(ពិភពលោក)៖ ជាទូទៅគេដឹងថា ថ្មជាអង្គធាតុរឹង និងមានម៉ាសធំជាងទឹក ហេតុនេះហើយបានជាវាលេចទៅក្នុងទឹក ប៉ុន្តែបែរជាមានថ្មប្រភេទខ្លះ អណ្តែតនៅលើទឹកទៅវិញ។ ដោយសារអបិយជំនឿផងនោះ មានប្រជាជនខ្លះគិតថា ថ្មដែលអណ្តែតទឹក គឺជាវត្ថុស័ក្តិសិទ្ធិទៀតផង។ តើអ្នកដឹងទេ ថ្មដែលអណ្តែតទឹកបណ្តាលមកពីហេតុអ្វី?

ចង់ជ្រាបច្បាស់ សូមអានអត្ថបទចំណេះដឹងទូទៅរបស់ Fresh News Plus ខាងក្រោមនេះ៖

ថ្មដែលអណ្តែងទឹក គឺជាអង្គធាតុម្យ៉ាង ដែលគេឲ្យឈ្មោះថា ពុយមីស (Pumice)។ ពុយមីស ជាឈ្មោះរបស់ថ្មភ្នំភ្លើង ដែលជាកំអែភ្នំភ្លើងកក និងកើតជាពពុះឡើងនៅពេលថ្មរងនូវកម្តៅខ្លាំងបំផុត និងរងសំពាធខ្លាំងបំផុត។ វាចេញមកក្រៅផែនដី តាមរយៈបន្ទុះភ្នំភ្លើង។ កំណកំណើតមិនធម្មតានេះ កើតឡើងដោយសារការចុះត្រជាក់ភ្លាមៗ និងការថយសំពាធភ្លាមៗ។ ការថយចុះសំពាធភ្លាមៗនេះ នាំឲ្យកើតពពុះ ដោយសារការបន្ថយចំណុចរំពុះនៃកំអែភ្នំភ្លើង ប្រៀបដូចជាកកើតពពុះនៅពេលយើងបើកភេសជ្ជៈកាបូណាត។ ការចុះត្រជាក់ដែលកើតឡើងព្រមគ្នា ក៏បង្កកពពុះទុកក្នុងកំអែនោះដែរ។

ប្រភេទថ្មពុយមីស ច្រើនតែមានពណ៌ស្លេក ពណ៌សស៉ីជម្ពូខៀវ ឬប្រផេះ និងបៃតងត្នោត ឬខ្មៅ។ ពុយមីសច្រើនតែកើតពីបន្ទុះភ្នំភ្លើង និងកកើតនៅផ្នែកខាងលើនៃកំអែស៉ីលីស។ ពុយមីសភាគច្រើនមានសភាពស្ពោតរហូតដល់ទៅ ៩០ ភាគរយ ដែលធ្វើឲ្យវាស្រាលមែនទែន រហូតដល់អាចអណ្តែតលើទឹកបាន។ សូមកុំច្រឡំរវាងថ្មពុយមីស និងថ្មស្កូរីយ៉ា (Scoria) ដែលជាអង្គធាតុរឹង និងលេចក្នុងទឹកដូចថ្មទូទៅ។

* ការប្រើប្រាស់
ពុយមីស ត្រូវបានគេយកមកប្រើយ៉ាងទូលំទូលាយក្នុងការផលិតបេតុងស្រាល ឬឥដ្ឋស្រាល។ នៅពេលដែលគេប្រើវាសម្រាប់ធ្វើជាគ្រឿងបន្ថែមសម្រាប់ស៉ីម៉ង់ត៍ ប្រភេទគ្រាប់ល្អិតនៃពុយមីស ត្រូវគេយកមកលាយជាមួយនឹងកំបោរ ដើម្បីបង្កើតជាបេតុងស្រាលរលោងដូចកំបោរ។ បេតុងប្រភេទនេះត្រូវបានគេប្រើតាំងពីសម័យរ៉ូម៉ាំងមកម្ល៉េះ។ វាក៏ត្រូវបានគេយកមកប្រើធ្វើជាប្រដាប់ខាត់ ជាពិសេសសម្រាប់ប៉ូលៀប្រដាប់លុបខ្មៅដៃ គ្រឿងខាត់ស្បែក និងប្រើក្នុងការផលិតខោខៅប៊យសឹក។ ថ្មពុយមីស ក៏ត្រូវបានគេយកមកប្រើក្នុងការកែសម្ផស្ស គឺសម្រាប់កម្ចាត់ស្បែកស្ងួតនៅបាតជើង។ ពុយមីសល្អិតខ្លាំង ក៏ត្រូវគេយកមកបន្ថែមក្នុងថ្នាំដុសធ្មេញ និងច្រាសបោកខោអាវផងដែរ៕

រូបភាពបង្ហាញពីថ្មពុយមីសដែលស្ពោតខ្លាំង

ពុយមីស ១៥សង់ទីម៉ែត្រ អាចដាក់លើក្រដាសប្រាក់ ២០ដុល្លារ បញ្ជាក់ថា វាស្រាលមែនទែន

ពិសោធន៍ថ្មពុយមីសអណ្តែតលើទឹក

ថ្មពុយមីសអណ្តែតលើទឺកដែលគេប្រទះឃើញ

សណ្ឋានរបស់ថ្មពុយមីស