(ពិភពលោក)៖ ការបង្កើតស្លាកយីហោនិមួយៗគឺមានសារៈសំខាន់ណាស់។ ដូចនេះការសំរេចចិត្តជ្រើសយកឈ្មោះស្លាកយីហោសម្រាប់ផលិតផលនីមួយៗ គឺជាជំហានសំខាន់ដំបូងបំផុត ដែលត្រូវពិចារណាដើម្បីឲ្យអាជីវកម្មទទួលបានភាពជោគជ័យ។ខាងក្រោមជាស្លាកយីហោមួយក្នុងចំណោមស្លាកយីហោជាច្រើនលើពិភពលោកគឺ៖ ស្លាកយីហោ «Nike»តើស្លាកយីហោដ៏ល្បីមួយនេះមានប្រវត្តិយ៉ាងណានោះ?

«Nike» ត្រូវបានង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ដោយអត្តពលិក នៃសាកលវិទ្យាល័យអូរីហ្គុន គឺលោក Phil Knight ព្រមជាមួយនឹងគ្រូបង្វឹករបស់លោក គឺលោក Bill Bowerman បានធ្វើការងារចាប់ផ្តើមដំបូងត្រឹមជាអ្នកចែកចាយសម្លៀកបំពាក់កីឡា នៅក្រោមទីតាំងហាងអាជីវកម្មដ៏តូចមួយមានឈ្មោះថា «Blue Ribbon Sports»។ លុះឆ្នាំ ១៩៧១ ខែមិថុនាអ្នកទាំងពីរ ក៏បានសំរេចចិត្តធ្វើការបើកលក់សំលៀកបំពាក់កីឡាដែលរចនាដោយពួកគេផ្ទាល់ ព្រមទាំងបានសម្រេចជ្រើសរើសឈ្មោះយីហោថ្មីមួយ ស្របនឹងអំឡុងពេលនោះ។

លោក Jeff Johnson ជាបុគ្គលិកដំបូងរបស់ក្រុមហ៊ុនប្រចាំការគ្រប់គ្រងនៅឯរោងចក្របានឲ្យដឹងថា ខណៈកំពុងធ្វើដំណើរតាមជើងហោះហើរ លោកក៏ប្រទះឈ្មោះគួរឲ្យចាប់អារម្មណ៍មួយចំនួន តាមរយៈកាសែតពេលព្រឹក ដែលលោកកំពុងអាន ក្នុងនោះក៏រួមជាមួយនឹងឈ្មោះស្លាកយីហោ «Nike» ផងដែរ។ ផ្ទុយទៅវិញលោក Knight ពុំមានការពេញចិត្តទៅនឹងឈ្មោះ ដែលបានលើកឡើងអស់ទាំងនោះទេ ប៉ុន្តែនៅគ្រាចុងក្រោយ លោកបានសម្រេចចិត្តជ្រើសយក «Nike» ធ្វើជាឈ្មោះស្លាកយីហោរបស់លោក ជាបណ្ដោះអាសន្នសិន ពីព្រោះលោកយល់ថា វាជាជម្រើសល្អបំផុត។

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ១៩៧១ ទីតាំងអាជីវកម្ម «Blue Ribbon Sport» បានផ្លាស់ប្ដូរទៅជាក្រុមហ៊ុន ក្រោមស្លាកយីហោ Nike Inc ដែលរូបតំណាងនៃឈ្មោះថ្មីមួយនេះ ត្រូវបានរចនាឡើងដោយនិសិ្សតស្រីម្នាក់ឈ្មោះ Carolyn Davidson ដែលពេលនោះនាងកំពុងសិក្សាផ្នែករចនារូបភាពក្រាហ្វិច នៃសាកលវិទ្យាល័យផតឡែន។ នៅគ្រានោះ Davidson ទទួលបានប្រាក់ឈ្នួលត្រឹមតែ ៣៥ដុល្លារប៉ុណ្ណោះសម្រាប់ការងារឌីសាញស្លាកយីហោ «Nike» មួយនេះ (២ដុល្លារ/ម៉ោង)។

នាបច្ចុប្បន្នក្រុមហ៊ុន «Nike» អាចរកចំណូលបានជាង ៣០ពាន់លានដុល្លារ សម្រាប់ប្រាក់ចំណូលប្រចាំឆ្នាំ ហើយត្រូវបានគេចាត់ទុកថា ជាម៉ាកយីហោដ៏មានតម្លៃបំផុត ក្នុងចំណោមស្លាកយីហោ ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញផ្សេងៗទៀតជុំវិញពិភពលោក៕