(ភ្នំពេញ)៖ បន្ទាប់ពីលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា កាលពីថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បានធ្វើវេទិកាដោយថ្លែងអំពីរឿងនយោបាយ មួយចំនួនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ នៅឯទីក្រុងលីយ៉ុង ប្រទេសបារាំង។ ត្រង់ចំណុចនេះលោក សួន សេរីរដ្ឋា អតីតប្រមុខដឹកនាំគណបក្សអំណាចខ្មែរ បានថ្លែងវាយប្រហារចំៗតាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា វាជារឿងដែលអស់សំណើចបំផុត ដែលជានិច្ចកាល គេតែងឃើញអនុប្រធានក្រុមផ្សាយភាសាខ្មែរ នៃវិទ្យុអាស៊ីសេរី (ជុន ចាន់បុត្រ) ចេញមុខមាត់ធ្វើវេទិការ និយាយនយោបាយ និងឆ្លើយសំណួរនយោបាយ ជាមួយបងប្អូនខ្មែរនៅក្រៅប្រទេស ដែលរូបភាពទាំងអស់នោះ វាមិនមែនជារូបភាពជាអ្នកសារព័ត៌មាន ចុះទៅយកព័ត៌មានទេ តែវាជារូបភាពវាលគ្មិនអ្នកនយោបាយ ទៅធ្វើវេទិកានយោបាយ។

តើក្រុមវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ជាក្រុមអ្នកសារព័ត៌មានធ្វើព័ត៌មាន ឬក៏ជាក្រុមអ្នកនយោបាយដែលកំពុងធ្វើនយោបាយ ?

លោក សួន សេរីរដ្ឋា បានលើកឡើងយ៉ាងដូច្នេះថា «តាមខ្ញុំដឹងក្រមសីលធម៌ របស់វិទ្យុអាស៊ីសេរី ដែលបង្កើតដោយសភាសហរដ្ឋអាមេរិក គឺមិនបានអនុញ្ញាតឲ្យអ្នកយកព័ត៌មានវិទ្យុនេះ ទៅធ្វើសកម្មភាពបែបដូច ជុន ចាន់បុត្រ បានធ្វើកន្លងមក និងកំពុងធ្វើនេះទេ។ តែបើទៅធ្វើជាអ្នកឧទ្ទេសនាម បង្រៀន និយាយពីវិជ្ជាជីវៈសារព័ត៌មានក្នុងសិក្ខាសាលានោះគឺអនុញ្ញាត ដើម្បីបង្ហាញបទពិសោធន៍ និងបង្រៀន។ តែការចេញធ្វើវេទិកានិយាយនយោបាយ ធ្វើសកម្មភាពទ្រគណបក្សមួយ ហើយប្រឆាំងគណបក្សមួយ និងរើសអើងគណបក្សផ្សេងទៀតនោះ វាជាអំពើក្បត់វិជ្ជាជីវៈសារព័ត៌មានផង និងក្បត់ក្រមវិន័យដែលសភាសហរដ្ឋអាមេរិក បង្កើតវិទ្យុនេះផង»។

«តើថ្នាក់ដឹកនាំក្រុម Board of Governor នៃវិទ្យុអាស៊ីសេរី បានដឹងពីសកម្មភាពនេះទេ ? តើដែលឃើញក្រុមវិទ្យុអាស៊ីសេរី ជាភាសាផ្សេងទៀត គេដើរធ្វើដូច ជុន ច័ន្ទបុត្រ ដែលលើសពីអ្នកសារព័ត៌មានដូចនេះទេ ? រឿងពិតដែលត្រូវផ្សាយឲ្យពលរដ្ឋដឹងការពិត គឺវិទ្យុអាស៊ីសេរីជាភាសាខ្មែរ មិនហ៊ានផ្សាយឡើយ សូម្បីព័ត៌មានពីលទ្ធផលស្ទាបស្ទង់មតិ ពលរដ្ឋពីការទទួលស្គាល់ ឬមិនទទួលស្គាលរដ្ឋាភិបាល ដែលវិទ្យុនេះធ្វើខ្លួនឯងក៏ដោយ» នេះបើយោងតាមការលើកឡើងរបស់លោក សួន សេរីរដ្ឋា ឲ្យដឹងយ៉ាងដូច្នេះ។

សូមជំរាបថា កាលពីយប់ថ្ងៃទី១៣​​ ខែកញ្ញា ឆ្នាំ២០១៨ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានសរសេរលិខិតចំហរមួយច្បាប់ផ្ញើជូនវិទ្យុអាស៊ីសេរី ឲ្យហ៊ានយកលទ្ធផល ពិតនៃការស្ទង់មតិលើបណ្តាញសង្គម Facebook របស់វិទ្យុអាស៊ីសេរី មកធ្វើជាព័ត៌មានពិត ដើម្បីផ្សាយឲ្យពលរដ្ឋបានដឹង និងបកប្រែជាភាសាអង់គ្លេសឲ្យចំចំណុចដើម្បីផ្ញើជូន Board of Governor នៃវិទ្យុអាស៊ីសេរី។ ហើយបើសិនជា វិទ្យុអាស៊ីសេរី មិនហ៊ានយកលទ្ធផលនេះផ្សាយបានន័យថា វិទ្យុអាស៊ីសេរី នេះគឺក្រុមគ្មានវិជ្ជាជីវៈ គ្មានឯករាជ្យ និងមិនហ៊ានលើកយកការពិតមកនិយាយទេ។

ប៉ុន្តែនៅទីបំផុតការស្ទង់មតិត្រូវបានបញ្ចប់ ប៉ុន្តែអាស៊ីសេរី មិនក្លាហាន ហ៊ានផ្សព្វផ្សាយអំពីលទ្ធផលពិតនៃការគាំទ្រដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នោះទេ៕