(ចក្រវាឡ)៖ កាឡាស៉ី (Galaxy) គឺជាហ្វូងតារា ឬកញ្ចុំផ្កាយ រួមទាំងប្រព័ន្ធតារា ធូលី ឧស្ម័ន និងទឹកកកដ៏ច្រើនអនេកនៅក្នុងលម្ហចក្រវាឡដ៏ធំល្វឹងល្វើយ ហើយផ្ដុំគ្នាចេញជារូបរាងផ្សេងៗទៅតាមកម្លាំងទំនាញសកល សូម្បីតែផែនដីយើងក៏ស្ថិតនៅក្នុងកាឡាស៉ីដ៏ធំមួយផងដែរ។

តារាវិទូមិនប្រាកដអំពីចំនួនពិតប្រាកដនៃកាឡាក់ស៊ីនោះឡើយ។ ពួកគេបានត្រឹមតែផ្ដិតយករូបភាពកាឡាក់ស៊ីដល់ទៅរាប់លាន តាមរយៈឧបករណ៍តេឡេទស្សន៍ (Telescope) ហើយជឿថាអាចមានដល់ទៅរាប់ពាន់លានកាឡាក់ស៊ីឯណោះក្នុងលម្ហចក្រវាឡនេះ។

ក្រុមតារាវិទូក៏បានបែងចែករូបរាងកាឡាក់ស៊ីជា ៣ ទម្រង់ធំៗ រួមមាន កាឡាក់ស៉ីរាងគូទខ្យង (Spiral) កាឡាក់ស៉ីរាងពងក្រពើ (Elliptical) និងកាឡាស៉ីរាងមិនទៀងទាត់ (Irregular) ដោយសារតែរូបរាងរបស់វាមានភាពមិនច្បាស់លាស់។ ចំណែកប្រព័ន្ធព្រះអាទិត្យយើង (Sola System) គឺស្ថិតនៅជាយខាងនៃកាឡាក់ស៉ីរាងគូទខ្យងមួយ មានឈ្មោះថា កាឡាក់ស៉ីគន្លងដំរីស ឬ កាឡាក់ស៉ីមីលគីវេយ៍ (Milky Way)។

ប្រសិនបើយើងមើលពីផែនដីដោយភ្នែកទទេ យើងអាចមើលឃើញកាឡាក់ស៉ីគន្លងដំរីសរបស់យើង និងកាឡាក់ដទៃចំនួន ៣ ទៀត ដោយនៅបរិវេណអឌ្ឍគោលខាងជើង យើងអាចមើលឃើញកាឡាក់ស៉ីគន្លងដំរីសរបស់យើង និងកាឡាក់ស៉ីអង់ដ្រូមេដា (Andromeda) ឬហៅថា កាឡាក់ស៉ី M31។ ចំណែកឯនៅអឌ្ឍគោលខាងត្បូង យើងនឹងអាចមើលឃើញកាឡាក់ស៉ីម៉ាសេឡង់ធំ (Large Magellan) និងកាឡាក់ស៉ីម៉ាសេឡង់តូច (Small Magellan)។

មនុស្សមួយចំនួនដែលមានខ្សែភ្នែកល្អបានអះអាងថា គេមើលឃើញកាឡាក់ស៊ីដទៃបាន ៣ ទៀត ដូចជា កាឡាក់ស៉ី M33 ក្នុងហ្វូងផ្កាយត្រីកោណ កាឡាក់ស៉ី M81 ក្នុងហ្វូងផ្កាយខ្លាឃ្មុំធំ និងកាឡាក់ស៉ី M83 ក្នុងហ្វូងផ្កាយពស់ទឹក ប៉ុន្តែស្ទើរតែមិនអាចទៅរួចទេដែលពិសោធទៅឃើញថាពាក្យអាងទាំងនោះជាការពិត៕