(ភ្នំពេញ)៖ ទោះក្នុងអំឡុងមានវិបត្ដិដោយជំងឺកូវីដក៏ដោយ កម្មវិធីសេវាដឹកជញ្ជូនទំនិញក្រុមហ៊ុន TADA បានរក្សាទំនាក់ទំនងអាជីវកម្ម និងអតិថិជន បានយ៉ាងល្អ ដោយផ្ដល់សេវាដឹកជញ្ជូនរហ័សទាន់ចិត្ដ គ្រប់មុខទំនិញ ជូនទៅដល់ដៃអតិថិជន ដែលបានកុម្ម៉ង់ពីដៃគូអាជីវកម្មរបស់ខ្លួន។

ក្នុងគ្រាលំបាកដោយជំងឺកូវីដ១៩ ពលរដ្ឋកាត់បន្ថយការធ្វើដំណើរទៅកាន់ទីប្រជុំជន និងទីកន្លែងមិនចាច់មួយចំនួន ដែលធ្វើឱ្យអាជីវកម្មមួយចំនួន បានជួបនូវការលំបាក ដូចជា៖ អាហារដ្ឋាន និងកន្លែងលក់សម្ភារប្រើប្រាស់ទូទៅនានា រួមទាំងអ្នករកស៊ីដឹកជញ្ជូនស្ងាត់ភ្ញៀវដែរ។

លោក ស៊ិញ រិទ្ធីយ៉ា ប្រធានគ្រប់គ្រង ភោជនីយដ្ឋាន មាតុភូមិ សាខាពេទ្យលោកសង្ឃ បានឱ្យដឹងថា «ក្នុងឆ្នាំ២០១៩ ដំណើរការរបស់យើងហ្នឹង គឺបានល្អសន្សឹមៗ។ ហើយអរគុណដល់អតិថិជនដែលបានគាំទ្រ និងពេញចិត្តសេវាកម្មរបស់យើង»។ប៉ុន្តែក្តីស្រមៃក្នុងការបើកសាខា ឫវិនិយោគបន្ថែមទៅក្នុងអាជីវកម្ម ត្រូវបានសាបរលាបទៅវិញ នៅពេលដែល វីរុសកូវីដវាយលុកកម្ពុជា ដូចជាប្រទេសលើសកលលោក ហើយអាជីវកម្មរបស់ភោជនីយដ្ឋាននេះ ក៏ដូចជា អាជីវកម្មដ៏ទៃទៀតនៅម្ពុជា ត្រូវខាតបង់យ៉ាងខ្លាំង។

លោក ស៊ិញ រិទ្ធីយ៉ា បានបន្ថែមទៀតថា «អាជីវកម្មរបស់យើងទទួលរងផលប៉ះពាល់ខ្លាំងមែនទែន ពីភ្ញៀវ១០០% ចុះមកសល់៣០%។ អីចឹង ពួកយើងបានសម្រេចចិត្តបិទហាងបណ្ដោះអាសន្ន កាលពីខែមេសា។ ស្ថានការណ៍នៅពេលនោះ គឺពិតជាគួរឲ្យបារម្ភ ប៉ុន្តែបានចាប់ផ្តើមគិតថា តើត្រូវធ្វើយ៉ាងណា
ដើម្បីឲ្យអាជីវកម្មអាចបន្តរកចំណូលបាន»

លោក រិទ្ធីយ៉ា បានឲ្យដឹងទៀតថា «ចៃដន្យ ខ្ញុំបានឆែកមើលក្នុងហ្វេសប៊ុកមិត្តភក្ដិរបស់ខ្ញុំ ហើយក៏ឃើញអំពីព័ត៌មានរបស់ TADA ដែលគេទើបតែដាក់ឲ្យដំណើរការដឹកជញ្ជូន ខ្ញុំក៏ចាប់អារម្មណ៍។ ហើយក៏សម្រេចចិត្ត ធ្វើការជាមួយ TADA តែម្ដង។ គឺយើងចាប់ផ្ដើមនៅថ្ងៃទី១ឧសភាហ្នឹងតែម្ដង ជាមួយនឹងការដឹកជញ្ជូន»

លោក រិទ្ធីយ៉ា បានបន្ដថា «វាច្បាស់ណាស់ ពេលដែលគេផ្ដល់សេវាមួយឥតគិតថ្លៃ យើងបានសន្សំ លើការចំណាយរបស់យើង។ អ្វីដែលសំខាន់ជាងហ្នឹងទៅទៀត ខ្ញុំមានឱកាសនៅក្នុងការផ្សព្វផ្សាយទៅដល់បណ្ដាញផ្សេងៗថា មាតុភូមិសាខាពេទ្យលោកសង្ឃ ដឹកជញ្ជូនដោយឥតគិតថ្លៃ។ អីចឹង អតិថិជន គាត់ឮសូរអីចឹង គាត់កាន់តែមានទំនុកចិត្ត ហើយគាត់គិតថា គាត់ចំណាយតិចជាងមុន អីចឹងក៏គាត់កុម្ម៉ង់បានច្រើនជាងមុន។ អីចឹងមានន័យថា យើងទទួលបានការកុម្ម៉ង់ច្រើនជាងមុន ប្រហែលជាង១៥%»

អ្នកនាង នាង ស្រីពៅ ដែលជាម្ចាស់ហាងកាត់ដេរ សិរិគុណ សង្កេតឃើញថាអាជីវកម្មរបស់គាត់នៅមានស្ថិរភាពដដែល ដោយសារគុណភាពនៃផលិតផលរបស់គាត់។ អ្នកនាង បានបន្ថែមថា៖ «អីចឹង ទោះបីជាភ្ញៀវមកហាងចុះថយ ក៏ប៉ុន្តែយើងនៅតែរក្សាចំណូលបានថេរដូចមុនអីចឹង»

សម្រាប់កញ្ញា វ៉េង ស៊ាវលីង ប្រធានគ្រប់គ្រងផ្នែកអនឡាញនៅហាង Baby Outlet បានឲ្យដឹងថា TADA បានជួយបំពេញបន្ថែមទៅលើសេវាដឹកជញ្ជូនដែលមានស្រាប់របស់ហាង នៅពេលដែលហាងទទួលបានការកុម្ម៉ង់ទិញច្រើនពីអតិថិជន។

កញ្ញាថ្លែងបន្ដថា «មួយវិញទៀត នៅអំឡុងពេលកូវីដហ្នឹង ភ្ញៀវគាត់បុកទិញច្រើន ច្រើនដល់ថ្នាក់សេវាកម្មអនឡាញរបស់ Baby Outlet ដឹកអត់ទាន់ទេ ទើបBaby Outletយើងជ្រើសរើសនូវសេវាកម្មដឹកជញ្ជូន TADA គឺថាគាត់សម្រួលឲ្យបានច្រើនមែនទែន។ អ្វីដែលពិសេស គឺសេវាកម្មធូរថ្លៃ អាចទុកចិត្តបាន»។

លោក តែត មារឌី ដែលជាអ្នករត់ម៉ូតូកង់បីម្នាក់ បាននិយាយថា៖ «ដល់ពេលវាមក (កូវីដ១៩) ការដឹកជញ្ជូនធ្លាក់ច្រើនណាស់ សឹងតែទាំងអស់ទៅហើយ៨០%ហើយហ្នឹង បានតែ១០ ២០% ជួនកាលគ្មានផង»។ តាំងពីបានដឹកមានក្រុមហ៊ុន TADA មក គឺបានយ៉ាងតិចក៏៣០% ៤០%អីដែរ។ TADA គេអត់មានកាត់ជើងសារទេ អីចឹងយើងចំណេញអាហ្នឹងមួយដែរ»។

ក្រុមហ៊ុន TADA បានឲ្យដឹងថាការផ្ដល់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន ដែលមានការប្រើប្រាស់ពីអាជីវករប្រហែល៥០កន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឲ្យអាជីវករ អាចរក្សាដំណើរការអាជីវកម្មរបស់ខ្លួន និងជួយផ្ដល់ប្រភពចំណូលដល់អ្នករត់កង់បីផងដែរ។

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅ ក្រុមហ៊ុន TADA CAMBODIA បានឲ្យដឹងថា «នៅក្រុមហ៊ុន TADA យើងសង្ឃឹមថា យើងមិនត្រឹមតែអាចជួយដៃគូបើកបរទេ យើងចង់ជួយទៅដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូរកស៊ីជាមួយយើងទាំងអស់គ្នា។ជាពិសេសនោះ គឺចង់ចូលរួមចំណែកក្នុងការសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ដែលព្យាយាមពុះពារ ដើម្បីស្ដារលទ្ធភាពសេដ្ឋកិច្ចរបស់យើងឲ្យល្អដូចដើមវិញ»

លោកបន្ដថា «មិនតែប៉ុណ្ណោះ ទៅលើសេវាកម្មដឹកជញ្ជូននេះ មិនមែនមានតែប៉ុណ្ណេះទេ គឺនៅមានសេវាកម្មថ្មីៗជាច្រើនទៀត ដែលយើងនឹងធ្វើការប្រកាសក្នុងពេលឆាប់ៗនេះ។ ទាំងអស់នេះ សុទ្ធតែជាផ្នែកមួយដែលយើងព្យាយាមធ្វើ ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង»

ក្រុមហ៊ុន TADA បានឲ្យដឹងថា ថ្វីត្បិតតែសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់ក្រុមហ៊ុន បានផុតកំណត់ទៅហើយក្ដី ក៏ក្រុមហ៊ុនយកកម្រៃសេវាដឹកជញ្ជូនរបស់ខ្លួន ត្រឹមតែ ៣០០០ រៀលប៉ុណ្ណោះ សម្រាប់សេវាដឹកជញ្ជូន ទទួលព្រឹក ដឹកថ្ងៃ ទទួលថ្ងៃ ដឹកស្អែក នៅក្នុងទីក្រុងភ្នំពេញ ដែលអាជីវករអាចប្រើប្រាស់បានដោយគ្រាន់តែចុះឈ្មោះ៕