(ភ្នំពេញ)៖ Starbucks គឺជាហាងកាហ្វេរបស់សហរដ្ឋអាមេរិកធំជាងគេបំផុតនៅលើពិភពលោក។ ទីស្នាក់ការកណ្តាលរបស់ Starbucks ស្ថិតនៅក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ និមិត្តសញ្ញាដំបូងរបស់ Starbucks នៅតាមបង្អួចហាងរបស់ក្រុមហ៊ុនស្ថិតនៅផ្សារ Pike ទីក្រុង Seattle នៅឆ្នាំដំបូង។

ហាងកាហ្វេ Starbucks ត្រូវបានបង្កើតឡើងដោយលោក Jerry Baldwin, លោក Bowker និងលោក Zev Siegl ការបើកហាងដំបូងរបស់ខ្លួននៅក្នុងឆ្នាំ១៩៧១ នៅក្បែរផ្សារ Pike ទីកន្លែងនេះជាប្រវត្តិសាស្រ្តនៅទីក្រុង Seattle។ ស្ថាបនិកទាំង៣នៃ Starbucks មានរឿងពីរដូចគ្នាដោយពួកគេទាំងអស់មកពីសាកលវិទ្យាល័យតែមួយ ហើយពួកគេមានចំណង់ចំណូលចិត្តទៅនឹងការផឹកកាហ្វេនិងតែដូចគ្នា។ ពួកគេបានបណ្តាក់ទុន និងការខ្ចីប្រាក់មួយចំនួនដើម្បីបើកហាងដំបូងនៅក្នុងទីក្រុង Seattle ហើយដាក់ឈ្មោះថា «ហាងកាហ្វេ Starbucks»។

ពេលនោះ លោក Alfred Peet ដែលជាសហគ្រិនធ្វើកាហ្វេ ហើយក៏ជាអ្នកផ្ដល់គំនិតដ៏ល្អមួយដល់ស្ថាបនិករបស់ Starbucks ទាំងបី។ លោក Peet គឹជាជនអន្តោប្រវេសន៍មកពីហូឡង់ដែលបានចាប់ផ្តើមនាំចូលកាហ្វេពីអារ៉ាប៊ីកា ជាកាហ្វេល្អៗចូលសហរដ្ឋអាមេរិកមុនគេក្នុងអំឡុងឆ្នាំ១៩៥០។

នៅឆ្នាំ១៩៦៦ លោកបានបើកហាងកាហ្វេនិងតែតូចមួយ ហើយបានដាក់ឈ្មោះរបស់គាត់នៅទីក្រុង Berkeley រដ្ឋ California ដែលមានជំនាញក្នុងការនាំចូលកាហ្វេនិងតែដែលមានអត្រាខ្ពស់ជាងគេបំផុត។ ភាពជោគជ័យរបស់លោក Peet គឺបានលើកទឹកចិត្តដល់ស្ថាបនិករបស់ក្រុមហ៊ុន Starbucks ដោយបានណែនាំឱ្យពួកគេប្រើគោលគំរូអាជីវកម្មរបស់គាត់ទៅលើការលក់កាហ្វេនិងតែ ដែលមានគុណភាពខ្ពស់ និងបូករួមជាមួយនឹងឧបករណ៍ល្អៗផងដែរ។ ហើយពេលនោះក្រុមហ៊ុនរបស់លោក Peet បានក្លាយទៅជាក្រុមហ៊ុនផ្គត់ផ្គង់កាហ្វេ សណ្តែក នឹងតែបៃតងទៅដល់ហាងកាហ្វេ Starbucks នាពេលនោះ។

បន្ទាប់ពីសហការជាដៃគូហើយ ពួកគេបានទិញ Roasters មកពីប្រទេសហូឡង់ ហើយលោក Baldwin និង Bowker បានទទួលពិសោធន៍ជាមួយ Alfred Peet ជាមួយបច្ចេកទេសរបស់ Roasting ដោយការលាយនិងបង្កើតរសជាតិផ្ទាល់ខ្លួនដល់ពួកគេ។ ដោយដើមឆ្នាំ១៩៨០ ហាងកាហ្វេ Starbucks បានបើកហាងចំនួន៤នៅក្នុងទីក្រុង Seattle ដែលមានការប្រកួតប្រជែងជាមួយនឹងហាងកាហ្វេមួយចំនួន ដោយសាររសជាតិដើមដំបូងរបស់ពួកគេ។ ក្នុងឆ្នាំ១៩៨០ លោក Siegl បានសម្រេចចិត្តរកប្រយោជន៍ផ្សេងទៀត និងចាកចេញពីដៃគូ ហើយលោក Baldwin ជាដឹកនាំក្រុមហ៊ុន។

សម័យកាលរបស់លោក Howard Schultz នៅឆ្នាំ១៩៨១ គឺជាតំណាងផ្នែកលក់ដល់ Hammarplast ដែលជាក្រុមហ៊ុនរបស់ប្រទេសស៊ុយអែត ផ្គត់ផ្គង់សម្ភារៈឱ្យហាងកាហ្វេ Starbucks។ លោក Schultz ត្រូវបាន Starbucks ចាប់អារម្មណ៍ គាត់បានសម្រេចចិត្តដើម្បីបន្តអាជីពនៅហាងកាហ្វេ Starbucks ហើយគាត់ត្រូវបានជួលឱ្យធ្វើជាប្រធានទីផ្សារក្នុងម្នាក់នៅឆ្នាំ១៩៨២។

លោក Schultz បានកត់សម្គាល់ឃើញថា អតិថិជនខ្លះមកហាងកាហ្វេលើកដំបូងដោយសារតែការខ្វះចំណេះដឹងអំពីកាហ្វេតែប៉ុណ្ណោះ ដូច្នេះគាត់បានធ្វើការជាមួយបុគ្គលិក នៅក្នុងហាងហើយឱ្យពួកគេធ្វើការអភិវឌ្ឍជំនាញលក់វិធីងាយស្រួលសម្រាប់អតិថិជន និងផលិតខិត្តបណ្ណដែលងាយស្រួលពន្យល់ដល់អតិថិជន ក្នុងការយល់អំពីផលិតផលរបស់ក្រុមហ៊ុន។ គំនិតធំបំផុត Schultz គឺបានសម្រេចអនាគតរបស់ហាងកាហ្វេ Starbucks ក្នុងអំឡុងឆ្នាំ១៩៨៣ នៅពេលដែលក្រុមហ៊ុនបានបញ្ជូនគាត់ទៅប្រទេសអ៉ីតាលី ដើម្បីចូលរួមជាមួយការធ្វើបទបង្ហាញអំពីកាហ្វេ និងរៀបចំហាងនៅទីនោះ។

ខណៈពេលដែលលោក Schultz នៅក្នុងប្រទេសអ៉ីតាលី គាត់ត្រូវបានគេចាប់អារម្មណ៍ជាមួយនឹងហាងកាហ្វេរបស់គាត់ ហើយគាត់បានគិតពីការធ្វើអ្វីមួយឱ្យស្រដៀងគ្នានៅក្នុងហាងកាហ្វេ Starbucks ដោយបានឆ្នៃហាងកាហ្វេរបស់លោកឱ្យដូចជាផ្ទះទី៣របស់អតិថិជន។ ទោះជាយ៉ាងណាក៏ដោយ Baldwin និង Bowker មិនបានរីករាយទៅនឹងគំនិតរបស់ Schultz ទេ ព្រោះពួកគេមិនចង់ឱ្យ Starbucks ងាកចេញពីគំរូដើមដែលពួកគេបានបង្កើតឡើងឡើយ។ ពួកគេនឹងនៅតែមានហាងកាហ្វេ Starbucks ហើយនឹងនៅតែជាអ្នកលក់កាហ្វេ និងមិនមែនគ្រាន់តែជាហាងកាហ្វេដែលមានត្រឹមតែកាពូស៉ីណូ និងអ៊ិចប្រេសូនោះទេ។

ដោយមើលឃើញថាគាត់នឹងមិនអាចបញ្ចុះបញ្ចូល Baldwin ហើយ Bowker ដើម្បីចាប់យកគំនិតហាងកាហ្វេនេះលោក Schultz បានចាកចេញពីហាងកាហ្វេ Starbucks នៅឆ្នាំ១៩៨៥ ហើយបានចាប់ផ្តើមបើកហាងកាហ្វេផ្ទាល់ខ្លួនដែលមានឈ្មោះថា Giornale ហើយក៏ទទួលបានភាពជោគជ័យភ្លាមៗ។

លោកបានពង្រីកសាខាទៅកាន់ក្រុងជាច្រើនជាបន្តបន្ទាប់គ្នា។ នៅខែមីនា ឆ្នាំ១៩៨៧ Baldwin និង Bowker បានសំរេចចិត្តលក់ Starbucks ហើយលោក Schultz បានទិញក្រុមហ៊ុននេះភ្លាមៗនៅពេលនោះ។ លោកបានរួមបញ្ចូលគ្នាប្រតិបត្ដិការទាំងអស់របស់ខ្លួនក្រោមស្លាកសញ្ញាហាងកាហ្វេ Starbucks និងការប្តេជ្ញាចិត្តទៅនឹងគំនិត ហាងកាហ្វេសម្រាប់អាជីវកម្មមួយនេះ។ ជាមួយនឹងការលក់បន្ថែមទៀតនៃសណ្តែក និងធាតុផ្សំផ្សេងៗទៀតនៅក្នុងហាងកាហ្វេ Starbucks។

នៅក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនបានចាប់ផ្តើមបើកហាងនៅខាងក្រៅគឺអាមេរិកខាងជើង ហើយភ្លាមៗនោះ Starbucks បានក្លាយជាហាងកាហ្វេធំជាងគេបំផុតនៅលើពិភពលោក។ ដោយដើមសតវត្សទី២១ ហាងកាហ្វេ Starbucks មានវត្តមាននៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោកជាមួយបុគ្គលិសរុបទាំងអស់ជាង៣៤ម៉ឺននាក់កំពុងដំណើរការ។

នៅពេលនោះដែរ Starbucks បានចាប់ផ្តើមលក់ម្ហូបអាហារនៅក្នុងហាងកាហ្វេរបស់ខ្លួននៅក្នុងឆ្នាំ២០០៣ លោក Kevin Johnson បានធ្វើជានាយកប្រតិបត្តិបន្តពីលោក Schultz ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរ Starbucks បាននាំចូលមកកម្ពុជានៅក្នុងឆ្នាំ២០១៦ និងបើកទ្វារហាងថ្មីបំផុតរបស់ខ្លួននៅទីតាំងនៅរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦៕