(ភ្នំពេញ)៖ ដោយការប្រតិបត្តិតាមប្រពៃណីព្រះពុទ្ធសាសនានៅកម្ពុជា លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែកញ្ញានេះ បានដឹកនាំថ្នាក់ដឹកនាំ-មន្ត្រី នៃក្រសួងការងារ ចូលរួមក្នុងពិធីកាន់បិណ្ឌ (បិណ្ឌ១) នៅវត្តសារាវ័ន្តតេជោ រាជធានីភ្នំពេញ ក្នុងនោះលោកដ្ឋមន្ត្រីបានប្រគេនបច្ច័យមួយចំនួន សម្រាប់កសាងសមិទ្ធផលក្នុងវត្ត ប្រគេនព្រះសង្ឃ ជូនយាយជីតាជី និងសិស្សានុសិស្ស សរុបថវិកាមានចំនួន ១៥,៧៥០,០០០រៀល។

ក្នុងពិធីកាន់បិណ្ឌ១នេះ គេក៏សង្កេតឃើញមានប្រជាពុទ្ធបរិស័ទជាច្រើននាក់ បានមូរមីនាំគ្នាទៅធ្វើបុណ្យទានចាប់មគ្គផលរៀងៗខ្លួន រួមជាមួយការប្រតិបត្តិការធម៌អារ្យតាមព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ខណៈប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តថភាពសង្គមនេះ សបញ្ជាក់ឱ្យឃើញថា វិស័យអាណចក្រ និងពុទ្ធចក្រនៅកម្ពុជា កំពុងមានសុខដុមរមនានឹងគ្នាយ៉ាងសម្បូរសប្បាយ ក្រោមល្អងធូលីព្រះបាទ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ព្រះឃោសាវិសុទ្ធិ ស៊ឹម សយ៉ុង ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់ សម្តេចសង្ឃ ទេព វង្ស និងជាព្រះចៅអធិការវត្តសារាវ័ន្តតេជោ បានមានសង្ឃដីកាថា ពិធីបុណ្យភ្ជុំជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជាប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះគេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយឱ្យបានទទួល ព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ៕