(ភ្នំពេញ)៖ តាមរយៈការសិក្សាពីទស្សនវិជ្ជា បានឱ្យយើងស្គាល់នូវបណ្ដាអ្នកប្រាជ្ញ បណ្ឌិត ទស្សនវិទូជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែអ្នកដឹងទេថា ទស្សនវិជ្ជាចាប់ផ្ដើមមានតាំងពីពេលណា និងមានប្រភពដើមនៅទីណាខ្លះ?

ដើម្បីឆ្លើយតបនឹងចម្ងល់ទាំងនេះ លោក សរ រិទ្ធី ដែលជាបេក្ខជនបណ្ឌិតទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលខ្លួនមកបកស្រាយជូនមិត្តអ្នកទស្សនា/អ្នកអានផងដែរនៅក្នុងវីដេអូភាគ២នេះ។ គួរជម្រាបថា នៅវីដេអូភាគ១ លោក សរ រិទ្ធី បានបង្ហាញរួចមកហើយនូវខ្លឹមសារនិយមន័យទស្សនវិជ្ជា ដោយលោកបានសរុបសេចក្ដីថា «ទស្សនវិជ្ជា គឺជាមុខវិជ្ជាសម្រាប់មនុស្សដែលចូលចិត្តការគិតត្រិះរិះ ការវិភាគ ការពិចារណា ដើម្បីស្វែងរកនូវសច្ចភាព»។

ពាក់ព័ន្ធនឹងការចាប់ផ្ដើមមានទស្សនវិជ្ជានោះ លោក សរ រិទ្ធី បានឱ្យដឹងថា ទស្សនវិជ្ជាមានប្រភពដើមដំបូងតាំងពីប្រមាណ៦០០ឆ្នាំមុនគ្រិស្ដសករាជមកម្ល៉េះ ដែលគេដឹងតាមរយៈវត្តមានរបស់សូក្រាតជាទស្សនវិទូក្រិកសម័យបុរាណ បានន័យថា ទស្សនវិជ្ជបានលេចឡើងដំបូងនៅប្រទេសក្រិកបុរាណ តាំងពីប្រមាណ៦០០ឆ្នាំមុនគ្រិស្ដសករាជ។

ចំណែកនៅបូព៌ាប្រទេស គេឃើញមានទស្សនវិជ្ជាលេចឡើងដំបូងនៅប្រទេសចិនបុរាណដែរ តាមរយៈវត្តមានរបស់ ឡៅ ជឺ និង ខុង ជឺ ប្រហែលនៅឆ្នាំ៥០០មុនគ្រិស្ដសករាជ។ នៅប្រមាណឆ្នាំ៥០០មុនគ្រិស្ដាសករាជនេះ នៅប្រទេសឥណ្ឌាបុរាណក៏មានវត្តមានរបស់ព្រះសម្មាសម្ពុទ្ធ ដែលជាសុទ្ធតែជាទស្សនវិទូដ៏ល្បីល្បាញរបស់ពិភពលោក។

លោក សរ រិទ្ធី បានបន្តថា តាមការសិក្សាស្វែងជ្រាវ ទស្សនវិជ្ជាត្រូវបានបែងចែកជា២ប៉ូល៖ ទី១-ប៉ូលបស្ចិមប្រទេស ដែលមានក្រុមប្រទេសនៅអឺរ៉ុបជាដើម ចំណែកទី២-ប៉ូលបូព៌ាប្រទេស ដែលមាននៅប្រទេសចិន ឥណ្ឌា ក្រោយមកក៏មាននៅកម្ពុជា ប្រទេសវៀតណាមជាដើម។

ការសិក្សាទស្សនវិជ្ជានេះទៀតសោត ក៏មានការបំបែកជាមែកធាងជាច្រើនទៀតដែរ រួមមាន៖
តក្កវិជ្ជា ភាសាវិជ្ជា/និរុត្តិសាស្ត្រ អស្ថិរូបវិជ្ជា សោភ័ណវិជ្ជា សីលវិជ្ជា ពុទ្ធិវិទ្យា។

លោក សរ រិទ្ធី បានបន្ថែមដែរថា នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺសុទ្ធតែមានទស្សនវិជ្ជាបង្កប់ ឬបង្ហាញទាំងអស់ សូម្បីតែទឹកបរិសុទ្ធ១ដប ក៏បានបង្ហាញនិងបង្កប់ទស្សនវិជ្ជាក្នុងនោះដែរ ដូច្នេះគ្រប់មែកធាងនៃទស្សនវិជ្ជានេះគឺមានពាក់ព័ន្ធនឹងជីវភាពរស់នៅជាចាំបាច់៕