានសរសេររៀបរាប់នៅលើ Facebook ផ្លូវការរបស់លោកបណ្ឌិតយ៉ាងដូច្នេះថា៖ «រូបថតប៉ុន្មានសន្លឹកដែលបង្ហោះដោយអង្គភាពព័ត៌មាន Fresh News និងវីដេអូឃ្លីបកាលប៉ុន្មានថ្ងៃមុនដែលឃើញមានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ម្នាក់ ជេរបញ្ចោរស្រីៗ និងប្រើពាក្យអសុរសកប់ៗមាត់, បានធ្វើឱ្យរាស្ត្រមាន ភាពមន្ទិលពីសមត្ថភាព នៃសមាជិកនៃឧត្តមក្រុមប្រឹក្សាមួយនេះ ដែលសុទ្ធតែមានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដោយទទួលប្រាក់ខែពីរាជការច្រើនគួរសមដែលជាប្រាក់ បង់ពន្ធរបស់រាស្ត្រ។ ការរៀបចំខ្លួន លក្ខណៈសម្បត្តិ សមត្ថភាព និងឥរិយាបទបុគ្គល អាចប៉ះពាល់ដល់ស្ថាប័នទាំងមូល។ កាលពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា (១៩៧៩-១៩៩៣) មុនតែងតាំងមន្ត្រីណាម្នាក់ឱ្យកាន់តួនាទីណាមួយ មិនថាតូចឬធំទេ, គេសិក្សាពីប្រវត្តិរូបមន្ត្រីនោះល្អិតល្អន់ណាស់ មិនមែនដូចបច្ចុប្បន្ននេះទេ»

លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង មិនសូវជាមានអ្នកស្គាល់សាវតារបស់គេច្បាស់នោះឡើយ។ យុវជនរូបនេះ មានប្រភពមួយចំនួនអះអាងថា បានចាប់ផ្តើមប្រឡូកក្នុងសង្គម នយោបាយកាលពីអំឡុងឆ្នាំ២០១៣ ក្រោមចលនារបស់អតីតគណបក្សសង្គ្រោះជាតិ ដូចទៅនឹងកញ្ញា ធី សុវណ្ណថា ផងដែរ។ លុះក្រោយមកគេបានស្គាល់យុវជនរូបនេះ លើបណ្តាញសង្គម Facebook តាមរយៈសាររិះគន់នានាមកលើរាជរដ្ឋាភិបាល ក៏ដូចជាសកម្មភាពបង្ហាញភាពស៊ីវិល័យ លើទ្រព្យសម្បត្តិរបស់គេដូចជា ការបង្ហាញគ្រឿងអលង្ការ ពាក់ជាប់នឹងខ្លួន និងការបង្ហាញភាពទំនើបនៃផ្ទះសម្បែង និងរថយន្តរបស់ខ្លួនជាដើម។

លុះដល់ឆ្នាំ២០១៨ មុនព្រឹត្តិការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតែប៉ុន្មានខែប៉ុណ្ណោះ លោក William Guang ក៏បានបង្កើតគណបក្សនយោបាយមួយឈ្មោះថា «ខ្មែរក្រោក» ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត។ គេនៅចាំបានថា លោក William Guang បានយកឈ្មោះបក្សរបស់ខ្លួនទៅចុះបញ្ជីនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្រោយគេ ហើយក៏ដល់ម៉ោងបិទបញ្ចប់ការទទួលពាក្យទៅហើយ។ តែដោយការពិនិត្យលទ្ធភាពផ្សេងៗពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏សម្រេចទទួលពាក្យសុំចុះគណបក្សនយោបាយមួយនេះ។

ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅគណបក្សខ្មែរក្រោករបស់ William Guang ទទួលបានសំឡេងគាំទ្រតែជាង ២ម៉ឺនសំឡេងប៉ុណ្ណោះ ពោលមិនអាចដណ្តើមបានអាសនៈនៅក្នុងរដ្ឋសភាបាននោះឡើយ។ ដោយឈរលើទស្សនៈបង្រួបបង្រួម និងប្រមូលរាល់ទស្សនៈបញ្ញាស្មារតីមកពីគ្រប់គណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោត និងចង់ឲ្យថ្នាក់ដឹកនាំគណបក្សនយោបាយនោះ ទទួលបានឱកាសបម្រើជាតិ និងមាតុភូមិ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី មកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលនោះ ក៏សម្រេចស្នើសុំព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បង្កើតស្ថាប័នមួយមានឈ្មោះ «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»។

ស្ថាប័ន «ឧត្តមពិគ្រោះ និងផ្តល់យោបល់» ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាបង្កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។ ស្ថាប័ននេះ បានផ្តល់តួនាទីឲ្យប្រធាន និងអនុប្រធានមកពីគណបក្សនយោបាយចំនួន៥ ដែលជាសមាជិកនៃស្ថាប័នមួយនេះ មានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីថែមទៀតផងដែរ ដើម្បីងាយស្រួលក្នុងការចូលរួមធ្វើការងារបម្រើរាជរដ្ឋាភិបាល។ ជាពិសេសពួកគេអាចរាយការណ៍ដោយផ្ទាល់អំពីភាពអសកម្មនានាក្នុងការងាររបស់អាជ្ញាធរទៅកាន់សម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ថែមទៀតផង។

តាមរយៈនយោបាយប្រមូលផ្តុំធនធានបញ្ញាបម្រើជាតិរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើឲ្យលោក William Guang ក្លាយជាសមាជិកជាន់ខ្ពស់មួយនៃស្ថាប័ន «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដោយមានឋានៈស្មើទេសរដ្ឋមន្ត្រី។ ការឈរក្នុងឋានៈស្មើទេសរដ្ឋមន្ត្រី William Guang កំពុងនាំឲ្យមានការតិះដៀល រិះគន់ និងសម្តែងការមិនពេញចិត្តមួយចំនួនទៅលើរូបលោកផងដែរ។

ការតិះដៀល រិះគន់ និងសម្តែងការមិនពេញចិត្តនេះ បន្ទាប់ពីមានការមើលឃើញនូវកាយវិការ សម្តីសម្តៅ និងរបៀបរបបធ្វើការមួយចំនួនរបស់លោក William Guang មិនបានសមរម្យឲ្យសមទៅនឹងតួនាទី និងឋានៈដែលស្មើនឹងទេសរដ្ឋមន្ត្រីនោះ។ ទេសរដ្ឋមន្ត្រី គឺជាឧត្តមមន្ត្រីដែលគួរតែមានប្រសើរខ្ពង់ខ្ពស់ទាំងចំណេះវិជ្ជា និងចរិយាសម្បត្តិផងដែរ។ ផ្ទុយទៅវិញលោក William Guang ត្រូវបានគេអះអាងថា កំពុងធ្វើសកម្មភាពដោយមិនយល់អំពីច្បាប់ទម្លាប់ មានចរិតក្រអើតក្រទម និងក្អេងក្អាងច្រឡោមខាងថែមទៀតផង។ លើសពីនោះការរៀបចំខ្លួនប្រាណទៀតសោតមិនសមជាមន្ត្រី ដែលមានភាពឧត្តុងឧត្តមជាទីគួរឲ្យគោរពពីប្រជាពលរដ្ឋនោះឡើយ។

ក្រៅពីចរិតទាំងនេះទៅនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រូបពីភាពពីអតីតកាលរបស់លោក William Guang ដែលមានស្នាសាក់ពេញខ្លួន ព្រមទាំងរឿងអាស្រូវក្នុងគ្រួសារ និងសកម្មភាពឆបោកផ្សេងៗ ក៏កំពុងនាំឲ្យមានការរិះគន់ និងមានការមិនពេញចិត្តទៅលើលោក William Guang ផងដែរ។

លោកបណ្ឌិត គិន ភាព មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «សកម្មភាព និងកាយវិការទាំងនេះ បានធ្វើឲ្យរាស្ត្រមានភាពមន្ទិលពីសមត្ថភាព នៃសមាជិកនៃឧត្តមក្រុមប្រឹក្សាមួយនេះ ដែលសុទ្ធតែមានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី និងទទួលប្រាក់ខែពីរាជការច្រើនគួរសម ដែលជាប្រាក់បង់ពន្ធរបស់រាស្ត្រ។ ការរៀបចំខ្លួន លក្ខណៈសម្បត្តិ សមត្ថភាព និងឥរិយាបទបុគ្គលអាចប៉ះពាល់ដល់ស្ថាប័នទាំងមូល»។

មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភារូបនេះ ក៏បានរំលឹកពីការជ្រើសមន្ត្រីនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ពីឆ្នាំ១៩៧៩ ដល់១៩៩៣ផងដែរ។ លោក គិន ភា បានបញ្ជាក់ថា ក្នុងសម័យនោះ មុនតែងតាំងមន្ត្រីណាម្នាក់ឲ្យកាន់តួនាទីណាមួយ មិនថាតូចឬធំទេ គេសិក្សាពីប្រវត្តិរូបមន្ត្រីនោះល្អិតល្អន់ណាស់ មិនមែនដូចបច្ចុប្បន្ននេះឡើយ។

ក្រៅពីលោក គិន ភា នៅមានសាធារណជនជាច្រើនទៀត សុទ្ធតែបានបង្ហាញការមិនពេញចិត្តចំពោះកាយវិការ សកម្មភាពរបស់ និងរបៀបរបបធ្វើការរបស់លោក William Guang ក្នុងនាមជាសមាជិក «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»។

ក្នុងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងមាត្រា១ បានគូសបញ្ជាក់ថា ការបង្កើតស្ថាប័ននេះ មានគោលបំណងលើកស្ទួយ របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធនធាននៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការអភិវឌ្ឍជាតិ និងនាំមកនូវប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។

សាធារណៈមតិមួយចំនួនបានលើកឡើងថា ប្រសិនបើចង់ចូលរួមដោះស្រាយបញ្ហារបស់ជាតិពិតប្រាកដ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គួរចេះប្រើតួនាទី និងឋានៈខ្លួនឲ្យបានត្រឹមត្រូវទៅតាមនីវិធីបែបបទរដ្ឋបាល និងផ្លូវច្បាប់នានា។ ពោលមុនចុះទៅស៊ើបអង្កេតលើបញ្ហាអសកម្មអ្វីមួយ គួរចេះសុំកិច្ចសហការពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលឯកសារពាក់ព័ន្ធ និងចុះត្រួតពិនិត្យជាក់ស្តែងប្រមូលយកព័ត៌មានពាក់ព័ន្ធទាំងអស់ ដាក់ក្នុងកិច្ចប្រជុំធ្វើសេចក្តីសន្និដ្ឋានចុងក្រោយណាមួយ និងដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីធ្វើសេចក្តីសម្រេចចុងក្រោយ។

ពួកគេមិនគួរបានត្រឹមតែចុះទៅស្រែកឡូងៗ ប្រើកាយវិការច្រងេងច្រងាងដោយគ្មានមូលដ្ឋាន ឬឯកសារឲ្យបានច្បាស់លាស់នៅក្នុងដៃទៅលើរឿងណាមួយដែលខ្លួនគិតថាមិនត្រឹមត្រូវ ឬមានបញ្ហា ហើយផ្សាយតាម Facebook ជូនប្រជាពលរដ្ឋនោះទេ។ ការធ្វើរបៀបនេះ គ្រាន់តែជាទូងស្គដើម្បីសាងប្រជាប្រិយភាពខ្លួន ហើយបង្កការភ័ន្តច្រឡំដល់សាធារមតិ ឬអាចឈានដល់ការបង្កទៅជាភាពអសកម្មក្នុងសង្គមទៅវិញ។ បើធ្វើរបៀបនេះ វាមិនខុសអ្វីពីក្រុមអតីតគណបក្សសង្គ្រោះជាតិ ដែលមិនបានគិតដល់ប្រយោជន៍ជាតិជាធំ មិនគិតថាអ្វីចំណេញ ឬខាតសម្រាប់ជាតិ និងប្រជាជន ហើយគិតតែបំផុសប្រជាពលរដ្ឋរាំងខ្ទប់ចំពោះកិច្ចដំណើរការរបស់ជាតិ និងការអភិវឌ្ឍនានាទៅវិញ៕