(ភ្នំពេញ)៖ ខ្សែភាពយន្តធំៗល្បីៗ ដែលជាសមិទ្ធផលរបស់ផលិតកម្មខ្មែរមេគង្គជាច្រើន ត្រូវបានមហាជនគាំទ្រ ព្រោះពីមួយរឿង​ទៅមួយរឿង មានការច្នៃប្រឌិតខ្ពស់ ជាមួយនឹងឈុតឆាកដ៏គួរឲ្យចាប់អារម្មណ៍ ត្រូវចិត្តទស្សនិកជនគ្រប់ស្រទាប់។ ក្នុងឆ្នាំ២០២០ នេះ ផលិតកម្មខ្មែរមេគង្គ កំពុងធ្វើគម្រោងភាពយន្តថ្មីមួយ ក្រោយចំណងជើងថា «Dance Till You Drop» ដែលប្រែជាភាសាខ្មែរថា «រាំមិនឆ្អែតទេ»។ យ៉ាងណាមិញ គម្រោងថ្មីនេះ ត្រូវបានផ្អាក​ដោយសារតែកូវីដ១៩ ហើយរហូតមកទល់នឹងពេលនេះ ទោះផលិតកម្មក្នុងស្រុកមួយចំនួន​ បានបើកដំណើរការថតឡើងវិញក្តី តែភាពយន្ត «រាំមិនចេះឆ្អែតទេ» ​នៅតែមិនទាន់បន្តចាប់ផ្តើមថតឡើងវិញឡើយ ដោយសារតែហេតុផលចូលរួមទប់ស្កាត់កូវីដ១៩។

ជាការកត់សម្គាល់ រឿង «រាំមិនចេះឆ្អែតទេ» គឺជាខ្សែភាពយន្តខ្នាតធំមួយ ដែលសាច់រឿងនិយាយទាក់ទងនឹងការរាំ។ ភាពយន្តនេះ មានទីតាំងថតនៅតំបន់ទីប្រជុំជនល្បីៗ ក្នុងរាជធានីភ្នំពេញ ដូចជាតំបន់រមណីយដ្ឋានវត្តមានភ្នំជាដើម។ បន្ថែមពីនេះ មានតារាភាពយន្តល្បីៗ ជួរមុខប្រចាំប្រទេសកម្ពុជា ជាច្រើនរូបចូលរួមសម្តែង។

​ទាក់ទងនឹងការផ្អាកដំណើរការថតនេះ លោក ឡូវ មីឡេន ដែលជាប្រធានផ្នែកផលិតប្រចាំផលិតកម្មខ្មែរមេគង្គ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ផ្នែកកំសាន្តថា តាមពិតទៅ រឿង «Dance Till You Drop» ផលិតបានប្រមាណ ៥០% ហើយ ប៉ុន្តែដោយសារតែការចូលមកនៃជំងឺកូវីដ១៩ ទើបខាងក្រុមការងារសម្រេចថាផ្អាកថតវិញ ដើម្បីការពារការឆ្លងមេរោគកូវីដ១៩នេះ។

លោកបន្ថែមថា ក្រុមការងាររបស់លោកបានសម្រេចថា នឹង​ចាប់ផ្តើមដំណើរការថតឡើងវិញ នៅក្នុងខែមិថុនានេះ ប៉ុន្តែដោយសារមើលឃើញថា កូវីដ១៩នៅតែជាហានិភ័យ ទើបបន្តផ្អាកការផលិតបន្ថែមទៀត។ មូលហេតុនៃការបន្តផ្អាក ស្របពេលដែលផលិតកម្មក្នុងស្រុកមួយចំនួន បានដំណើរការថតឡើងវិញជាធម្មតាហើយនោះ ត្រូវបានលោក ឡូវ មីឡេន បញ្ជាក់ថា ដោយសារតែក្នុងរឿង «Dance Till You Drop» មានការជួបជុំមនុស្សច្រើន ដើម្បីថត។ ជាពិសេស នៅត្រង់ឈុតឆាករាំ ដែលមានទីតាំងនៅវត្តភ្នំ គឺត្រូវការមនុស្សជាង ១០០នាក់ឯណោះ។ ហេតុនេះហើយ ទើបមិនអាចថតបាន។​ ការបន្តផ្អាក ថតភាពយន្តនេះ គឺដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលកូវីដ១៩។

ប្រធានផ្នែកផលិតរូបនេះ បានសង្កត់ធ្ងន់ថា លោក និងក្រុមការងារ មិនទាន់ដឹងនៅឡើយទេថា នឹងចាប់ផ្តើមថតឡើងវិញនៅពេលណា ព្រោះចាំមើលស្ថានភាពកូវីដ១៩បន្តសិន។ ជាពិសេស ក្រុមការងារលោកអនុវត្តន៍ តាមការណែនាំរបស់រដ្ឋាភិបាល ពោលគឺពេលណាដែលរដ្ឋាភិបាលប្រកាសថា អនុញ្ញាតឲ្យជួបជុំគ្នាបានជាធម្មតាវិញ​ ទើបក្រុមការងារលោកបន្តផលិតភាពយន្តនេះ បន្តទៀត៕