(បរទេស)៖ ប្រសិនបើនិយាយដល់គ្រោះធម្មជាតិផ្ទុះភ្នំភ្លើង យើងធ្លាប់ដឹងថាកាលពីសម័យចក្រភពរ៉ូមបុរាណ បន្ទុះភ្នំភ្លើងវេស៊ូវ្យូស (Vesuvius) បានសម្លាប់មនុស្សយ៉ាងច្រើនអនេកនៅទីក្រុងប៉ុមពេអ៉ី (Pompeii)។ បន្ទុះភ្នំភ្លើងដែលគ្រោះធម្មជាតិមួយមិនអាចជៀសបាននោះគឺតែងកើតមានជារឿយៗ គ្រាន់តែវាបង្កជាមហន្តរាយតិច ឬច្រើនប៉ុណ្ណោះ។

នៅដើមសតវត្សទី១៨ ហេតុការណ៍ផ្ទុះភ្នំភ្លើងមួយបានសម្លាប់មនុស្សរាប់សែនរាប់លាននាក់ និងបង្កជាមហន្តរាយជាច្រើនទៀតដល់អ្នករស់នៅ នោះគឺបន្ទុះភ្នំភ្លើងតាមបូរ៉ា (Tambora) នៅប្រទេសឥណ្ឌូណេស៊ី។ ហេតុការណ៍នេះបានកើតឡើងនាអំលុងឆ្នាំ១៨១៥ ដែលត្រូវបានអ្នកប្រវត្តិសាស្រ្តចាត់ទុកជាបន្ទុះភ្នំភ្លើងដែលសម្លាប់មនុស្សភ្លាមៗច្រើនបំផុត។

មានសំណួរថាតើកាលពីមុន អាចមានហេតុការណ៍បន្ទុះភ្នំភ្លើងផ្សេងទៀតដែលបានសម្លាប់មនុស្សច្រើនជាងបន្ទុះភ្នំភ្លើងតាមបូរ៉ាដែរឬទេ? ចម្លើយគឺប្រហែលជាអាចមាន ប៉ុន្តែគេមិនអាចដឹងឱ្យច្បាស់ប្រាកដឡើយថាក្នុងចំនួនប៉ុនណា។ ហេតុនេះហើយអ្នកប្រវត្តិសាស្រ្តបានមូលមតិគ្នាថា បន្ទុះភ្នំភ្លើងតាមបូរ៉ានៅប្រទេសឥណ្ឌូណេស៉ីនេះ ជាបន្ទុះភ្នំភ្លើងដែលបង្កឱ្យមានមនុស្សស្លាប់ភ្លាមៗច្រើនបំផុត ក្នុងរង្វង់១សែននាក់។

ក្រៅពីមានអ្នកស្លាប់ភ្លាមៗ ក៏មានមនុស្សជាច្រើនទៀតបានបាត់បង់ជីវិតតាមក្រោយក្នុងពេលប៉ុន្មានឆ្នាំបន្ទាប់ពីការផ្ទុះភ្នំភ្លើងនេះផងដែរ។ អ្វីដែលបានកើតឡើងក្រោយការផ្ទុះភ្នំភ្លើងតាមបូរ៉ា គឺបានធ្វើឱ្យអាកាសធាតុប្រែប្រួលខ្លាំង ក្នុងនោះវាបានធ្វើឱ្យបរិយាកាសចុះត្រជាក់ជាងមុន ហើយប្រព័ន្ធអាកាសធាតុបានផ្លាស់ប្តូរទាំងស្រុងអស់រយៈពេល៣ឆ្នាំ។ ប្រការនេះបានប៉ះពាល់ដល់ផលដំណាំនៅជុំវិញពិភពលោក ហើយគ្រោះទុរ្ភិក្សក៏បានកើតមានឡើងចាប់តាំងពីតំបន់អាស៉ីរហូតដល់អឺរ៉ុបនិងអាមេរិក។

សម្រាប់អ្នកវិទ្យាសាស្ត្រ វាជារឿងពិបាកប៉ាន់ស្មានឱ្យច្បាស់ថា មានមនុស្សប៉ុន្មាននាក់បានស្លាប់ដោយសារតែគ្រោះអត់ឃ្លាន ប៉ុន្តែចំនួនអ្នកស្លាប់ប្រហែលជាមានយ៉ាងហោចខ្ទង់១លាននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយបន្ទុះភ្នំភ្លើងតាមបូរ៉ា។

មានការពន្យល់បកស្រាយពីអ្នកវិទ្យាសាស្ត្រថា ជាទូទៅ ភ្នំភ្លើងនៅក្បែរតំបន់អេក្វាទ័រអាចបណ្តាលឱ្យមានការផ្លាស់ប្តូរអាកាសធាតុនៅជុំវិញពិភពលោកទាំងមូល ប្រសិនបើការផ្ទុះរបស់ពួកវាមានថាមពលខ្លាំងគ្រប់គ្រាន់ ដែលអាចបញ្ចេញឧស្ម័នផ្សេងៗទៅក្នុងបរិយាកាសបាន។ ឧស្ម័នទាំងនេះត្រូវជាប់នៅទីនោះដោយសារពួកវាស្ថិតនៅរយៈកម្ពស់ខ្ពស់ពេក ដែលទឹកភ្លៀងមិនអាចហូរនាំយកទៅក្រោមវិញបាន។ បន្ទាប់មក ពួកវាក៏ធ្វើដំណើរតាមខ្សែបន្ទាត់អេក្វាទ័រ ហើយសាយភាយទៅកាន់តំបន់ប៉ូលទាំងពីរ។ តាមរយៈនេះ បរិមាណកម្តៅពីព្រះអាទិត្យដែលអាចឆ្លងកាត់បរិយាកាស ត្រូវបានកាត់បន្ថយ។ បញ្ហានេះប៉ះពាល់យ៉ាងខ្លាំងទៅលើប្រព័ន្ធអេកូឡូស៊ីដែលមនុស្សលោកយើងរស់នៅ។ ជាក់ស្ដែង ការថយចុះសីតុណ្ហភាពបរិយាកាសផែនដី ដែលបង្កឡើងដោយបន្ទុះភ្នំភ្លើងតាមបូរ៉ាបានធ្វើឱ្យភ្លៀងលែងសូវធ្លាក់ ហើយដំណាំពុំអាចដាំដុះបានល្អ ព្រមទាំងមានគ្រោះទុរ្ភិក្សនៅតាមតំបន់ជាច្រើននៃពិភពលោក។

បើតាមអ្នកជំនាញ ផលប៉ះពាល់ដោយប្រយោលពីបន្ទុះភ្នំភ្លើង គឺគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងជាងផលប៉ះពាល់ដោយផ្ទាល់របស់វា។ ប៉ុន្តែទោះជាយ៉ាង នាពេលបច្ចុប្បន្ន ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា យើងមានលទ្ធភាពអាចព្យាករណ៍បានត្រឹមត្រូវជាងមុនអំពីពេលវេលានៃការផ្ទុះភ្នំភ្លើងណាមួយ។ ប្រការនេះអនុញ្ញាតឱ្យមានការជម្លៀសខ្លួនមនុស្ស និងការដាក់ចេញចំណាត់ការសុវត្ថិភាពបានទាន់ពេលវេលា៕