(បាសេឡូណា)៖ កិច្ចសន្យាចាស់របស់កីឡាករខ្សែប្រយុទ្ធចាស់វស្សា Lionel Messi នឹងផុតកំណត់ជាមួយក្លិប FC Barcelona នៅចុងបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ ដ៏ខ្លីខាងមុខនេះ គ្រាដែលក្លិបធំ២ រួមមាន Manchester City និង Inter Milan កំពុងចង់បាន។

Messi ដែលមានវ័យ ៣២ឆ្នាំទៅហើយនោះ នឹងផុតកិច្ចសន្យាលើកទី៨ របស់គេនៅទឹកដី Camp Nou នៅចុងបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ បន្ទាប់ពីចំណាយពេលលេងឲ្យក្លិបនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញ មួយនេះចាប់ពីឆ្នាំ២០០៥ មក និងជា Top scorers ប្រចាំក្រុមផងដែរ។

តាមរយៈ Dailymail បានចេញផ្សាយថា release clause តម្លៃទិញផ្តាច់កិច្ចសន្យាដែលមានរហូតដល់ជាង ៧០០លានដុល្លាររបស់ Messi ត្រូវបានផុតកំណត់នារដូវក្តៅនេះហើយ ហើយកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ អាចចាកចេញដោយគ្មានតម្លៃខ្លួនផងដែរ តែអតីតយុវជននៃក្លិប FC Barcelona ចង់បន្តលេងនៅទីនេះ ១រដូវកាលទៀត។

បើយោងតាមព័ត៌មាន ESPN ធ្លាប់បានដកស្រង់សំដីរបស់ Messi ចេញផ្សាយថា «Barcelona ជាផ្ទះរបស់ខ្ញុំ។ ខ្ញុំរស់នៅទីនេះ ច្រើនជាងរស់នៅអាហ្សង់ទីន ទាំងរបៀបរបប និងការកម្សាន្តជាដើម»។ ទាំងនេះអាចបន្តផ្តល់ការ ខកចិត្តដល់ក្លិបអង់គ្លេស Manchester City និង Inter Milan របស់អ៉ីតាលីបន្តទៀតដែរ៕