(បរទេស)៖ លោក លី កាស៉ីង (Li Ka-shing) ជាសហគ្រិនហុងកុងដ៏ជោគជ័យ និងមានឥទ្ធិពលម្នាក់នៅអាស៉ី។ បច្ចុប្បន្នលោកជាកំពូលមហាសេដ្ឋីលេខ២របស់ហុងកុង និងជាកំពូលមហាសេដ្ឋីលេខ៣៥នៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុប២៦.៦ពាន់លានដុល្លារ (គិតត្រឹមខែកក្កដា ឆ្នាំ២០២០)។ លោក លី កាស៉ីង ទើបតែបានបាត់បង់តំណែងជាកំពូលមហាសេដ្ឋីលេខ១របស់ហុងកុង កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយវាបានធ្លាក់ទៅលើលោក លី ស័រគី (Lee Shau Kee)។

លោក លី បានកើតនៅទីក្រុងជាវចូវ (Chaozhou) នៃខេត្តក្វាងទុង (Guandong) ប្រទេសចិន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩២៨ នៅក្នុងគ្រួសារក្រីក្រមួយ។ ក្រោយមកគ្រួសារលោកបានរត់ភៀសខ្លួនទៅកាន់ទីក្រុងហុងកុង ក្រោយមានការឈ្លានពានរបស់ជប៉ុននៅឆ្នាំ១៩៤០។ ប្រមាណជា៣ឆ្នាំក្រោយមក ឪពុកលោកបានធ្លាក់ខ្លួនឈឺហើយបាត់បង់ជីវិត ដោយសារជំងឺរបេង នៅពេលលោក លី កាស៉ីង មានអាយុត្រឹម១៥ឆ្នាំ។

លោក លី ក៏ត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា ហើយទៅរកការងារធ្វើដើម្បីចិញ្ចឹមគ្រួសារ។ នៅអាយុ១៦ឆ្នាំ លោកបានចាប់ផ្តើមធ្វើការនៅ ក្រុមហ៊ុនជ័រផ្លាស្ទិកមួយកន្លែង ក្រោមតួនាទីជាបុគ្គលិកផ្នែកលក់។ លោកបានខិតខំប្រឹងប្រែងជាខ្លាំង ដោយជារឿយៗលោក លី បានចំណាយ ពេលធ្វើការដល់ទៅ១៦ម៉ោងក្នុងមួយថ្ងៃ ហើយ៧ថ្ងៃក្នុងមួយសប្តាហ៍។ បើតាមលោក លី ផ្ទាល់ លោកបានបន្តរក្សាពេលវេលាធ្វើការបែបនេះ រហូតដល់វ័យជិត៩០ឆ្នាំ ក៏មិនទាន់ឈប់ដែរ (បច្ចុប្បន្នលោកអាយុ៩២ឆ្នាំ)។ ទីបំផុត លោកក៏បានក្លាយបុគ្គលិកផ្នែកលក់ដ៏ឆ្នើមម្នាក់ ហើយត្រូវបានដំឡើងតួនាទីជាអ្នកគ្រប់គ្រងនៅអាយុ១៨ឆ្នាំ។

លោក លី កាស៉ីង បានបង្ហាញឧត្តមភាពជាអ្នកដឹកនាំ និងជាអ្នកមានចក្ខុវិស័យវែងឆ្ងាយម្នាក់ នៅពេលដែលលោកចាប់ផ្តើមបើកក្រុមហ៊ុន ដំបូងផ្ទាល់ខ្លួននៅឆ្នាំ១៩៥០ ជាមួយប្រាក់បន្តិចបន្តួចដែលលោកសន្សំបាន និងកម្ចីពីសាច់ញាតិ។ ពេលនោះលោកមានអាយុ២២ឆ្នាំ។ ក្រុមហ៊ុនលោកមានឈ្មោះថា ឆឹងកុង (Cheung Kong Industries) ដែលផលិតសម្ភារៈជ័រផ្លាស្ទិកគ្រប់ប្រភេទ ប៉ុន្តែទទួលបានភាពល្បីល្បាញជាពិសេស សម្រាប់ផលិតផលផ្កាជ័រ។ លោកបានសំឡឹងឃើញជាមុនថា ផ្លាស្ទិកនឹងក្លាយជាឧស្សាហកម្មដ៏រីកស្គុះស្គាយមួយ ហើយលោកពិតជាស្មានត្រូវមែន ដោយក្រុមហ៊ុនលោកបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផ្កាជ័រធំបំផុតនៅអាស៉ី ហើយមានការនាំចូលទៅកាន់សហរដ្ឋអាមេរិកថែមទៀត។

លោក លី បាននិយាយថា ភាពជោគជ័យនៃក្រុមហ៊ុន ឆឹងកុង គឺដោយសារការខិតខំព្យាយាមសិក្សាអំពីភាពពេញនិយមនៃឧស្សាហកម្មថ្មីៗចុងក្រោយគេ។ លោក លី បានសង្កត់ធ្ងន់ថា «ទំនាក់ទំនងរវាងចំណេះដឹង និងអាជីវកម្មជាគន្លឹះសំខាន់មួយដើម្បីឆ្ពោះទៅភាពជោគជ័យ»។ ទោះលោកបានឈប់រៀនទាំងនៅក្មេង ហើយគ្មានបរិញ្ញាបត្រសាកលវិទ្យាល័យនឹងគេក៏ដោយ លោក លី គឺជាបុគ្គលដែលចូលចិត្ត អានសៀនភៅ និងសិក្សាស្វែងយល់ដោយខ្លួនឯង។ តួយ៉ាងកំឡុងមួយឆ្នាំដំបូងនៃការបង្កើតក្រុមហ៊ុន ឆឹងកុង លោកបានរៀបចំសៀវភៅគណនេយ្យក្រុមហ៊ុនដោយខ្លួនលោកផ្ទាល់ ទោះបីពុំធ្លាប់មានបទពិសោធន៍ផ្នែកនេះក៏ដោយ គឺលោកបានសិក្សាតែពីសៀវភៅប៉ុណ្ណោះ។

ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ក្រុមហ៊ុនលោកបានបន្តរីកដុះដាលទៅមុខយ៉ាងប្រសើរ ហើយលោក លី ក៏បានចាប់ផ្តើមរកផ្លូវពង្រីកមុខជំនួញឲ្យកាន់តែធំបន្ថែមទៀត។ នៅឆ្នាំ១៩៥៨ លោកបានចាប់ផ្តើមលោតចូលវិស័យអចលនទ្រព្យជាលើកដំបូង ព្រោះតែលោកបានមើលឃើញថា វិស័យនេះនឹងលូតលាស់ខ្លាំងនៅហុងកុង។ លោក លី កាស៉ីង បានផ្លាស់ប្តូរការផ្តោតសំខាន់ពីមុខជំនួញជ័រផ្លាស្ទិក ទៅរកការអភិវឌ្ឍនិងគ្រប់គ្រងខាងអចលនទ្រព្យវិញ។ ពេលនោះ ក្រុមហ៊ុនរបស់លោក កាន់តែទទួលជោគជ័យ ហើយក៏ត្រូវបានកែប្រែឈ្មោះទៅជា Cheung Kong Holdings នៅឆ្នាំ១៩៧១ រួចចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង នៅឆ្នាំ១៩៧២។

នៅឆ្នាំ១៩៧៩ លោក លី បានចរចាទិញភាគហ៊ុនមួយចំណែកធំនៃក្រុមហ៊ុន ហាត់ជីសុន វ៉ាមផូ (Hutchison Whampoa) ពីធនាគារហុងកុង HSBC។ ប្រការនេះធ្វើឲ្យលោក លី ក្លាយជាបុគ្គលដំបូងមានដើមកំណើតជាជនជាតិចិន ដែលបានគ្រប់គ្រងក្រុមហ៊ុនមួយ ក្នុងចំណោមបណ្តាក្រុមហ៊ុនបង្កើតឡើងដោយ ចក្រភពអង់គ្លេស ដែលមានឥទ្ធិពលនៅហុងកុងតាំងតែពីទសវត្សរ៍ឆ្នាំ១៨០០មកម្ល៉េះ។ លោក លី បានប្រែក្លាយក្រុមហ៊ុនវិនិយោគ Hutchison ឲ្យទៅជាក្រុមហ៊ុនប្រតិបត្តិករកំពង់ផែដ៏ធំបំផុតមួយ ជាមួយការវិនិយោគទៅលើកំពង់ផែសម្រាប់រក្សាទុកកុងទឺន័រ ដែលមានវត្តមាននៅជុំវិញពិភពលោក រួមមានទាំងហុងកុង កាណាដា ចិន ចក្រភពអង់គ្លេស ហូឡង់ ប៉ាណាម៉ា បាហាម៉ាស់ និងប្រទេសជាច្រើនផ្សេងទៀត។

ក្រៅពីនេះលោក លី ក៏បានប្រឡូកក្នុងវិស័យដទៃទៀតដែរ រួមមានថាមពល និងអាជីវកម្មបច្ចេកវិទ្យា។ លោក លី មានភាគហ៊ុនមួយចំណែកធំក្នុងក្រុមហ៊ុនថាមពល Husky Energy របស់កាណាដា ហើយក្រុមហ៊ុនមួយរបស់លោកហៅថា ហូរ៉ៃហ្សូន វែនឆឺ (Horizons Ventures) ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុនអ៉ីនធើណិតនិងបច្ចេកវិទ្យាដែលទើបបង្កើតថ្មីៗ។ លោក លី ក៏មានភាគហ៊ុនខ្លះនៅក្នុងក្រុមហ៊ុនបណ្តាញសង្គម Facebook និងក្រុមហ៊ុនកម្មវិធីចម្រៀង Spotify ថែមទៀតផង។ ក្រុមហ៊ុន Cheung Kong របស់លោក លី បានក្លាយជាក្រុមហ៊ុនពហុឧស្សាហកម្មនិងពហុជាតិសាសន៍នាំមុខគេមួយនៅទីក្រុងហុងកុង ដែលធ្វើប្រតិបត្តិការនៅជាង៥០ប្រទេស ហើយមានបុគ្គលិកចន្លោះ២-៣សែននាក់។

ដោយអមជាមួយ «ចំណេះដឹង» និង «សមត្ថភាពនៃការយល់ដឹងទីផ្សារឲ្យស៉ីជម្រៅ» លោក លី ចាត់ទុក «ភាពស្មោះត្រង់» និង «កេរ្តិ៍ឈ្មោះ» គឺជា កត្តាសំខាន់ៗដើម្បីបោះជំហានទៅរកភាពជោគជ័យ។ លោក លី ធ្លាប់និយាយថា នៅពេលដែលលោកឆ្លើយយល់ព្រមទៅកាន់នរណាម្នាក់ នោះវាគឺជាកិច្ចសន្យាមួយ។ នៅឆ្នាំ១៩៥៦ លោកធ្លាប់ច្រានចោលសំណើមួយ ដែលនឹងជួយឲ្យក្រុមហ៊ុនលោកពង្រីកខ្លួន គឺដោយសារតែលោក បានព្រមព្រៀងពាក្យសម្តីជាមួយអតិថិជនម្នាក់ទៀត។ លោក លី នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍នៃសច្ចភាពនេះរហូតមកទល់បច្ចុប្បន្ន បើទោះបីជាពេលខ្លះ មានន័យថា វានឹងធ្វើឲ្យលោកខាតបង់ក៏ដោយ។

លោក លី បានបញ្ជាក់ទៀតថា ចំណង់នៃការចូលចិត្តធ្វើការងារ ក៏ជាកត្តានៃភាពជោគជ័យរបស់លោកផងដែរ។ លោក លី កាស៉ីង បាន គូសបញ្ជាក់ដូច្នេះថា «សេចក្តីរីករាយដ៏សំខាន់បំផុតរបស់ខ្ញុំ គឺការខិតខំធ្វើការដើម្បីរកប្រាក់ចំណេញឲ្យបានច្រើន»។ ប្រហែលហេតុនេះហើយ ទើបលោកនៅតែបន្តបំពេញការងារមួយថ្ងៃៗ១៦ម៉ោង និងពេញមួយសប្តាហ៍ ទោះលោកឈានដល់វ័យចំណាស់ខ្លាំងក្តី។

គួរជម្រាបថា លោក លី កាស៉ីង បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Cheung Kong កាលពីខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែលោកនៅបន្តជាទីប្រឹក្សាជាន់ខ្ពស់។ បច្ចុប្បន្នក្រុមហ៊ុន Cheung Kong ស្ថិតក្រោមការដឹកនាំរបស់កូនប្រុសច្បងលោក គឺលោក Victor Li។ រីឯកូនប្រុសទី២របស់លោក គឺលោក Richard Li ក៏ជាមហាសេដ្ឋីមួយរូបផងដែរ។ សព្វថ្ងៃលោក លី ផ្តោតទៅលើការងារសប្បុរធម៌ មិនសូវខុសអ្វីពីមហាសេដ្ឋីល្បីៗមួយចំនួនទៀតដែលចូលនិវត្តន៍នោះទេ។ តាមរយៈមូលនិធិសប្បុរសធម៌ Li Ka Shing ដែលលោកបានបង្កើតឡើងកាលពីឆ្នាំ១៩៨០ លោក លី បានធ្វើការបរិច្ចាគច្រើនជាង៣.៣ពាន់លានដុល្លារ ទៅក្នុងបុព្វហេតុជាច្រើន រួមមាន ការអប់រំនិងសុខាភិបាលជាដើម ហើយភាគច្រើនគឺនៅក្នុងប្រទេសចិនផ្ទាល់៕