(ពិភពលោក)៖ ប្រេងឆៅ គឺកំណប់ធនធានធម្មជាតិដ៏សំខាន់បំផុតមួយ ដោយវាជាប្រភពថាមពលដ៏ចម្បងសម្រាប់ការរស់នៅរបស់មនុស្សជាតិនៅលើផែនដី។ ភាគច្រើននៃវត្ថុធាតុដើមប្រភេទនេះ គឺមាននៅតំបន់មជ្ឈិមបូព៌ា សមុទ្រពែក្ស សមុទ្រការីបង់ជាដើម។ គេអាចចម្រាញ់ប្រេងឆៅទៅជាប្រេងសាំង ប្រេងម៉ាស៊ូត ឥន្ធនៈយន្តហោះ និងប្រេងរំអិលជាដើម។

ជាលក្ខណៈសកល រង្វាស់រង្វាល់ប្រេងត្រូវបានគិតជា «បារ៉ែល»។

ខាងក្រោមគឺជាប្រទេសទាំង ១០ ដែលមានធនធានប្រេងឆៅច្រើនជាងគេ៖

១០៖ ប្រទេសនីហ្សេរីយ៉ា
ប្រទេសនៅតំបន់អាហ្វ្រិកខាងលិចមួយនេះ មានបរិមាណប្រេងឆៅប្រមាណ ៣៧.១០ ពាន់លានបារ៉ែល។

៩៖ ប្រទេសលីប៊ី
ប្រទេសលីប៊ី ស្ថិតនៅតំបន់ភាគខាងជើងនៃទ្វីបអាហ្រ្វិក ដែលមានបរិមាណប្រេងឆៅប្រមាណ ៤៨.៤០ ពាន់លានបារ៉ែល។

៨៖ ប្រទេសរុស្ស៉ី
ប្រទេសរុស្ស៉ី ជាប្រទេសធំជាងគេបំផុតនៅលើពិភពលោក ដែលមានស្តុកទុកនូវធនធានប្រេងឆៅប្រមាណ ៨០ ពាន់លានបារ៉ែល។

៧៖ អេមីរ៉ាត់អារ៉ាប់រួម
ប្រទេសអារ៉ាប់មួយនេះ មានធនធានប្រេងឆៅប្រមាណ ៩៧.៨០ ពាន់លានបារ៉ែល។

៦៖ ប្រទេសគុយវែត ឬកូវ៉ែត
ប្រទេសអារ៉ាប់មួយនេះមានបរិមាណប្រេងឆៅប្រមាណ ១០១.៥០ ពាន់លានបារ៉ែល។

៥៖ ប្រទេសអ៉ីរ៉ាក់
ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ មានធនធានប្រេងឆៅប្រមាណ ១៤២.៥០ ពាន់លានបារ៉ែល។

៤៖ ប្រទេសអ៉ីរ៉ង់
ប្រទេសអ៉ីរ៉ង់ មានធនធានប្រេងឆៅប្រមាណ ១៥៨.៤០ ពាន់លានបារ៉ែល។

៣៖ ប្រទេសកាណាដា
ប្រទេសនៅតំបន់អាមេរិកខាងជើងមួយនេះ មានធនធានប្រេងឆៅប្រមាណ ១៦៩.៧០ ពាន់លានបារ៉ែល។

២៖ ប្រទេសអារ៉ាប៊ីសាអូឌីត
ព្រះរាជាណាចក្រអារ៉ាប៊ូសាអូឌីត មានប្រេងឆៅចំនួន ២៦៦.៥០ ពាន់លានបារ៉ែល។

១៖ ប្រទេសវេណេស៊ុយអេឡា
ក្នុងនាមប្រទេសមានធនធានប្រេងឆៅច្រើនជាងគេលើលោក វេណេស៊ុយអេឡាមានប្រេងឆៅប្រមាណ ៣០០.៩០ ពាន់លានបារ៉ែល។

គួរបញ្ជាក់ថា ទោះបីជាមានធនធានធម្មជាតិច្រើនសម្បើមក៏ដោយ ក៏វេណេស៊ុយអេឡានៅតែជាប្រទេសកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ វេណេស៊ុយអេឡា និងអារ៉ាប៊ីសាអូឌីត មានចំនួនប្រជាជនអាចប្រៀបធៀបគ្នាបានមែន ប៉ុន្តែសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត គឺធំជាងវេណេស៊ុយអេឡាដល់ទៅទ្វេដង។

ជាការពិតណាស់ ទីតាំងប្រេងទាំងនោះរបស់ប្រទេសវេណេស៊ុយអេឡា ភាគច្រើនស្ថិតនៅឯនាយសមុទ្រការីបង់ និងកប់ជ្រៅនៅក្រោមដី ដែលជាហេតុធ្វើឲ្យថ្លៃចំណាយដើម្បីបូមយកប្រេងចេញមក គឺខ្ពស់កប់ពពក រហូតដល់ថ្នាក់មិនអាចមានការចំណេញបាន។ ផ្ទុយទៅវិញ ធនធានប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត ស្ថិតនៅក្រោមបាតសមុទ្រ និងក្រោមដីមិនជាជ្រៅប៉ុន្មាននោះឡើយ ដែលងាយក្នុងការបូមយក៕