(ពិភពលោក)៖ អត្ថបទកន្លងទៅនេះ Fresh News Plus បានរៀបរាប់អំពីលោកយាយចំនួន ១០ នាក់ ដែលត្រូវបានទទួលស្គាល់ថាជាមនុស្សធ្លាប់មានអាយុវែងជាងគេនៅក្នុងប្រវត្តិសាស្រ្ត ដោយពួកគាត់សុទ្ធតែបានចែកឋានអស់ទៅហើយ។ ឥលូវយើងខ្ញុំនឹងលើកបង្ហាញពីលោកយាយចំនួន ៥ នាក់ផ្សេងទៀត ដែលត្រូវបានទទួលស្គាល់ថាជាបុគ្គលកំពុងមានអាយុវែងជាងគេវិញម្តង។

អាយុពួកគាត់ទាំងប្រាំនាក់ខាងក្រោម គឺគិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះរួមមាន៖

៥៖ លោកយាយ Tekla Juniewicz

លោកយាយ ថេក្លា ជូនីវិច (Tekla Juniewicz) បានកើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩០៦ នៅក្រុងគ្រូបស្កេ (Krupske) ដែលបច្ចុប្បន្នស្ថិតក្នុងតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែន។ សព្វថ្ងៃ លោកយាយ ជូនីវិច កំពុងរស់នៅក្នុងទីក្រុងហ្គ្លីវីសេ (Gliwice) នៃប្រទេសប៉ូឡូញ ជាមួយចៅប្រុសឈ្មោះ អាដាំ (Adam) ដែលជាអ្នកជួយមើលថែគាត់។ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកយាយ ជីនីវិច មានអាយុ ១១៥ ឆ្នាំ និង ២៨ ថ្ងៃ។

៤៖ លោកយាយ Antonia da Santa Cruz

លោកយាយ អាន់តូនីញ៉ា ដា សាន់តាគ្រូស (Antonia da Santa Cruz) បានកើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩០៥ នៅប្រទេសប្រេស៉ីល។ សព្វថ្ងៃលោកយាយកំពុងរស់នៅជាមួយកូនស្រីអាយុ ៨១ ឆ្នាំ នៅប្រទេសប្រេស៉ីល។ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកយាយ សាន់តាគ្រូស មានអាយុ ១១៦ ឆ្នាំ និង ២៥ ថ្ងៃ។

៣៖ លោកយាយ Francisca Celsa dos Santos

លោកយាយ ហ្រ្វាន់ស៉ីស្កា សេលសា ដូស សានតូស (Francisca Celsa dos Santos) បានកើតនៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៩០៤ នៅប្រទេសប្រេស៉ីល។ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកយាយមានអាយុ ១១៦ ឆ្នាំ និង ២៦០ ថ្ងៃ។

២៖ លោកយាយ Lucile Randon

លោកយាយ លូស៉ីល រ៉ង់ដុង (Lucile Randon) ឬដូនជីអាន់ដ្រេ (Sister Andre) បានកើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩០៤ នៅប្រទេសបារាំង។ លោកយាយ រ៉ង់ដុង បានក្លាយជាដូនជីប្រមាណ ៧៧ ឆ្នាំមកហើយ។ កាលពីដើមឆ្នាំ២០២១នេះ លោកយាយបានឆ្លងជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលមើលថែទាំចាស់ជរាមួយកន្លែងក្នុងប្រទេសបារាំង ប៉ុន្តែបានជាសះស្បើយវិញ។ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកយាយ រ៉ង់ដុង មានអាយុ ១១៧ ឆ្នាំ និង ១៤៧ ថ្ងៃ។

១៖ លោកយាយ Kane Tanaka

លោកយាយ កាណេ តាណាកា (Kane Tanaka) បានកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ នៅភូមិមួយឈ្មោះថា វ៉ាជីរ៉ូ (Wajiro) ដែលឥលូវជាផ្នែកនៃទីក្រុងហ៊្វូគូអូកា (Fukuoka) ក្នុងខេត្តហ៊្វូគូអូកា ប្រទេសជប៉ុន។ លោកយាយ តាណាកា ធ្លាប់ឆ្លងកាត់ការវះកាត់ជំងឺមហារីកលំពែង និងមហារីកពោះវៀនធំ កាលពីអាយុ ៤៥ ឆ្នាំម្ដង និងនៅអាយុ ១០៣ ឆ្នាំម្ដងទៀត ដោយជោគជ័យ។ លោកយាយទទួលបានឋានៈជាមនុស្សចំណាស់បំផុតដែលកំពុងនៅមានជីវិត កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ លោកយាយ តាណាកា បានបំបែកកំណត់ត្រាជាជនជាតិជប៉ុនដែលមានអាយុវែងបំផុត។ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកយាយ តាណាកា មានអាយុ ១១៨ ឆ្នាំ និង ១៨៧ ថ្ងៃ៕