(ភ្នំពេញ)៖ ISO គឺជាឈ្មោះអង្គការស្តង់ដាអន្តរជាតិ ប៉ុន្តែពាក្យ ISO នេះ មិនមែនចេញមកពីឈ្មោះពេញ International Organization for Standardization ឡើយ គឺវាចេញមកពីពាក្យក្រិក «Isos» ដែលមានន័យថា «ស្មើភាព»។

អង្គការ ISO គឺជាស្ថាប័នធំជាងគេបំផុតខាងអភិវឌ្ឍ និងចេញផ្សាយស្តង់ដាលក្ខណៈអន្តរជាតិជាច្រើននៅជុំវិញពិភពលោក។ ស្តង់ដាទាំងអស់នេះមានសារៈសំខាន់ជាខ្លាំងសម្រាប់អនុវត្តលើការគ្រប់គ្រងចំពោះប្រតិបត្តិការ ផលិតកម្ម សេវាកម្ម និងគុណភាពរបស់ក្រុមហ៊ុនអាជីវកម្មនីមួយៗ។

ពេលដែលក្រុមហ៊ុននីមួយៗនៅជុំវិញសកលលោកអនុលោមតាមស្តង់ដារួមដូចគ្នា នោះបច្ចេកទេសនៃការគ្រប់គ្រង របៀបរបបអាជីវកម្ម ការគ្រប់គ្រងលើផលិតកម្ម ព្រមទាំងគុណភាព ផលិតផល សេវាកម្មជាដើម គឺទាំងអស់ត្រូវបានកំណត់ស្តង់ដាត្រឹមត្រូវជាអន្តរជាតិ។ មកទល់ពេលនេះ អង្គការ ISO បានចេញផ្សាយស្តង់ដាជាង២២,០០០ស្តង់ដា មានសមាជិកជាង១៦០ប្រទេស និងមានគណៈកម្មាធិការបច្ចេកទេសសម្រាប់ការអភិវឌ្ឍស្តង់ដាយ៉ាងតិច៨០០។

ខណៈ ISO អភិវឌ្ឍស្តង់ដាអន្តរជាតិដូចជា ISO 9001 ជាដើមក៏ដោយ គឺ ISO មិនជាប់ពាក់ព័ន្ធក្នុងការផ្ទៀងផ្ទាត់លើដំណើការអនុវត្តស្តង់ដារបស់ខ្លួន ដោយក្រុមហ៊ុនអាជីវកម្មណាមួយ ឬក៏ចេញវិញ្ញាបនបត្រឲ្យពួកគេឡើយ ព្រោះវាជាកិច្ចការរបស់ស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលជាភាគីទី៣។ ស្តង់ដា ISO ត្រូវបានបង្កើតឡើងសម្រាប់វិស័យជាច្រើន ដោយនីមួយៗគឺមានលេខសម្គាល់របស់ខ្លួនគឺចាប់ពីលេខ១ (ISO 1) រហូតដល់រាប់ម៉ឺន (ISO 50000...)។

ក្នុងចំណោមនោះ លេខស្តង់ដាល្បីជាងគេគឺ ISO 9000 សម្រាប់ការបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាពអាជីវកម្ម។ គុណភាព គឺជាកត្តាដ៏សំខាន់ដើម្បីជួយឱ្យអាជីវកម្មមួយរក្សាជំហរប្រកួតប្រជែងនៅក្នុងឧស្សាហកម្មនានា។ ត្រកូលស្តង់ដា ISO 9000 រួមមានលេខស្តង់ដាល្បីៗដែលគេចំណាំឃើញគឺ ISO 9001, ISO 9002, ISO 9003, និង ISO 9004 ជាដើម។ ស្តង់ដាគុណភាពរបស់ ISO ផ្តល់ការណែនាំដល់ក្រុមហ៊ុនអាជីវកម្ម និងជួយពួកគេបង្កើតនូវឧបករណ៍ចាំបាច់នានា ដើម្បីពង្រឹងគុណភាពជាលំដាប់ ហើយធានាថាពួកគេនឹងអាចបំពេញតាមតម្រូវការរបស់អតិថិជនបានជាប់ជានិច្ច និងធ្វើឱ្យអតិថិជនអាចមានជំនឿទុកចិត្តខ្ពស់។

គួរជម្រាបថា បច្ចុប្បន្នស្តង់ដា ISO 9001:2015 (2015 មានន័យថាជំនាន់ចេញផ្សាយឆ្នាំ២០១៥) គឺជាស្តង់ដាតែមួយគត់នៅក្នុងត្រកូលស្តង់ដា ISO 9000 ដែលក្រុមហ៊ុនអាជីវកម្មអាចយកទៅអនុវត្តតាម ហើយអាចទទួលបានវិញ្ញាបនបត្រ។ មកទល់ពេលនេះ មានក្រុមហ៊ុនអាជីវកម្មមិនតិចជាង១លាននោះឡើយ នៅតាមបណ្តាប្រទេសជាង១៧០ ដែលមានការទទួលស្គាល់ ISO 9001។ ស្តង់ដា ISO 9001 ពិសេសជាង ISO 9002, 9003, និង 9004 ត្រង់ថា វាគ្របដណ្តប់លើផ្នែកគុណភាពបានគ្រប់ជ្រុងជ្រោយល្អជាងគេបង្អស់។

លេខស្តង់ដាល្បីៗមួយចំនួនទៀតរបស់ ISO មានដូចជា ISO 14001 និង ISO 50001 ដែលផ្តោតលើខាងផ្នែកបរិស្ថាន និង ISO 27001 ដែលផ្តោតទៅលើសន្តិសុខព័ត៌មានជាដើម៕