(ប៉ាស៉ីហ្វិក)៖ នៅម្ដុំអន្លង់ម៉ារីយ៉ាណា (Mariana Trench) គឺមានចំណុចមួយដែលគេហៅថា The Challenger Deep។ ចំណុចនេះហើយ ដែលអ្នកស្រាវជ្រាវរកឃើញថាមានជម្រៅជ្រៅជាងគេបំផុត ក្នុងចំណោមកន្លែងជ្រៅៗផ្សេងទៀតនៅក្នុងមហាសមុទ្ររបស់ផែនដី ពោលគឺមានប្រវែងវែងជាងកម្ពស់ភ្នំអេវឺរ៉េស (Everest) នោះទៅទៀត។

អន្លង់ម៉ារីយ៉ាណា ស្ថិតនៅប៉ែកខាងលិចនៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងជើង ពោលគឺនៅចន្លោះប្រទេសហ្វីលីពីន និងកោះហាវ៉ៃ ឬអាចនិយាយបានថា នៅក្បែរកោះហ្កាំ (Guam)។ ការវាស់ជម្រៅត្រង់ចំណុច The Challenger Deep នេះ ត្រូវបានធ្វើឡើងនៅឆ្នាំ២០១២ ដោយក្រុមស្រាវជ្រាវអាមេរិកមួយក្រុម។ ពួកគេបានវាស់ឃើញជម្រៅជ្រៅបំផុត ១១,០៣៥ ម៉ែត្រ។

ការវាស់ជម្រៅអន្លង់ម៉ារីយ៉ាណា ត្រូវបានធ្វើឡើងជាលើកដំបូងបំផុតដោយកប៉ាល់ឈ្មោះ HMS Challenger ដែលត្រូវបានប្រើប្រាស់ដោយយោធាជើងទឹកចក្រភពអង់គ្លេស ដើម្បីស្រាវជ្រាវអំពីអន្លង់បាតសមុទ្រមួយនេះ កាលពីឆ្នាំ១៨៧៥។ ជម្រៅជ្រៅបំផុតដែលត្រូវបានកត់ត្រានាពេលនោះ គឺត្រឹមតែ ៨,១៨៤ ម៉ែត្រប៉ុណ្ណោះ។

ជិតមួយសតវត្សរ៍ក្រោយមក ពោលគឺនៅឆ្នាំ១៩៥១ ទើបមានកប៉ាល់យោធាជើងទឹករបស់ចក្រភពអង់គ្លេសមួយគ្រឿងទៀត ឈ្មោះ HMS Challenger ដូចមុនដែរ បានត្រលប់ទៅកាន់តំបន់នោះសាជាថ្មី ដើម្បីវាស់វែងជម្រៅបន្ថែមនៅអន្លង់ម៉ារីយ៉ាណាដដែល។ ពួកគេបានរកឃើញចំណុចដែលកាន់តែជ្រៅជាងមុនទៅទៀត ដែលមានជម្រៅ ១០,៩០០ ម៉ែត្រ តាមរយៈការប្រើប្រាស់បច្ចេកទេសអេកូសោនឌីង (Echo sounding)។

ចំណុចនោះក៏ត្រូវបានដាក់ឈ្មោះថា The Challenger Deep តែម្ដង គឺក្លាយមកពីឈ្មោះកប៉ាល់របស់យោធាជើងទឹកចក្រភពអង់គ្លេស ដែលប្រើសម្រាប់ការវាស់វែងជម្រៅនៅអន្លង់ម៉ារីយ៉ាណានោះ។

បន្ទាប់មក នៅឆ្នាំ២០០៩ ការវាស់ប្រើបច្ចេកទេសស្រដៀងគ្នានេះក៏បានធ្វើឡើងបន្តទៀត ប៉ុន្តែលើកនេះគឺជាកប៉ាល់ អវី ឃីឡូ ម៉ូអាណា (RV Kilo Moana) របស់សាកលវិទ្យាល័យហាវ៉ៃ។ ក្នុងប្រតិបត្តិការនេះ ក្រុមអ្នកវាស់វែងបានកំណត់ថា The Challenger Deep មានជម្រៅ ១០,៩៧១ ម៉ែត្រ ហើយនៅឆ្នាំ២០១០ ការវាស់ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Coastal & Ocean Mapping របស់សហរដ្ឋអាមេរិក បានកំណត់ថាវាមានជម្រៅ ១០,៩៩៤ ម៉ែត្រ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Scientificamerican នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានសរសេរថា The Challenger Deep គឺមានជម្រៅដល់ទៅ ១១,០៣៥ ម៉ែត្រឯណោះ។ បើក្រឡេកទៅមើលកម្ពស់ភ្នំអេវឺរ៉េស ដែលជាចំណុចខ្ពស់ជាងគេលើផែនដីវិញនោះ គឺមានកម្ពស់ត្រឹមតែ ៨,៨៤៨ ម៉ែត្រប៉ុណ្ណោះ។ ដូច្នេះជម្រៅនៅចំណុច The Challenger Deep គឺវែងជាងកម្ពស់ភ្នំអេវឺរ៉េសដល់ទៅ ២,១៨៧ ម៉ែត្រ។

គួរជម្រាបថា ចំណុច The Challenger Deep នៃអន្លង់ម៉ារីយ៉ាណា ត្រូវបានមនុស្សចុះទៅដល់ជាលើកដំបូង ដោយប្រើយានមុជទឹកកាលពីឆ្នាំ១៩៦០ ហើយចាប់តាំងពីនោះមក មានការបញ្ជូនយានមុជទឹកមានមនុស្សផង និងគ្មានមនុស្សផងទៅកាន់ចំណុចនោះជាបន្តបន្ទាប់។ អន្លង់ក្រោមបាតសមុទ្រដូចជាម៉ារីយ៉ាណានេះ គឺកើតមានឡើងដោយសារបាតុភូតប៉ះទង្គិចគ្នារវាងស្រទាប់ដីក្រោមបាតសមុទ្រ៕