(ភ្នំពេញ)៖ ទោះបីសិល្បករ-សិល្បការិនីជំនាន់ក្រោយ បានរះឡើងជាបន្តបន្ទាប់ក្តីតែស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់តារាជើងចាស់ កាលពីជំនាន់ទសវត្សរ៍ ៨០-៩០ នៅតែស្ថិតក្នុងក្រអៅបេះដូងអ្នកគាំទ្រជានិច្ច។ ជាពិសេសរាល់សមិទ្ធផលក្នុងវិស័យភាពយន្ត ដែលតារាជើងចាស់បានបន្សល់ទុក ប្រៀបបានឱសថយ៉ាងស័ក្តសិទ្ធ សម្រាប់តារាជំនាន់ក្រោយ ក្នុងការស្វែងយល់បន្ថែម និងត្រងត្រាប់ស្ដាប់តាម។ យ៉ាងណាមិញ មានមិត្តអ្នកអាន និងទស្សនិកជនជាច្រើន កំពុងតែចង់ដឹងថា តើសិល្បការិនីជំនាន់មុន ទៅដល់ទីណាហើយ និងមានសុខទុក្ខយ៉ាងណាដែរ នាពេលបច្ចុប្បន្ននេះ?

ខាងក្រោមនេះជាបច្ចុប្បន្នភាព របស់សិល្បការិនីជើងចាស់ ធ្លាប់ល្បីនាទសវត្សរ៍ ៨០-៩០ ទាំង១០រូប៖

១៖ អ្នកស្រី អម្ពរ ទេវី៖ រំលឹកពីឈ្មោះ អម្ពរ ទេវី គេតែងនឹកទៅដល់ លោក ទេព រិនដារ៉ូ ព្រោះតារាទាំងពីរជាដៃគូយ៉ាងស័ក្តិសមនឹងគ្នា។ នាទសវត្សរ៍ ៨០ និង ៩០ អ្នកទាំងពីរបានចាប់ដៃគ្នាសម្តែងភាពយន្តល្បីៗជាច្រើន ដូចជារឿង «សម្ដីចុងក្រោយ», រឿង «សាកមើលសិន» និងរឿង «ឃ្លាំងជីវិត» ជាដើម។ បច្ចុប្បន្នតារាសម្តែងជើងចាស់ អម្ពរ ទេវី កំពុងរស់នៅសហរដ្ឋអាមេរិក និងមកលេងស្រុកកំណើតម្តងម្កាល។ បើគេនៅចាំមិនភ្លេច ពេលមកលេងស្រុក អ្នកស្រី មមាញឹកខ្លាំង ក្នុងការសម្តែងភាពយន្ត ដូចជារឿងថ្មីៗនះគឺ «ទឹកចិត្តម្ដាយសម័យថ្មី» ជាដើម ដែលជាការដឹកនាំសម្ដែង និងនិពន្ធដោយអ្នកស្រី ពាន់ ភួងបុប្ផា។

២៖ អ្នកស្រី ចាន់ តារាទី៖ តារាភាពយន្តជើងចាស់ដែលដុះចេញពីសាលាវិចិត្រសិល្បៈរូបនេះជាដៃគូសម្តែងយ៉ាងស័ក្កិសមជាមួយ លោក យស បូវណ្ណៈ តាំងពីឆ្នាំ១៩៨៧មក។ ប្រឡងក្នុងសិល្បៈជិត ៣ទសវត្សរ៍មកនេះ មានខ្សែភាពយន្តរាប់រយរឿងទៅហើយ ដែលអ្នកស្រី ចាន់ តារាទី បានសម្តែងក្នុងនោះមានដូចជា រឿង «ភ្នំពេញស្នេហាខ្ញុំ», រឿង «ជំនោរប៉ៃលិន» និងរឿងល្បីៗជាច្រើនទៀត។ បច្ចុប្បន្នអ្នកស្រី កំពុងរស់នៅប្រទេសកម្ពុជា និងនៅតែមានភាពលេចធ្លោរក្នុងវិស័យសិល្បៈ ដែលភាគច្រើនសម្តែងជាតួម្តាយ តួលោកស្រី ជំទាវ ជាដើម។ ជាក់ស្តែងកាលពីឆ្នាំ២០១៩ អ្នកស្រី ចាន់ តារាទី បានចាប់ដៃគ្នាជាមួយ លោក សយ បូវណ្ណៈ សម្តែងក្នុងរឿង «លោកឪពុក»។

៣៖ អ្នកស្រី អ៊ុំ សុវណ្ណនី៖ អតីតតារាសម្តែងដ៏ល្បីល្បាញតាំងពីទសវត្ស ៨០-៩០រូបនេះ ត្រូវបានគេដឹងថា ជាតារាស្រីដំបូងគេបង្អស់ដែលបានធ្វើឲ្យវិស័យភាពយន្តខ្មែរ រស់រានមានជីវិតឡើងវិញ បន្ទាប់ពីរបបប្រល័យពូជសាសន៍ (ប៉ុលពត) ដួលរលំនាឆ្នាំ១៩៧៩។ លោកស្រី អ៊ុ សុវណ្ណនី ក៏ជាតារាស្រីដំបូងគេបង្អស់ក្នុងទសវត្សទី៨០ ដែល បានសម្ដែងរួមជាមួយ តារាបរទេសនៅក្នុង រឿង «នរក៩ជាន់» ដែលជាភាពយន្តមួយ ធ្វើឲ្យលោកស្រីមានកេរ្តិ៍ឈ្មោះល្បីខ្លាំង។ បច្ចុប្បន្នលោកស្រី នៅរស់រានមានជីវិត និងកំពុងរស់នៅទីក្រុង Anahem រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

៤៖ អ្នកស្រី សុខ ស្រីមុំ៖ រំឭកទៅដល់អំឡុងទសវត្សរ៍៨០-៩០ លោកស្រី សុខ ស្រីមុំ ជាតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងម្នាក់ក្នុងប្រទេសកម្ពុជាដែលមានទេពកោសល្យ សម្ដែងយ៉ាងស័ក្តិសមឥតខ្ចោះ ជំនាញខាងក្រមិចក្រមើមរឡិករឡក់ ក្និកក្នក់ គួរឲ្យស្ញើចសរសើរ។ ចូលប្រឡូកសិល្បៈតាំងពីឆ្នាំ ១៩៨៩ លោកស្រីបានសម្តែងរឿងជាង១០០ ដោយក្នុងនោះមានរឿង «នាងរំសាយសក់», រឿង «កវីផ្សងស្នេហ៍ », និងរឿងជាច្រើនទៀត។ នៅឆ្នាំ២០០០ លោកស្រីបានរៀបការជាមួយស្វាមីក្រោយ ជាជនជាតិបរទេស មានអាជីពជាផលិតករភាពយន្ត នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នលោកស្រីកំពុងរស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ។

៥៖ អ្នកស្រី កែវ កល្យាណ៖ មិនខុសពីតារាជើងចាស់ខាងលើឡើយ កាលពីជំនាន់ទសវត្សរិ៍ ៨០-៩០ លោកស្រីមានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង តាមរយៈសម្តែងភាពយន្តជាច្រើន ដូចជារឿង «អ្នកស្នងមរតក» ជាដើម ដែលកាលណោះសម្តែងជាតួឯកស្រី។ បច្ចុប្បន្ននេះ លោកស្រីកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាមួយកូនៗ។ ទោះវ័យកាន់កាន់តែចាស់បន្តិចក្ដី ប៉ុន្តែលោកស្រី កែវ កល្យាណ នៅតែមានភាពស្រស់ស្អាតដដែល ហើយសម្រាប់ការងារសិល្បៈ លោកស្រីមិនទាន់បង្ហើបថា នឹងចូលសម្តែងវិញ ឬយ៉ាងណាទេ។ ប៉ុន្តែអ្វីដែលសំខាន់ពេលនេះ លោកស្រី មានកូនស្រីម្នាក់ ជាអ្នកស្នងតំណែងពីម្តាយគឺកញ្ញា កែវ ឡាវីញ កំពុងមានប្រជាប្រិយភាព ក្នុងវិស័យភាពយន្តភាគខ្មែរសព្វថ្ងៃនេះ។

៦៖ អ្នកស្រី ឯក អមរា៖ កាលពីទសវត្សរិ៍ ៨០-៩០ លោកស្រីជាប់ឈ្មោះជាតារាទឹកភ្នែក ព្រោះជំនាញខ្លាំង ខាងយំសោក ក្នុងភាពយន្តខ្មែរ កាលជំនាន់នោះ។ តាំងពីអ្នកស្រី ឯក អមរា ដកខ្លួនចេញពីពិភពសិល្បៈ ធ្វើឲ្យមហាជនជាច្រើនយល់ថា ប្រហែលជាអ្នកស្រីទៅរស់នៅ ឯប្រទេសក្រៅបាត់ទៅហើយ ប៉ុន្តែតាមការពិត អ្នកស្រីកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ជាមួយកូនស្រីដ៏ស្រស់ស្អាតម្នាក់ ហើយអ្នកស្រីក៏ជាថៅកែស្រី នៃហាងកាត់សក់ប្រុសមួយកន្លែង មានទីតាំងនៅម្ដុំផ្លូវត្រសក់ផ្អែម។

៧៖ អ្នកស្រី នារី រ័ត្នគន្ធា៖ អ្នកស្រី មានកេរ្តិ៍ឈ្មោះបោះសំឡេងជាខ្លាំង នៅក្នុងវិស័យសិល្បៈ កាលពីជាង ២០ឆ្នាំមុន។ ក្រោយពីមានឱកាសទៅរស់នៅក្រៅស្រុក លោកស្រីបានបោះបង់ចោលសិល្បៈ និងមិនធ្លាប់ឃើញបង្ហាញមុខជាថ្មី លើឆាកទូរទស្សន៍ឡើយ ទោះបីជាឡើងចុះស្រុកខ្មែរម្តងម្កាលក្តី។ បច្ចុប្បន្នលោកស្រី នារី រ័ត្នគន្ធា កំពុងនៅ អាមេរិកជាមួយកូនៗ និងបានបើកហាងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែង។

៨៖ អ្នកស្រី អ៉ឹម សុវណ្ណផល្លា៖ អតីតតារាសម្តែងរូបនេះ ត្រូវបានគេដឹងថា ជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាត និងមានឈ្មោះបោះសំឡេង កាលជំនាន់ទសវត្សរ៍៨០។ ទោះបីលាឈប់ពីសិល្បៈជាង២០ឆ្នាំ ក៏ពិតមែន តែរាល់កម្មវិធីសិល្បៈនានា គេតែងតែឃើញមានវត្តមានលោកស្រី អ៊ឹម សុវណ្ណផល្លា ចូលរួម។ បច្ចុប្បន្នលោកស្រី កំពុងរស់នៅក្នុងប្រទេសកម្ពុជា និងក្លាយជាស្ត្រីមេម៉ាយ ក្រោយស្វាមីលោកស្រីបានទទួលមរណភាព កាលពីឆ្នាំ២០១៨។

៩៖ អ្នកស្រី ហុក លក្ខិណា៖ អស់ រយៈពេលជាច្រើនឆ្នាំមក ហើយដែលអតីតតារាភាពយន្តមានឈ្មោះល្បីល្បាញជំនាន់ទសវត្សទី៩០ អ្នកស្រី ហុក លក្ខិណា បានកាត់ផ្តាច់ ពីជីវិតសិល្បៈ។ លោកស្រីមិនធ្លាប់បង្ហាញពីជីវិតឯកជន ឲ្យទស្សនិកជនក្នុងស្រុកបានដឹងឡើយ។ បច្ចុប្បន្នលោកស្រីត្រូវបានគេដឹងថា កំពុងរស់នៅទឹកដីដែនកោះប្រទេសអូស្រ្តាលី ជាមួយក្រុមគ្រួសារយ៉ាងមានសុភមង្គល។ មានប្រភពមួយចំនួនបាននិយាយថា អ្នកស្រីតែងតែត្រឡប់មកមាតុភូមិរបស់ខ្លួន ជួបជុំបងប្អូន ឪពុកម្តាយ ម្តងម្កាល ប៉ុន្តែធ្វើឡើងក្នុង សភាពស្ងប់ស្ងាត់សាមញ្ញធម្មតាប៉ុណ្ណោះ ថែមទាំងឆ្លៀតពេលធ្វើបុណ្យទានតាមភូមិស្រុកមួយចំនួនទៀតផង។

១០៖ អ្នកស្រី ពេជ្រ ច័ន្ទបរមី៖ អ្នកស្រី មានភាពល្បីល្បាញយ៉ាងខ្លាំង កាលពីជំនាន់ទសវត្សរ៍ ៨០-៩០។ មុខមាត់ កេរ្តិ៍ឈ្មោះ អ្នកស្រី ពេជ្រ ច័ន្ទបរមី ហាក់ល្បីខ្លាំង តាមរយៈសម្តែងក្នុងរឿង «ពស់កេងកង» ដែលធ្វើឲ្យអ្នកគាំទ្រកោតសរសើរ គ្រប់គ្នាពីទេពកោសល្យសិល្បៈ។ អ្នកស្រីបានបោះបង់ចោលការងារសិល្បៈ ជាង១ទសវត្សរ៍មកហើយ និងបច្ចុប្បន្នអ្នកស្រីកំពុងរស់នៅប្រទេសកម្ពុជា មានរូបស្រស់ស្អាតយ៉ាងខ្លាំង ទោះវ័យកាន់តែជ្រេក៏ដោយ។ អតីតតារាសម្តែងដួងនេះបានប្រែវាសនា ឡើងងារជាជំទាវ ប្រើប្រាស់ជីវិតបែបស៊ីវិល័យ ពោរពេញដោយក្តីសុខ ក្រោយត្រូវបានស្វាមីគឺលោក ឧត្តមសេនីយ៍ កែវ វណ្ណថន មើលថែ៕