(ភ្នំពេញ)៖ ចំណុចខុសគ្នាមួយ ដែលមនុស្សភាគច្រើនដឹងច្បាស់បំផុត រវាងភាសាអង់គ្លេសបែបចក្រភពអង់គ្លេស (British English) និង ភាសាអង់គ្លេសបែបអាមេរិក (American English) នោះគឺការដែលកីឡាហៅថា «ហ្វូតប៊ល (Football)» នៅចក្រភពអង់គ្លេស ឬយើងស្គាល់ថា បាល់ទាត់ៗ បែរជាត្រូវហៅថា «សុកខឺ (Soccer)» ទៅវិញ នៅសហរដ្ឋអាមេរិក។

ដោយសារតែកីឡាបាល់ទាត់សម័យទំនើប កកើតឡើងដំបូងនៅអង់គ្លេស ជារឿយៗក៏មានសន្និដ្ឋានថា ពាក្យ Soccer គឺជាពាក្យអាមេរិកនិយម។ ប៉ុន្តែវាមិនដូច្នោះឡើយ ដោយការពិត ពាក្យនេះមានប្រភពដើមចេញពី អង់គ្លេសសុទ្ធសាធ។ កីឡាបាល់ទាត់ ឬ Football ដែលយើងស្គាល់សព្វថ្ងៃ មានប្រវត្តិចាប់ផ្តើមកាលពីឆ្នាំ១៨៦៣ នៅពេលសមាគមកីឡាបាល់ទាត់អង់គ្លេស (Football Association) ដែលទើបបង្កើតឡើងថ្មីៗ បានចងក្រងជា​ក្បួនច្បាប់ផ្លូវការសម្រាប់ការលេងកីឡានេះ។

នាពេលនោះ វាគឺជាកីឡា Football ដែលត្រូវបានលេងយ៉ាងទូលំទូលាយជាងគេ ក្នុងចំណោមប្រភេទកីឡា Football ដទៃទៀត នៅអង់គ្លេស ប៉ុន្តែទន្ទឹមគ្នាក៏មានកីឡា Football មួយប្រភេទទៀត ដែលពេញនិយមខ្លាំងផងដែរ ហៅថា រ៉ាក់ប៊ី ហ្វូតប៊ល (Rugby Football)។ Rugby Football អនុញ្ញាតឱ្យកីឡាករឱបបាល់ ហើយរត់ទៅកាន់ហ្គោនរបស់គូប្រកួត។ ដូច្នេះហើយ សម្រាប់កីឡា Football ដែលលេងនៅក្រោមបទបញ្ញត្តិ របស់សមាគមបាល់ទាត់អង់គ្លេស ក៏ត្រូវបានហៅថា អាសូស៉ីអេសិន ហ្វូតប៊ល (Association Football) ឬបាល់ទាត់ដូចបច្ចុប្បន្ននេះ។

អំលុងទសវត្សរ៍ឆ្នាំ១៨៨០ ក្រុមនិស្សិតផ្នែកភាសាសាស្រ្ត នៃសាកលវិទ្យាល័យអុកហ្វត (University of Oxford) បានបង្កើតពាក្យពីរ ដើម្បីព្យាយាមញែកឱ្យដាច់រវាងកីឡា Football ដ៏ពេញនិយមទាំងពីរ គឺ Rugby Football ត្រូវបានហៅថា «រ៉ាក់ហ្គើ (Rugger)» ខណៈ Association Football ត្រូវបានហៅថា «អាសសុកខឺ (Assoccer)»។ ក្រោយមកពាក្យ Assoccer ក៏ត្រូវបានបង្រួញឱ្យខ្លីថែមទៀត មកនៅត្រឹមជា «សុកខឺ (Soccer)» ហើយក៏ល្បីពេញសាកលវិទ្យាល័យ។ ទោះជាបែបនេះក្តី ពាក្យ Soccer គឺមិនបានក្លាយជាអ្វីលើសពី ឈ្មោះហៅក្រៅសម្រាប់កីឡាបាល់ទាត់ នៅក្នុងចក្រភពអង់គ្លេសឡើយ។ ឈានមកដល់សតវត្សរ៍ទី២០ Rugby football ក៏ត្រូវគេហៅជាទូទៅត្រឹម Rugby រីឯ Association Football ក៏ត្រូវគេហៅត្រឹម Football និងស្គាល់ពាសពេញពិភពលោក រហូតមកទល់ឥឡូវ។

ដោយឡែក នៅសហរដ្ឋអាមេរិកឯណោះវិញ កីឡាមួយបានលេចឡើងកាលពីចុងសតវត្សរ៍ទី១៩ ដែលបានខ្ចីធាតុផ្សេងៗទាំងពី Rugby Football ផងនិងពី Association Football ផង ហើយមិនយូរប៉ុន្មានក៏បានក្លាយជា កីឡាដ៏ពេញនិយមបំផុតនៅទីនោះ។ កីឡានោះមានឈ្មោះពេញថា «ហ្គ្រីឌីរ៉ុន ហ្វូតប៊ល (Gridiron Football)» ប៉ុន្តែប្រជាជនអាមេរិកភាគច្រើនមិនសូវហៅពាក្យ Gridiron ដែលនៅខាងមុខឡើយ។ ជាលទ្ធផល ក្រុមអ្នកដែលលេងកីឡា Association Football នៅអាមេរិក ក៏បាននាំគ្នាប្រើប្រាស់ពាក្យ Soccer សំដៅទៅលើប្រភេទកីឡាបាល់ទាត់របស់ពួកគេ ដើម្បីបែកចែកឱ្យដាច់ពី Gridiron Football ដែលនិយមហៅខ្លីថាត្រឹម Football។

ចំណែកសមាគមបាល់ទាត់របស់សហរដ្ឋអាមេរិក United States Football Association ដែលបានបង្កើតឡើងកាលពីទសវត្សរ៍ឆ្នាំ ១៩១០ ដើម្បីជាស្ថាប័នផ្លូវការសម្រាប់គ្រង់គ្រងកីឡាបាល់ទាត់អាមេរិក ក៏បានផ្លាស់ប្តូរឈ្មោះទៅជា United States Soccer Football Association នៅឆ្នាំ១៩៤៥ ហើយក្រោយមកក៏លុបពាក្យ Football ចេញឱ្យដាច់ស្រឡះតែម្តង។

គួរបញ្ជាក់ថា មិនមែនតែសហរដ្ឋអាមេរិកទេ ដែលហៅកីឡាបាល់ទាត់ថា Soccer។ ប្រទេសមួយចំនួនទៀត ដែលមានកីឡា Football ក្នុងទម្រង់ដទៃ និងពេញនិយមនៅក្នុងប្រទេសពួកគេដែរនោះ ក៏ដូចគ្នា។ តួយ៉ាងដូចជា កាណាដាដែលមានកីឡា Gridiron Football ស្រដៀងទៅនឹងអាមេរិក ខណៈនៅអៀរឡង់មានកីឡា Gaelic Football រីឯនៅអូស្រ្តាលីមានកីឡា Australian rules Football ដែលយកតាមលំនាំកីឡា Rugby។ និយាយរួម ពាក្យ Football គឺអាចសំដៅទៅលើកីឡាខុសៗគ្នា ដោយអាស្រ័យលើប្រទេសនីមួយៗ បើទោះបីជាមនុស្សភាគច្រើនស្គាល់វាទូទៅថាជា កីឡាបាល់ទាត់ក៏ដោយ ប៉ុន្តែសម្រាប់ពាក្យ Soccer វិញ គឺច្បាស់ណាស់ថា វាសំដៅទៅលើបាល់ទាត់១០០ភាគរយ៕