(ភ្នំពេញ)៖ ATM (Automated Teller Machine) គឺជាម៉ាស៉ីនដកប្រាក់ស្វ័យប្រវត្តិដែលមានភាពជឿនលឿនចុងក្រោយគេនាសម័យបច្ចុប្បន្ន វាផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការដកប្រាក់។ តើម៉ាស៉ីនដកប្រាក់ ATM ដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃនេះមានប្រវត្តិយ៉ាងណាខ្លះ និងត្រូវបានរកឃើញដោយនរណា?

មានការអះអាង២ផ្សេងគ្នាអំពីអ្នកដែលបានរកឃើញគំនិតបង្កើតម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិដំបូង ដោយសារតគំនិតនេះត្រូវបានរកឃើញទាំងនៅសហរដ្ឋអាម៉េរិក ទាំងនៅចក្រភពអង់គ្លេស។

យើងនិយាយអំពីការរកឃើញនៅចក្រភពអង់គ្លេស៖ នៅក្នុងឆ្នាំ១៩៦៧ តក្កករជនជាតិអេកូស (Scotland) ម្នាក់មានឈ្មោះ ចន ស្សេហ្វើត បាររ៉ុន (John Shepherd-Barron) បានរកឃើញគំនិតនេះនៅពេលដែលលោកកំពុងតែអង្គុយត្រាំខ្លួននៅក្នុងបន្ទប់ទឹក ដោយលោកបាននឹកឃើញថា «ប្រសិនបើម៉ាស៊ីនលក់អាហារស្វ័យប្រវត្តិអាចបញ្ចេញដុំសូកូឡាមកបាន ហេតុអ្វីបានជាយើងមិនបង្កើតម៉ាស៊ីនបញ្ចេញសាច់ប្រាក់ទៅ?»។

បន្ទាប់ពីនោះមក បាររ៉ុន បានផ្តល់គំនិតរបស់លោកដល់ធនាគារបារក្លេយ្ស (Barclays) ដែលជាធនាគារដ៏ធំមួយនៅចក្រភពអង់គ្លេស ហើយពួកគេក៏បានទទួលយកគំនិតរបស់លោកបាររ៉ុន។ ក្រោយមកទៀត ធនាគារនេះបានដំឡើងម៉ាស៊ីន ATM នៅតាមបណ្ដាសាខារបស់ពួកខ្លួននាទីក្រុងឡុងដ៍។ នៅពេលនោះ អតិថិជនអាចដកប្រាក់បានយ៉ាងច្រើនត្រឹមតែ១០ផោនប៉ុណ្ណោះក្នុង១ថ្ងៃ។ ការប្រើប្រាស់កាតដកប្រាក់នាសម័យនោះ គឺមិនដូចកាតជ័រប្លាស្ទិកដូចដែលមានបង្កប់កូនបន្ទះឈីប (លោហធាតុដែលមានជាតិវិទ្យុសកម្ម) ដូចសព្វថ្ងៃនេះឡើយ គឺគេប្រើកាតក្រដាសម្យ៉ាងដែលបោះពុម្ពដោយទឹកថ្នាំនិងមានជាតិវិទ្យុសកម្មស្រាល សម្រាប់ដោតចូលម៉ាស៉ីន ហើយចុចបញ្ជាដកប្រាក់ចេញ។

គំនិតនៃការបង្កើតម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់លោក បារ៉ុន បានក្លាយជាដំណោះស្រាយដ៏ល្អសម្រាប់អតិថិជននៅសម័យនោះ ខណៈអតិថិជនភាគច្រើនជាប់រវល់ធ្វើការ និងមិនមានពេលគ្រប់គ្រាន់ដើម្បីទៅធនាគាររង់ចាំដកប្រាក់ ដោយសារភាគច្រើនពេលវេលាប្រតិបត្តិការ និងម៉ោងឈប់សម្រាករបស់ធនាគារ គឺដូចគ្នានឹងពេលវេលាធ្វើការរបស់អតិថិជនដែរ។

មកដល់បច្ចុប្បន្ននេះ មុខងារនិងបច្ចេកវិទ្យារបស់ម៉ាស៊ីន ATM ក៏ដូចជាកាតសម្រាប់បញ្ជាដកប្រាក់ ត្រូវបានអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង និងងាយស្រួលប្រើប្រាស់ជាងមុន ដោយសារអតិថិជនអាចដាក់ឬដកប្រាក់ពីម៉ាស៊ីននេះក្នុងពេលតែមួយបាន រីឯចំនួនប្រាក់ដែលអាចដកបានក៏កាន់តែច្រើនឡើងៗផងដែរ៕