(ជប៉ុន)៖ ភ្នំហ្វ៊ូជី ឬ ហ្វ៊ូជីយ៉ាម៉ា ស្ថិតនៅលើកោះហុងស៊ូ ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីទីក្រុងតូក្យូ។ វាមានកម្ពស់ប្រមាណ ៣,៧៧៦ ម៉ែត្រ ខណៈរណ្ដៅភ្នំភ្លើងរបស់វាមានអង្កត់ផ្ចិតប្រមាណ ៦០៩ ម៉ែត្រ។

វាបានកើតឡើងតាំងពី ៨០០០ ទៅ ១១០០០ ឆ្នាំមុន ដោយបច្ចុប្បន្នវាលែងមានសកម្មភាពផ្ទុះទៀតហើយ។

ភ្នំដ៏ល្បីល្បាញនេះមានរាងជាសាជីផ្កាប់ ចំណែកជើងភ្នំមានវិសាលភាពធំទូលាយប្រវែងប្រមាណ ១០០ គីឡូម៉ែត្រជុំវិញ។ រៀងរាល់ឆ្នាំតែងមានព្រិលធ្លាក់គ្របដណ្ដប់លើផ្នែកកំពូលរហូតដល់ចង្កេះភ្នំ។

នៅជុំវិញភ្នំនេះមានសួនសាធារណៈសម្រាប់លម្ហែកាយ មានកន្លែងហែលទឹក បឹងធំធេង និងទស្សនិយភាពដ៏ស្រស់ត្រកាលគួរឱ្យចង់គយគន់។

ប្រជាជនជប៉ុនភាគច្រើនសុទ្ធតែបានទៅទស្សនាកម្សាន្តនៅលើភ្នំនេះ យ៉ាងហោចណាស់បានម្ដងក្នុងមួយជីវិតរបស់ពួកគេ ដើម្បីសុំពរពីវត្ថុស័ក្ដិសិទ្ធិទាំងឡាយដែលស្ថិតនៅលើភ្នំនេះ។

ជាទូទៅ រាល់ការទៅទស្សនានៅលើភ្នំនេះគេតែងចំណាយពេលពីរថ្ងៃ ដោយមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ ព្រោះក្នុងពេលធ្វើដំណើរឡើងភ្នំ គេមានដូចជាកន្លែងសម្រាកសម្រាប់ភ្ញៀវទេសចរ ទូរស័ព្ទសាធារណៈ និងទូរប្រៃសណីយ៍ដែលបង្កភាពងាយស្រួល ក៏ដូចជាជួយសម្រួលដល់ភ្ញៀវទេសចរផងដែរ៕