(ភ្នំពេញ)៖ ប្រសិនបើអ្នកកំពុងស្ថិតក្នុងសម័យចុងសតវត្សទី១៩ អ្នកច្បាស់ជាពេញនិយមពាក់ «មួកខាវប៊យ» បង្អួតអ្នកផងជាក់ជាមិនខាន ពីព្រោះមួកប្រភេទនេះពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅកាលសម័យនោះ ពិសេសនៅសហរដ្ឋអាមេរិក អឺរ៉ុប បូករួមទាំងបណ្ដារដ្ឋក្រោមអាណានិគមផងដែរ។ តើអ្នកដឹងទេថា មួកខាវប៊យមានប្រភពមកពីណា ហើយបង្កើតឡើងនៅពេលណា?

មួកខាវប៊យ ត្រូវបានផលិតឡើងដំបូងដោយជនជាតិអាមេរិកម្នាក់ឈ្មោះ ចន ប៊ី. ស្តេតសុន (John B. Stetson)។ លោកគឺជាម្ចាស់ក្រុមហ៊ុនផលិតមួកនេះតែម្ដង ដែលមានឈ្មោះថា ក្រុមហ៊ុន John B. Stetson Company។ លោកបានផលិតមួកប្រភេទនេះដំបូងនៅអំលុងឆ្នាំគ្រិស្ដសករាជ ១៨៦៥។ លោក ចន ប៊ី. ស្ដេតសុន កើតនៅឆ្នាំគ្រិស្ដសករាជ ១៨៣០ ក្នុងទីក្រុង Orange រដ្ឋញូវចឺរស៉ី (New Jersey) ប៉ែកខាងលិចសហរដ្ឋអាមេរិក។

លោក ស្តេតសុន ផលិតមួកនេះពីស្បែកសត្វដែលមិនជ្រាបទឹក ហើយអាចត្រងទឹក ឬដួសទឹក និងអាចធ្វើជាផ្លិតសម្រាប់បក់ថែមទៀតផង។ ការដែលលោកចេះធ្វើមួក ក៏ព្រោះលោកបានហាត់រៀនពីឪពុករបស់លោក ហើយចាប់ផ្តើមផលិតវាឡើង ដោយមានការច្នៃប្រឌិតបន្ថែម ដែលតម្រូវតាមចំណង់ចំណូលចិត្តរបស់ប្រជាជននៅតំបន់អាមេរិកប៉ែកខាងលិច។

ដោយមានការពេញនិយមខ្លាំងឡើងៗ ពួកអ្នកស្រុកនៅអាមេរិកប៉ែកខាងលិចហៅមួករបស់ ស្តេតសុន ថា «Boss of the Plains» ប៉ុន្តែសម្រាប់មនុស្សនៅទូទាំងពិភពលោក ពួកគេបានហៅឈ្មោះមួកនេះថា «មួកស្ដេតសុន» ដោយសារតែលោកបានដៅឈ្មោះក្រុមហ៊ុនលោក គឺ John B. Stetson Company នៅលើមួកទាំងអស់ដែលនាំចេញទៅទីផ្សារខាងក្រៅ។

ពាណិជ្ជនាម (Brand) មួកខាវប៊យស្ដេតសុនក៏មានឈ្មោះបោះសំឡេងជាងគេប្រចាំនៅតំបន់អាមេរិកប៉ែកខាងលិច។ ក្រុមតារាផប់ខាវប៊យ (Cowboy pop) ល្បីៗជាច្រើននាក់ សុទ្ធតែពាក់មួកស្ដេតសុននេះ។ ពិសេសជាងនេះ ភ្នាក់ងារឧទ្យានជាតិ និងកងទ័ពសេះរបស់សហរដ្ឋអាមេរិកទាំងអស់ ព្រមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកជាច្រើនរូប ក៏សុទ្ធតែធ្លាប់ពាក់មួកស្ដេតសុននេះផងដែរ។

ខុសពីប្រជាជននៅប្រទេសដទៃ ប្រជាជនខ្មែរ ក៏ដូចជាប្រជាជនអាស៉ីដទៃទៀត មិនសូវហៅឈ្មោះមួកនេះថា «មួកស្ដេតសុន» នោះទេ ពោលគឺពួកគេបែរជានិយមហៅថា «មួកខាវប៊យ» ទៅវិញ ពីព្រោះតែពួកគេឃើញក្រុមតារាផប់ខាវប៊យនិយមពាក់មួកនេះនៅពេលសម្ដែងម្ដងៗ៕