(ភ្នំពេញ)៖ ហ្កាំ (Guam) ដែលជាកូនកោះតូចមួយនៅភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិកបានក្លាយជាដែនដីរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ហើយវាត្រូវគេចាត់ទុកជាចំណុចតភ្ជាប់មួយផ្តល់លក្ខណៈយុទ្ធសាស្រ្តយ៉ាងសំខាន់រវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអាស៉ី។

កោះហ្កាំចម្ងាយជិត១០,០០០គីឡូម៉ែត្រពីសហរដ្ឋអាមេរិក។ ហេតុផលតែមួយគត់ដែលសហរដ្ឋអាមេរិកមកដណ្តើមយកកោះហ្កាំ គឺដោយសារកាលនោះ សហរដ្ឋអាមេរិកប៉ះសឹកជាមួយអេស៉្បាញ។ នៅពេលសង្រ្គាមអាមេរិក-អេស៉្បាញផ្ទុះឡើងកាលពីខែមេសា ឆ្នាំ១៨៩៨ កោះហ្កាំស្ថិតក្រោមការត្រួតត្រារបស់អេស៉្បាញនៅឡើយទេ គឺចាប់តាំងពីទសវត្សរ៍ឆ្នាំ១៦០០មកម្ល៉េះ។

តាមពិតទៅសហរដ្ឋអាមេរិកចង់បានហ្វីលីពីនរបស់អេស៉្បាញឯណោះទេ ប៉ុន្តែសហរដ្ឋអាមេរិកយល់ថាខ្លួនត្រូវតែកាន់កាប់កោះហ្កាំជាមុនសិន ដើម្បីអាចបន្តទៅឈោងចាប់ហ្វីលីពីន។ ចម្ងាយរវាងហ្វីលីពីននិងហ្កាំគឺត្រឹមជាង២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ។ នៅខែមិថុនា ឆ្នាំ១៨៩៨ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងឈ្មោះ យូអេសអេស ឆាលីស្តុន (USS Charleston) ឲ្យទៅដណ្តើមយកកោះហ្កាំ។

ពេលដែលនាវា Charleston ទៅដល់កោះហ្កាំ កងទ័ពសហរដ្ឋអាមេរិកនៅលើនាវាបានបញ្ជូនសញ្ញាដើម្បីឲ្យខាងអេស៉្បាញដឹងអំពីវត្តមានពួកគេ។ ខាងសហរដ្ឋអាមេរិករំពឹងថាពួកអេស៉្បាញនឹងឆ្លើយតបមកវិញតាមរយៈការចេញមកការពារកោះរបស់ពួកគេពីការឈ្លានពានរបស់ខ្លួន។ ប៉ុន្តែពេលនោះមិនមានការឆ្លើយតបអ្វីទាំងអស់។ ប៉ុន្មានម៉ោងកន្លងផុតទៅ អាជ្ញាធរអេស៉្បាញក៏បានជិះទូកមួយមករកនាវា Charleston ដើម្បីជជែកជាមួយកងទ័ពអាមេរិកទៅវិញ។ ការពិតអេស៉្បាញយល់ច្រឡំថា សញ្ញារបស់នាវាសហរដ្ឋអាមេរិកគឺជាការគោរពរាក់ទាក់ ឬការស្វាគមន៍។ និយាយរួមគឺអាជ្ញាធរអេស៉្បាញដែលស្ថិតនៅលើកោះហ្កាំមិនបានដឹងថាអេស៉្បាញនិងអាមេរិកបានផ្ទុះសង្រ្គាមជាមួយគ្នាអស់ពីរខែមកហើយទេ។

ទីបំផុតនៅពេលភាគីទាំងសងខាងយល់ច្បាស់ហើយថា ពួកគេជាសត្រូវនឹងគ្នានោះ ខាងសហរដ្ឋអាមេរិកបានស្នើឲ្យទេសាភិបាលដ្ឋានអេស៉្បាញប្រចាំកោះហ្កាំប្រកាសចុះចាញ់ដោយទុកពេលឲ្យ៣០នាទី។ ទេសាភិបាលអេស៉្បាញក៏បានយល់ព្រម ហើយកោះហ្កាំក៏បានក្លាយជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក។ កងទ័ពអាមេរិកបានស្ថិតនៅទីនោះតែជាងមួយថ្ងៃប៉ុណ្ណោះ ហើយពួកគេមិនបានទុកនរណាម្នាក់ឲ្យនៅមើលខុសត្រូវលើកោះហ្កាំឡើយ និងថែមទាំងបានយកទង់ជាតិត្រឡប់ទៅវិញទៀត។

វាគឺជាព្រឹត្តិការណ៍ដំបូងនិងចុងក្រោយបំផុតរវាងភាគីទាំងពីរក្នុងអំឡុងសង្រ្គាមអាមេរិក-អេស៉្បាញ ដែលបានកើតឡើងនៅលើកោះហ្កាំ ហើយមិនមានការបង្ហូរឈាមគ្នាអ្វីទាំងអស់។ នៅពេលឈ្នះសង្រ្គាម សហរដ្ឋអាមេរិកបានប្រែក្លាយកោះហ្កាំទៅជាដែនដីផ្លូវការរបស់ខ្លួន ហើយជនជាតិនៅលើកោះនេះ ដែលរដ្ឋាភិបាលអាមេរិកហៅថា ហ្កាំម៉ានៀន ឥឡូវគឺជាពលរដ្ឋអាមេរិកតាំងពីកំណើតតែម្តង។

យ៉ាងណាក្តី មិនដូចពលរដ្ឋអាមេរិកនៅរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិកទៀតឡើយ គឺអ្នករស់នៅលើកោះហ្កាំពុំមានសិទ្ធិបោះឆ្នោតប្រធានាធិបតីទេ។ ដូចទៅនឹងពលរដ្ឋអាមេរិកដែលនៅរដ្ឋធានីវ៉ាស៉ីនតោន និងដែនដីរដ្ឋបាលអាមេរិកដទៃៗទៀត រួមមាន ព័រតូរីកូ (Puerto Rico) ប្រជុំកោះម៉ារីយ៉ាណាខាងជើង (Northern Mariana Islands) ដែលនៅក្បែរកោះហ្កាំ ប្រជុំកោះវើជីន (US Virgin Islands) និងកោះសាម៉ូអា (American Samoa) គឺប្រជាជនប្រមាណជាង១៦០,០០០នាក់នៅលើកោះហ្កាំពុំមានតំណាងបោះឆ្នោតនៅក្នុងសភាជាតិអាមេរិកឡើយ៕