(ពិភពលោក)៖ ជាមធ្យមអាយុរំពឹងរស់របស់មនុស្សយើង គឺត្រឹមជាង ៧០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក៏មានបុគ្គលមួយចំនួនមានអាយុវែងៗខ្លាំងផងដែរ។ ក្រុមមនុស្សវ័យចំណាស់ដែលរស់នៅបានដល់អាយុ ១១០ ឆ្នាំឡើងទៅ ត្រូវគេហៅថា ស៊ូភើសេនថេណារាន (Supercentenarian)។

ដូច្នេះហើយ Fresh News Plus នឹងលើកឡើងអំពីមនុស្សចំណាស់ៗបំផុតទាំង ១០ នាក់ក្នុងប្រវត្តិសាស្រ្ត ដែលបានលាចាកលោកអស់ទៅហើយ ក្នុងនោះរួមមាន៖

១០៖ ស្ត្រីឈ្មោះ Susannah Mushatt Jones

លោកយាយ ស៊ូសានណា ម៉ាស្សេត ចូន (Susannah Mushatt Jones) កើតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៨៩៩ ក្នុងសហរដ្ឋអាមេរិក។ លោកយាយ ចូន បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ដោយមានអាយុ ១១៦ ឆ្នាំ និង ៣១១ ថ្ងៃ។

៩៖ ស្ត្រីឈ្មោះ Maria Capovilla

លោកយាយ ម៉ារីយ៉ា កាប៉ូវីលឡា (Miaria Capovilla) កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៨៨៩ ក្នុងប្រទេសអេក្វាទ័រ នៃតំបន់អាមេរិកខាងត្បូង។ លោកយាយ កាប៉ូវីលឡា មានអាយុ ១១៦ ឆ្នាំ និង ៣៤៧ ថ្ងៃ នៅពេលទទួលមរណភាពកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៦។

៨៖ ស្ត្រីឈ្មោះ Misao Okawa

លោកយាយ មីសាវ អូកាវ៉ា (Misao Okawa) កើតនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ១៨៩៨ ក្នុងប្រទេសជប៉ុន។ ពេលដែលលោកយាយ អូកាវ៉ា ទទួលមរណភាពកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ លោកយាយមានអាយុ ១១៧ ឆ្នាំ និង ២៧ ថ្ងៃ។

៧៖ ស្ត្រីឈ្មោះ Chiyo Miyako

លោកយាយ ឈីយ៉ូ មីយ៉ាកុ (Chiyo Miyako) កើតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩០១ ក្នុងប្រទេសជប៉ុន។ លោកយាយ មីយ៉ាកុ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ដោយមានអាយុ ១១៧ ឆ្នាំ និង ៨១ ថ្ងៃ។

៦៖ ស្ត្រីឈ្មោះ Emma Morano

លោកយាយ អេមម៉ា ម៉ូរ៉ាណូ (Emma Morano) កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៨៩៩ ក្នុងប្រទេសអ៉ីតាលី។ លោកយាយ ម៉ូរ៉ាណូ មានអាយុ ១១៧ ឆ្នាំ និង ១៣៧ ថ្ងៃ ពេលទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧។

៥៖ ស្ត្រីឈ្មោះ Violet Brown

លោកយាយ វ៉ាយអូលេត ប្រោណ (Violet Brown) កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩០០ ក្នុងប្រទេសហ្សាម៉ាអ៉ីក។ លោកយាយ ប្រោណ បានរស់នៅដល់អាយុ ១១៧ ឆ្នាំ និង ១៨៩ ថ្ងៃ។ លោកយាយបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

៤៖ ស្ត្រីឈ្មោះ Marie-Louise Meilleur

លោកយាយ ម៉ារី លូវីស មែលឡឺ (Marie-Louise Meilleur) កើតនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៨៨០ ក្នុងប្រទេសកាណាដា។ លោកយាយ មែលឡឺ បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៩៨ នៅអាយុ ១១៧ ឆ្នាំ និង ២៣០ ថ្ងៃ។

៣៖ ស្ត្រីឈ្មោះ Nabi Tajima

លោកយាយ ណាប៊ី តាជីម៉ា (Nabi Tajima) កើតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩០០ ក្នុងប្រទេសជប៉ុន។ លោកយាយ តាជីម៉ា បានរស់នៅដល់អាយុ ១១៧ ឆ្នាំ និង ២៦០ ថ្ងៃ ពេលដែលលោកយាយទទួលមរណភាពកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

២៖ ស្ត្រីឈ្មោះ Sarah Knauss

លោកយាយ សារ៉ា ខាណោស (Sarah Knauss) កើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៨៨០ ក្នុងសហរដ្ឋអាមេរិក។ លោកយាយ ខាណោស មានអាយុ ១១៩ ឆ្នាំ និង ៩៧ ថ្ងៃ ពេលទទួលមរណភាពកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៩។

១៖ ស្ត្រីឈ្មោះ Jeanne Calment

លោកយាយ ហ្សាន់ ខាល់ម៉ន់ (Jeanne Calment) កើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៨៧៥ នៅប្រទេសបារាំង។ រហូតមកទល់បច្ចុប្បន្ន លោកយាយ ខាល់ម៉ន់ នៅតែជាប់ឈ្មោះជាបុគ្គលធ្លាប់មានអាយុវែងបំផុតនៅលើពិភពលោក ដោយពុំទាន់មានអ្នកបំបែកកំណត់ត្រាបាននៅឡើយទេ គឺលោកយាយបានរស់នៅដល់អាយុ ១២២ ឆ្នា និង ១៦៤ ថ្ងៃ ពេលទទួលមរណភាពកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩៧។

សូមជម្រាបថា អ្នកទាំងនេះសុទ្ធតែមានការទទួលស្គាល់ជាផ្លូវការពីក្រុមអ្នកស្រាវជ្រាវអន្តរជាតិ GRG និងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ខណៈអ្នកដែលពុំមានការទទួលស្គាល់ គឺមិនត្រូវបានរាប់បញ្ចូលនោះទេ។ នៅអត្ថបទក្រោយ Fresh News Plus នឹងលើកឡើងអំពីក្រុមបុគ្គលចំណាស់បំផុតដែលកំពុងនៅមានជីវិតវិញម្តង៕