(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី សុខ សុវណ្ណ សាប៊ង់ ត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយក្មេងស្ទាវមួយរូបដែលកើតចេញពីអ្នកលេង Facebook និងឡើងងារជាឯកឧត្តម ដោយសារការ ចាញ់ឆ្នោត និងមានឈ្មោះក្រៅផ្លូវការជាច្រើនទៀតនោះ ត្រូវបានគេមើលឃើញថា កំពុងតែប្រើប្រាស់វោហាស័ព្ទខុសទំនងស្វែងរកភាពល្បីល្បាញផ្ទាល់ខ្លួន បើទោះជាប៉ះពាល់ទៅលើ អ្នកដ៏ទៃក៏ដោយ ធ្វើមិចអោយតែខ្លួនឯងបានល្បី។

នៅសុខៗ ឯកឧត្តមទេសរដ្ឋមន្ត្រីរូបនេះបានប្រើប្រាស់អាកខោនហ្វេសប៊ុកឈ្មោះ William Guang សរសេរធ្វើការចោទប្រកាន់ទាំងមិនយល់ពីច្បាប់មកលើអង្គភាពព័ត៌មាន Fresh News ថា «កំពុងចូលរួមការពារអំពើខុសច្បាប់ រួមទាំងឃុបឃិតពីមន្ត្រីខិលខូចមួយចំនួនដែលកំពុងចាក់ថ្មលុបសមុទ្ររំលោភច្បាប់ ចូលរួមបំភ័ន្តសាធារណៈមតិ» ទៅវិញ។

ការចោទប្រកាន់ដោយគ្មានឯកសារ គ្មានភស្តុតាងច្បាស់លាស់ក្នុងការធ្វើជាសំអាងផ្លូវច្បាប់ និងគតិយុត្តិ ដោយគ្រាន់តែមើលឃើញនិងឮគេថា របស់ឯកឧត្តមទេសរដ្ឋមន្ត្រីស្ទាវរូបនេះ តាមពិតវាគ្រាន់តែជាល្បិចដើម្បីធ្វើឲ្យខ្លួនឯងបានល្បី ក្នុងរឿងអាក្រក់ដោយមិនចំណាយដើមទុនតែប៉ុណ្ណោះ។ ក្នុងនាមខ្លួនជាមន្ត្រីជាន់ខ្ពស់របស់ជាតិ មុនសរសេរ មុននិយាយ ហាស្ដី ចោទគេ ចោទឯង គួរតែធ្វើការស្រាវជ្រាវសួរនាំពិនិត្យមើលឯកសារភស្តុតាងឲ្យបានគ្រប់ជ្រុងជ្រោយ ជាមុនសិន។

តាមពិតពាក់ព័ន្ធអត្ថបទដែលបានចេញផ្សាយពីគម្រោងអភិវឌ្ឍនៅតំបន់ពយកំពេញរបស់ Fresh News ចេញផ្សាយគឺយោងតាមឯកសារច្បាប់ និងសេចក្តីប្រកាសរបស់គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា ដែលមានឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាប្រធាន, លោក ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ និងលោក សាយ សំអាល់ ជាអនុប្រធាន​ នៃគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា វាមិនដូចទៅនឹងអ្វីដែលលោកទេសរដ្ឋមន្ត្រីក្មេងស្ទាវធ្វើការចោទប្រកាន់ទាំងងងើល មិនដឹងខ្យល់នោះឡើយ។

គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយដោយអះអាងថា តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ដែលកំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរថ្មឲ្យទៅជាឆ្នេរខ្សាច់ ដែលអាចឲ្យសាធារណជន និងភ្ញៀវទេសចរចេញចូលកំសាន្តបាន គឺកំពុងដំណើរការរៀបចំដើម្បីប្រយោជន៍សាធារណៈ និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ព័ត៌មានមួយចំនួនដែលផ្សព្វផ្សាយនាពេលថ្មីៗនេះថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅតំបន់ឆ្នេរ ពយកំពេញ ជាព័ត៌មានអវិជ្ជមាន ដែលផ្ទុយពីការពិត។

បើរូបអាក្រក់ ចរិតជាក្មេងស្ទាវហើយ សូមឯកឧត្តមទេសរដ្ឋមន្ត្រី សុខ សុវណ្ណ សាប៊ង់ ហៅ William Guang មេត្តាកុំប្រើសំដីឲ្យអន់ដូចចរិតឲ្យសោះ...៕