(តាកែវ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ដែលមានតែសម័យតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែមួយរូបទេ ដែលមានសមត្ថភាពដឹកនាំការបង្រួបបង្រួមជាតិ និងថែរក្សាការពារសុខសន្តិភាពជាមួយប្រជាពលរដ្ឋខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ ហើយនៅពេលចេញទៅក្រៅប្រទេស លែងមានអ្នកមាក់ងាយខ្មែរទៀតហើយ។

លោកឧត្តមសេនីយ៍ឯក លើកឡើងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញសម្ពោធដងទង់ និងសមិទ្ធផលមួយចំនួននៅក្នុងវត្តភ្នំដា ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ដែលវត្តមានលោក ហ៊ុន ម៉ាណែត ក្នុងឱកាសនោះ គឺក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឱ្យដឹងថា នេះគឺជាមោទនភាពដែលសមិទ្ធផលទាំងអស់នេះ ត្រូវបានសម្ពោធក្នុងនាមតំណាងសម្ដេចតេជោ នាពេលនេះ គឺជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ និងប្រជាពរដ្ឋនៅទីជិតឆ្ងាយផងដែរ។ នៅមានសមិទ្ធផលជាច្រើនទៀតដែលបានកសាង និងសម្ពោធនៅក្នុងប្រទេស ជាពិសេសនៅក្នុងខេត្តតាកែវ។ ប្រជាពលរដ្ឋអបអរសាទរសមិទ្ធផលរបស់ជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរបានរួមគ្នាកសាងឡើង ដើម្បីទុកឱ្យកូនចៅប្រជាពលរដ្ឋជំនាន់ក្រោយ ជាពិសេសនៅក្នុងវិស័យព្រះពុទ្ធសាសនានេះតែម្ដង។

លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទទាំងអស់ ដែលបានរួមគ្នាកសាងសមិទ្ធផលនេះឡើង។ ផ្ដោតសំខាន់លើការកសាងវត្តអារាម សាលារៀន ផ្លូវថ្នល់ ដើម្បីឱ្យកូនចៅមានឱកាសរៀនសូត្រមានការងារធ្វើកុំឱ្យលំបាកដូចជំនាន់មុន។ ដូច្នេះការចូលរួម និងការគៀងគរសប្បុរសជន គឺសំខាន់ណាស់ បើមិនមានការខិតខំពីសំណាក់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងការចូលរួមពីសប្បុរសជននោះទេ មិនមានការរីកចម្រើននោះឡើយ។ នេះជាការចែករំលែកប្រកបដោយទឹកចិត្ត លទ្ធភាព និងសុខសន្តិភាព។

លោកបន្តថា UNTAC ប្រើថវិកាអស់រាប់ពាន់លានមិនអាចស្វែងរកសុខសន្តិភាពពេញលេញនោះទេ ខ្មែរទើបតែទទួលបានសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដោយសារយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្តេចតេជោ ធ្វើឱ្យមានសុខសន្តិភាពក្នុងរយៈពេលជិត២០ឆ្នាំនេះ ហើយបានបញ្ចប់សង្គ្រាមរយៈពេលជាង៥០០ឆ្នាំ។

ដូចនៅក្នុងផ្លូវធម៌ ភាពអំណត់ សច្ចធម៌ ការខិតខំធ្វើអំពើល្អហ្នឹងហើយ គឺជាជោគជ័យ។ គណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យ បានបញ្ចប់សង្រ្គាមនៅក្នុងរយៈពេល២០ឆ្នាំនេះ ដោយមិនមានការសងសឹក កម្ពុជាបានរំងាប់មិនឱ្យមានការសងសឹក បើកម្ពុជានៅតែសងសឹកគ្នា តើថ្ងៃណាចប់។ មនុស្សដែលសម្ដេចតេជោ ហ៊ុន សែន ហៅមកធ្វើការជាមួយគ្នា រួមមានអតីតខ្មែរក្រហម ប៉ុន្តែសម្តេចមិនដែលចងពៀរនោះទេ គឺចូលមកធ្វើការជាមួយគ្នា គណបក្សណាក៏ដោយមកធ្វើការជាមួយគ្នា មិនរើសអើងនរណាទាំងអស់ នឹងហើយយើងធ្វើបុណ្យ យើងរួបរួមគ្នា យើងជោគជ័យ បានយើងមានសុខសន្តិភាព សុខសប្បាយមកដល់ថ្ងៃនេះ។

លោកបន្ថែមថា ប្រជាពលរដ្ឋជាង៨៣ភាគរយ បានទៅបោះឆ្នោត បានន័យថា ប្រជាពលរដ្ឋបានយល់អំពីតម្លៃនៃសិទ្ធិរបស់ខ្លួន ដើម្បីសេចក្តីសុខសន្តិភាព និងខ្លួនមានឱកាសបន្តជីវភាពរស់នៅបន្តទៅទៀត។ ប្រជាពលរដ្ឋមានការធុញទ្រាន់ណាស់ ពេលក្រោយបោះឆ្នោតម្ដងៗធ្វើអ្វីមិនចេញ បាតុកម្មប្រើហិង្សា។ ប៉ុន្តែសាររបស់ប្រជាពលរដ្ឋជាង៨៣ភាគរយ បីដូចជាការទះកំផ្លៀងគណបក្សប្រឆាំង និងអ្នកនយោបាយមួយចំនួន ដែលចង់បំផ្លាញសុខសន្តិភាព បំផ្លាញឆ្នាំងបាយរបស់ប្រជាពលរដ្ឋ៕