(ភ្នំពេញ)៖ នៅរសៀលថ្ងៃច័ន្ទ ១៥តើត ខែភទ្របទ ឆ្នាំច ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រីសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងលោក លោកស្រី សមាជិក សមាជិកាខុទ្ទកាល័យគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងមន្រី្តអ្នកមុខអ្នកការ ព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃរាប់បាតបង្សុកូល នមសការព្រះរតនត្រ័យ ឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជំន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៏ ប៉ុល ពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខន្ធ អ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកផងដែរថា បុណ្យភ្ជុំបិណ្ឌត្រូវបានពុទ្ធសាសនិកខ្មែរ ធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោច ខែភទ្របទ (ចន្លោះខែ កញ្ញា)។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះ ដោយការយកទេយ្យទានផ្សេងៗ មានអាហារជាដើមទៅផ្គត់ផ្គង់ ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សារយៈពេល១៥ថៃ្ងគត់។

ដោយហេតុពុទ្ធសាសនិក មានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ង និង ដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេណគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ង ចាប់ពីថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទ ហើយឲ្យឈ្មោះថា វេណទី ដល់ វេណទី១៤។ រយៈពេល១៤ថៃ្ងនេះ ឲ្យឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ។ ចំណែកថ្ងៃ ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសបរិស័ទ គ្រប់វេណទាំងអស់បានមកជួបជុំគ្នា ធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ ១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះឲ្យឈ្មោះថា ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ ៕