(ភ្នំពេញ)៖ ទស្សនវិជ្ជា ត្រូវបានពន្យល់បកស្រាយដោយអ្នកប្រាជ្ញផ្សេងៗគ្នាទៅតាមការយល់ឃើញរៀងៗខ្លួនរបស់ពួកគាត់ ក្នុងនោះមានទាំងអ្នកប្រាជ្ញាបស្ចឹមប្រទេស និងបូព៌ាប្រទេស។

ដើម្បីផ្ដល់នូវខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងទស្សនវិជ្ជានេះ កម្មវិធីចំណេះដឹងទូទៅរបស់បណ្ដាញព័ត៌មាន Fresh News បានជួបសម្ភាសជាមួយលោក សរ រិទ្ធី ដែលបច្ចុប្បន្នលោកជាប្រធានមជ្ឈមណ្ឌលសិក្សានៅប្រទេសចិន អនុប្រធានសមាគមអប់រំនិងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា អគ្គលេខាធិការសមាគមកម្ពុជា-ចិន និងជាបេក្ខជនបណ្ឌិតទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា ដោយនៅភាគ១នេះដែរ លោកបានលើកឡើងអំពី «និយមន័យទស្សនវិជ្ជា» ជាមុនសិន។

លោក សរ រិទ្ធី បានលើកឡើងពីការពន្យល់របស់អារីស្តូត (Aristotle) ដែលជាទស្សនវិទូក្រិកបុរាណមួយរូប និងជាបិតាវិទ្យាសាស្ត្រដំបូងរបស់ពិភពលោកផងដែរ។ អារីស្តូតបានឱ្យនិយមន័យទស្សនវិជ្ជាថាជាទីប្រជុំចំណេះដឹងទាំងអស់ដែលអាចកើតមានឡើងបាន បានន័យថា គ្រប់ចំណេះដឹងទាំងអស់គឺជាទស្សនវិជ្ជាហើយ។

លោក សរ រិទ្ធី បានលើកឡើងពីការពន្យល់របស់លោក អ៉ីសាក់ ញូវតុន (Isaac Newton) វិញម្ដងថា ទស្សនវិជ្ជា​ គឺជារូបវិទ្យា។ គួរជម្រាបថា អ៉ីសាក់ ញូវតុន ត្រូវបានគេស្គាល់ថាជាទស្សនវិទូអង់គ្លេសនាសតវត្សទី១៧ និងជាបិតារូបវិទ្យារបស់ពិភពលោកផងដែរ។

ដោយឡែក ទស្សនវិទូ រ៉េណឺ ដេកាដ (René Descartes) ក៏បានឱ្យនិយមន័យទស្សនវិជ្ជាថា​ ហាក់ដូចជាដើមឈើមួយដើមដែលមានឫស្ស និងមានមែកបែកជា៣ ដោយដើមជារូបវិជ្ជា ហើយមែកទី១ជាមេកានិក មែកទី២ជាវេជ្ជវិជ្ជា និងមែនទី៣ជាសីលវិជ្ជា។

លោក សរ រិទ្ធី ក៏បានលើកឡើងអំពីការពន្យល់របស់ខេមរបណ្ឌិតខ្លះដែរ ដូចជា លោក កេង វ៉ាន់សាក់ ដែលបានឱ្យនិយមន័យទស្សនវិជ្ជាថាជាវិជ្ជាដែលសិក្សាអំពីលោកនិងក្រៅលោក។ ចំណែកឯសៀវភៅខេមរយានកម្មក៏បានឱ្យនិយមន័យថា ទស្សនវិជ្ជា គឺការត្រិះរិះពិចារណាទៅលើមនុស្សដែលរស់នៅក្នុងលោកដើម្បីស្វែងរកសច្ចភាព។ រីឯលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកប្រាជ្ញស្ត្រីដំបូងរបស់កម្ពុជា ក៏បានឱ្យនិយមន័យដែរថា ទស្សនវិជ្ជា គឺជាមុខវិជ្ជាដែលសិក្សាអំពីតម្លៃបញ្ញត្តិតាមបែបគតិបណ្ឌិត ជាវិជ្ជាដែលបង្ហាញផ្លូវដល់វិទ្យាសាស្ត្រទាំងឡាយ។

ម្យ៉ាងវិញទៅ អ្នកប្រាជ្ញឈ្មោះ ប្រាយមិន (Edgar S. Brightman) បានបង្ហាញការយល់ឃើញថា ទស្សនវិជ្ជា គឺជាមាគ៌ានៃជីវិត ជាដំណើរពិសោធន៍នៃជីវិតដែលប្រកបដោយវិចារណញាណ ដើម្បីស្វែងរកនូវសច្ចភាព។

លោក សរ រិទ្ធី បានបន្តថា ប្រសិនបើក្រលែកមើលទៅលើខ្លឹមសារនៃពាក្យ Philosophy ដែលមានដើមកំណើតចេញពីភាសាក្រិកបុរាណ គឺមកពីពាក្យ Philo (ប្រែថា ស្រឡាញ់, ស្នេហា) បូកនឹងពាក្យ Sophy (ប្រែថា គតិបណ្ឌិត) ដូច្នេះពាក្យ Philosophy គឺបានន័យថា ការស្រឡាញ់គតិបណ្ឌិត អ្នកស្នេហាគតិបណ្ឌិត អ្នកស្រឡាញ់ចូលចិត្តចំណេះដឹង។

បេក្ខជនបណ្ឌិតទស្សនវិជ្ជារូបនេះពន្យល់ដោយខ្លីថា «ទស្សនវិជ្ជា គឺជាមុខវិជ្ជាសម្រាប់មនុស្សដែលចូលចិត្តការគិតត្រិះរិះ ការវិភាគ ការពិចារណា ដើម្បីស្វែងរកនូវសច្ចភាព»

សូមទស្សនាវីដេអូសម្ភាសន៍របស់កម្មវិធីចំណេះដឹងទូទៅជាមួយលោក សរ រិទ្ធី ដូចតទៅ៖