(ភ្នំពេញ)៖ «McDonald's» គឺជាក្រុមហ៊ុនសាជីវកម្មអាហារសម្រន់ដ៏ធំមួយរបស់អាមេរិក ដែលត្រូវបានគេស្គាល់ទទួលស្គាល់ជុំវិញពិភពលោក។ ទីតាំងស្នាក់ការកណ្តាលរបស់ហាងអាហារនេះស្ថិតនៅតំបន់ Oak Brook នៃរដ្ឋ Illinois ។

ទីតាំងហាងអាហារនេះត្រូវបានចាប់ផ្តើមឡើងដំបូងបង្អស់ក្នុងឆ្នាំ ១៩៤៨ ដោយបងប្អូនប្រុសចំនួន ២ រូបគឺលោក Maurice និង លោក Richard McDonald នៅក្នុងទីក្រុង San Bernardino នៃរដ្ឋ California។

ពួកគេទាំងពីរតែងតែធ្វើការជាវនូវឧបករណ៍ប្រើប្រាស់ក៏ដូចជាគ្រឿងផ្សំសម្រាប់មុខម្ហូបប្រចាំថ្ងៃនៅក្នុងភោជនីយដ្ឋានរបស់ពួកគេ ពីអាជីវករមួយរូបគឺលោក Kroc ។ លោកតែងតែទទួលបានការបញ្ជាទិញយ៉ាងច្រើនលើសលប់ពីម្ចាស់ហាងទាំងពីជារៀងរាល់ថ្ងៃ ពេលនលោក Kroc ក៏សម្រេចចិត្តធ្វើដំណើរទៅកាន់ទីតាំងភោជនីយដ្ឋាននោះផ្ទាល់នៅក្នុងឆ្នាំ១៩៥៤ ក្នុងគោលបំណងត្រួតពិនិត្យនូវរបៀបរបបនៃដំណើរការហាងដ៏តូចនោះបានដោយរលូនប៉ុណ្ណា។

ដោយលោកសង្កេតឃើញនូវសមិទ្ធិផលដ៏អស្ចារ្យពីដំណើរការរបស់ភោជនីយដ្ឋាននោះ លោក Kroc ក៏បានសម្រេចចិត្តស្នើរសិទ្ធិដំណើរការអាជីវកម្មពីបងប្អូន McDonald ទាំងពីរនាក់។ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៥៥ លោកបានបើកស្លាកយីហោ McDonald ដំបូងគេនៅក្នុងតំបន់ Des Plaines នៃរដ្ឋ Illinois ។ក្នុងឆ្នាំជាមួយគ្នានោះសាជីវកម្មស្លាកយីហោ McDonald ក៏បានចាប់កំណើតឡើងនិងត្រូវបានទិញផ្ដាច់សិទ្ធពីបងប្អូន McDonald ទាំងពីរនាក់។ វត្តមានទីតាំងហាង McDonald បានកើនឡើងរហូតដល់ជាង ១.០០០ កន្លែងមុនដំណាច់ទសវត្ស(១៩០០)ត្រូវបានបញ្ចប់។ កំណើននេះបានជំរុញឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំ ១៩៦៥។

និមិត្តសញ្ញារបស់ស្លាកយីហោ McDonald ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៣ គឺតំណាងឲ្យរូបមនុស្សត្លុកឈ្មោះ Ronald McDonald មួយរូបខណៈនិមិត្តសញ្ញាអក្សរ "m" ដែលមានលក្ខណៈទ្រេតត្រូវបានទទួលយកជាផ្លូវការក្នុងឆ្នាំ ១៩៦២។

ការរីកលូតលាស់របស់ភោជនីយដ្ឋាននៅតែបន្តពង្រីកទាំងទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិរហូតដល់ប្រទេសកាណាដានៅក្នុងឆ្នាំ ១៩៦៧ ដែលធ្វើឲ្យទីតាំងភោជនីយដ្ឋានមានកំណើនសរុបទាំងអស់ចំនួន១ ម៉ឺនកន្លែងនៅក្នុងឆ្នាំ ១៩៨៨ ព្រមទាំងមានឱកាសរៀបចំប្រតិបត្តិការសាខាជាង ៣៥០០០ កន្លែងនៅក្នុង១០០ ប្រទេសជាងនាដើមសតវត្សរ៍ទី ២១ ។ វាបានក្លាយជាភោជនីយដ្ឋានលក្ខណៈគ្រួសារដែលមានប្រជាប្រិយយ៉ាងខ្លាំងដោយសង្កត់ធ្ងន់ទៅលើរសជាតិ និងតំលៃរបស់អាហារដែលទទួលបានការពេញចិត្តពីអតិថិជនគ្រប់វ័យស្រទាប់វណ្ណៈទាំងអស់៕