(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់បងប្អូនរស់នៅក្នុងមជ្ឈដ្ឋានសិល្បៈក៏ដូចជាមហាជនទូទៅ ខណៈដែលនៅសុខៗ ស្រាប់តែតារាពហុជំនាញដ៏ល្បីគឺអ្នកនាង ខាត់ សុឃីម ប្រកាសលក់ផ្ទះមួយល្វែង នៅក្បែរផ្សារដេប៉ូ ក្នុងតម្លៃកន្លះលានដុល្លារ និងប្រកាសលក់សម្ភារៈសម្អាងការទាំងអស់ ក្នុងតម្លៃ២ម៉ឺនដុល្លារបន្ថែមទៀត ដែលធ្វើឲ្យមហាជនមានការងឿងឆ្ងល់ថា តើតារាល្បី ខាត់ សុឃីម ជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចគ្រួសារ ក្រោយប្រទេសកម្ពុជា ជួបជំងឺរាតត្បាតសកលកូវីដ១៩ ឬយ៉ាងណា បានជាត្រូវប្រកាសលក់ផ្ទះ និងឡៃឡុងសម្ភារៈសម្អាងការ ដែលជាមុខរបររកស៊ីប្រចាំថ្ងៃ របស់នាងបែបនេះ?

រយៈកាលប៉ុន្មានថ្ងៃមកនេះទស្សនិកជន និងមហាជន ក្រោយពេលបានទទួលដំណឹងថា ខាត់ សុឃីម ប្រកាសលក់ឡៃឡុងសម្ភារៈសម្អាងការ និងរហូតដល់ថ្នាក់ប្រកាសលក់ផ្ទះទៀត ធ្វើឲ្យមានការចាប់អារម្មណ៍ និងសួរដេញដោលគ្នាទៅវិញទៅមក រហូតអ្នកខ្លះលាន់មាត់ថា ខាត់ សុឃីម ចង់បញ្ចប់អាជីពផ្នែកបុរាណ និងរបររកស៊ីសម្អាងការឬយ៉ាងណា បានជាប្រកាសលក់ខ្ទេចលក់ខ្ទី គ្មានសល់យ៉ាងនេះ?

ជុំវិញរឿងរ៉ាវប្រកាសលក់ផ្ទះ និងលក់គ្រឿងសម្អាងការ (ផ្នួងការ) ក្រោយជំងឺ Covid-19 ផ្ទុះឡើងជាសកល និងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចលើពិភពលោក ព្រមទាំងកម្ពុជាផងនេះ ត្រូវបានតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ផ្នែកកំសាន្ត នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះថា ជាការពិត នាងពិតជាបានប្រកាសលក់ផ្ទះ និងលក់សម្ភារៈសម្អាងការមែន ដោយផ្ទះនៅក្បែរផ្ទះដេប៉ូ លក់ក្នុងតម្លៃ៥០ម៉ឺនដុល្លារ និងគ្រឿងសម្អាងការ លក់ក្នុងតម្លៃ២ម៉ឺនដុល្លារ។

«ចា៎...បង! ផ្ទះនៅក្បែរផ្សារដេប៉ូហ្នឹង! ខ្ញុំប្រកាសលក់មែន បងប្អូនណាទិញយកទៅ ដឹងតែល្អហើយ ព្រោះចំកណ្ដាលក្រុង ជាកន្លែងងាយស្រួលប្រកបរបររស៊ី, អ្នកទិញយកទៅដឹងតែកាក់កបហើយបង! ព្រោះសព្វថ្ងៃ ខ្ញុំជួលឲ្យគេដាក់លក់ឡាន។ ផ្ទះនេះខ្ញុំប្រកាសលក់ខ្លួនឯង ហើយមានគេមកមើលខ្លះៗដែរ តែមិនទាន់ត្រូវថ្លៃគ្នា ព្រោះដោយសារមានអ្នកទារកុំមីស្យុង ហើយខ្ញុំមិនចង់ឲ្យមានអាកុំមីស្យុងអីហ្នឹងទេបង..! ចង់បានអ្នកទិញហ្នឹងជាម្ចាស់ផ្ទាល់ៗតែម្ដង..!»។ ខាត់ សុឃីម ថ្លែងបញ្ជាក់ បន្ថែម។

នៅពេលមានសំណួរថា តើការឈានដល់ប្រកាសលក់ផ្ទះបែបនេះអ្នកនាង ខាត់ សុឃីម ជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចគ្រួសារ ព្រោះតែ វិបត្តិជំងឺ Covid-19 ផ្ទុះឡើងឬយ៉ាងណា?

តារាចម្រៀង ខាត់ សុឃីម បានឆ្លើយតបវិញថា មិនមែនព្រោះតែស្ថានភាពជំងឺកូវីដ១៩ ធ្វើឲ្យអ្នកនាងសម្រេចចិត្តលក់ផ្ទះ និងលក់សម្ភារៈសម្អាងការនោះទេ ពោលគឺនាងចង់មានដើម ទុនធំមួយ ដើម្បីបើកជំនួញរកស៊ីថ្មី ដែលត្រូវចំណាយរាប់ម៉ឺនដុល្លារឯណោះ។

«ខ្ញុំចង់បើកជំនួញរកស៊ីថ្មី ពេលបានដើមទុនកាលណា ជំនួញនោះអាចនឹងចេញជារូបរាងហើយ ព្រោះពេលនេះ ខ្ញុំកំពុងរត់ការច្បាប់ទៅកាន់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបើករកស៊ីឲ្យរលូន និងតាមច្បាប់ដែលបានកំណត់។ ចំណែកសម្ភារៈសម្អាងការគឺខ្ញុំឈប់រកស៊ីហើយ ខ្ញុំប្រកាសលក់ទាំងអស់, បងគិតមើល! ខ្ញុំរកស៊ីសម្អាងការជាង១០ឆ្នាំហើយ តាំងពីឆ្នាំ២០០៨ គឺអត់ទៅមុខសោះ ដូច្នេះខ្ញុំត្រូវបញ្ឈប់ត្រឹមនេះ ប៉ុន្តែខ្ញុំនៅទទួលច្រៀង និងកាត់សក់តាមរោងការដដែល ខ្ញុំអត់ឈប់ទេ ឈប់តែសម្អាងប៉ុណ្ណោះ..!»

ទោះបីជាយ៉ាងណា ជំនួញខ្ទង់ម៉ឺនដុល្លាររបស់តារាចម្រៀង ខាត់ សុឃីម ដែលនឹងលេចចេញជារូបរាងឡើង នៅក្រោយពេលដែលអ្នកនាងលក់ផ្ទះដាច់នោះ គឺត្រូវបានអ្នកនាងបង្ហើបឲ្យដឹងថា ទាក់ទងទៅនឹងវិស័យ Cosmetic ដែលនឹងត្រូវនាំចូលផ្ដាច់មុខនូវផលិតផលពីបរទេសមកចរាចរលក់ នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាមួយគ្នានេះ ការងារសិល្បៈ ត្រូវបាន ខាត់ សុឃីម សង្កត់ធ្ងន់ថា រូបនាងនៅតែទទួលច្រៀង និងកាត់សក់តាមបណ្ដារោងការនានាដដែល នៅពេលដែលបងប្អូនត្រូវការ គ្រាន់តែនាងចង់ ប្ដូរជំនួញថ្មី ដើម្បីឲ្យជីវិតកាន់តែប្រសើរឡើងជាងមុនប៉ុណ្ណោះ៕