(ពិភពលោក)៖ គេជឿថានៅលើគោកមានតែសំឡេងរាជសីហ៍នោះទេ ដែលមានសំឡេងឮខ្លាំងជាងគេ រីឯនៅក្នុងមហាសាគរវិញ គឺមានតែត្រីបាឡែនខៀវប៉ុណ្ណោះដែលមានសំឡេងឮខ្លាំងជាងគេដែរ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី បើវាស់ជាមួយសំឡេងតាមធម្មជាតិដែលខ្លាំងបំផុតវិញនោះ គឺមិនមែនត្រីបាឡែនខៀវនោះឡើយ។

តើនៅក្នុងសមុទ្រ សត្វណាដែលមានអានុភាពសំឡេងតាមធម្មជាតិខ្លាំងជាងត្រីបាឡែនខៀវ?

សំឡេងរបស់ហ្វូងបង្គាជាសំឡេងតាមធម្មជាតិតែម្យ៉ាងគត់ ដែលមានអានុភាពខ្លាំងជាងសំឡេងត្រីបាឡែនខៀវ។ សំឡេងរបស់ពួកវាអាចរំខានដល់ហ្វ្រេកង់សំឡេងសូណាររបស់នាវាមុជទឹក ធ្វើឱ្យប្រដាប់ស្ដាប់សំឡេងរបស់នាវាមុជទឹកមិនអាចឮសំឡេងអ្វីផ្សេងសោះឡើយ។ នាវាមុជទឹកនឹងមិនបានឮសំឡេងអ្វីទាំងអស់នៅពេលដែលវាបើកនៅចំពីលើ ឬក្រោមហ្វូងបង្គា។

សំឡេងដ៏ខ្លាំងនេះកើតឡើងដោយសារតែដង្កៀបរបស់ពួកវាទង្គិចព្រមៗគ្នា។ សំឡេងរបស់បង្គារួមកម្លាំងគ្នាអាចឮដល់ទៅ ២៤៦ ដេស៉ីប៊ែល ប៉ុន្តែដោយសារតែសំឡេងធ្វើដំណើរក្នុងទឹកមិនបានលឿនជាងខាងក្រៅ ទើបវាអាចឮបានតែ ១៦០ ដេស៉ីប៊ែលប៉ុណ្ណោះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍លើសពីនេះទៅទៀត គឺរូបភាពវីដេអូដែលថតបានយ៉ាងផ្ចិតផ្ចង់បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា សំឡេងទាំងនោះកើតឡើងបន្ទាប់ពីមានការទង្គិចដង្កៀប ៧០០ មីក្រូវិនាទីរួចមក។

បង្គាប្រើសំឡេងទាំងនេះដើម្បីធ្វើឱ្យសត្វជាអាហាររបស់វាវង្វេងស៊ុង ឬដើម្បីផ្ដល់សញ្ញាដល់បង្គាគ្នាវា និងដើម្បីរកញីឈ្មោលផងដែរ។
ក្រៅពីមានអានុភាពបំផ្លាញហ្វ្រេកង់សូណាររបស់នាវាមុជទឹក សំឡេងរបស់វាក៏អាចបង្កការខូចខាតដល់ស្លាបចាក់របស់កាណូតបានទៀតផង៕