(បរទេស)៖ «ខេអេហ្វស៊ី KFC» គឺជាឈ្មោះស្លាកយីហោរបស់ភោជនីយដ្ឋានដែលបម្រើជូនអតិថិជន នូវប្រភេទអាហារសម្រន់ធ្វើឡើងពីសាច់មាន់ ដែលទទួលបានប្រជាប្រិយភាពខ្លាំងទូទាំងសកលលោកយើងនេះ។

KFC ដែលមានពាក្យពេញជាភាសាអង់គ្លេសថា «Kentucky Fried Chicken» បានប្រភពចេញពីបន្ទប់ផ្ទះបាយនៃស្ថានីយសាំងមួយកន្លែង មុនបានក្លាយជាយីហោភោជនីយដ្ឋាន Fast Food ឯកទេសខាងសាច់មាន់ ដ៏ល្បីរន្ទឺជាទីបំផុត។

* តើ KFC មានការចាប់ផ្ដើមឡើងដោយរបៀបណា?

លោក Sanders កើតនៅឆ្នាំ១៨៩០ ហើយក្នុងវ័យ១២ឆ្នាំ លោកបានសម្រេចចិត្តចាកចេញពីផ្ទះ ដើម្បីទៅរកការងារធ្វើនៅកសិដ្ឋាន បន្ទាប់ពី ជីវិតកុមារភាពដែលមានជួបបញ្ហាច្រើន។ លុះដល់វ័យ១៥ឆ្នាំ លោកបានចាកចេញពីកសិដ្ឋាន ហើយប្រកបការងារចម្រុះជាបន្តបន្ទាប់ និង ទទួលបានជោគជ័យខ្លះ។

ក្នុងឆ្នាំ១៩២៩ លោកបានបើកស្ថានីយប្រេងឥន្ធនៈផ្ទាល់ខ្លួនមួយកន្លែង ស្ថិតនៅទីក្រុង Corbin នៃរដ្ឋ Kentucky។ នៅផ្ទះបាយនៃស្ថានីយនេះ គឺជាកន្លែងដែលលោកចម្អិនម្ហូបអាហារសម្រាប់ក្រុមគ្រួសារ និងជានិច្ចកាលលោកក៏បានធ្វើម្ហូបបម្រើអតិថិជនដែរ។

លោកចូលចិត្តប្រើរូបមន្តចម្អិនអាហារ ដែលម្តាយលោកបង្រៀនក្នុងនោះរួមមានទាំងសាច់មាន់បំពងផងដែរ។ លោក Sanders ទទួលបានរហ្សសនាមជាចុងភៅឆ្នើមម្នាក់ បន្ទាប់ពីគ្រប់គ្នាដែលបានភ្លក្សមុខម្ហូបរបស់លោក ស្ងើចសរសើរមិនដាច់ពីមាត់ រហូតក្រោយមក បានជួយឲ្យរូបលោកមានឱកាសបើកភោជនីយដ្ឋាន១៤២កៅអី ព្រមទាំងផ្ទះសំណាក់ ដែលនៅក្បែរស្ថានីយប្រេងឥន្ធនៈរបស់លោក ក្រោមឈ្មោះថា «The Harland Sanders Court and Cafe»។

ក្នុងឆ្នាំ១៩៣៦ លោក Sanders ទទួលបាននាមកិត្តិយស «Kentucky Colonel» ពីសំណាក់អភិបាលរដ្ឋនេះផ្ទាល់ ដោយសារតែស្នាដៃធ្វើម្ហូបរបស់លោក។ យ៉ាងណាមិញ នៅសម័យសង្រ្គាមលោកលើកទីពីរ អាជីវកម្មរបស់លោកក៏បានជួបបញ្ហាលំបាក ដោយសារកត្តាមួយចំនួន។ ពេលនោះស្ថានីយប្រេងឥន្ធនៈរបស់លោកត្រូវបិទទ្វារ ហើយនៅក្រោយសង្រ្គាម លោកត្រូវបង្ខំចិត្តបិទភោជនីយដ្ឋាន ព្រមទាំងផ្ទះសំណាក់ថែមទៀត។ ដូច្នេះហើយលោក Sanders ក៏បានរិះរកផែនការថ្មី។

នៅដើមទសវត្សឆ្នាំ១៩៥០ លោក Sanders បានសម្រេចចិត្តចាប់ផ្តើមដាក់លក់សិទ្ធិប្រើរូបមន្តសាច់មាន់បំពងរបស់លោក។ អតិថិជនដំបូងរបស់លោក Sanders គឺលោក Peter Harman ដែលជាម្ចាស់ភោជនីយដ្ឋានប៊ឺហ្គឺមួយកន្លែងនៅទីក្រុង Salt Lake នៃរដ្ឋ Utah។ អំឡុង៤ឆ្នាំបន្ទាប់លោក Sanders បានបញ្ចុះបញ្ចូលម្ចាស់ភោជនីយដ្ឋានមួយចំនួនទៀត ឲ្យបញ្ចូលម្ហូប «Kentucky Fried Chicken» របស់លោក ទៅក្នុងបញ្ជីមុខម្ហូបរបស់ពួកគេ។ យីហោ KFC ត្រូវបានបង្កើតឡើងជាផ្លូវការដោយលោក Harland Sanders ក្នុងឆ្នាំ១៩៥៥ នៅទីក្រុងកូប៊ីន (Corbin) នៃរដ្ឋខេនថាក់គី (Kentucky)។

នៅឆ្នាំ១៩៥៥ លោក Sanders បានចូលនិវត្តន៍ និងរស់នៅដោយពឹងផ្អែកលើចំណូលបានមកពីរបបសន្តិសុខសង្គម និងប្រាក់សន្សំ។ លោកបានប្រើប្រាស់លុយទាំងនេះដើម្បីបង្កើតយីហា «Kentucky Fried Chicken» ជាផ្លូវការ ហើយយករូបមន្តមាន់បំពងលោក ធ្វើដំណើរជុំវិញសហរដ្ឋអាមេរិក ដើម្បីស្វែងរកអតិថិជនបន្ថែមទៀត។

មកដល់ឆ្នាំ១៩៦៣ រូបមន្តរបស់លោក Sander ត្រូវបានលក់សិទ្ធិធ្វើអាជីវកម្មឲ្យទៅភោជនីយដ្ឋានច្រើនជាង៦០០ទីតាំង នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា។ លោក Sanders រួមជាមួយបុគ្គលិកចំនួន១៧នាក់ បានធ្វើដំណើររាប់សែនគីឡូម៉ែត្រដើម្បីធ្វើការផ្សព្វផ្សាយស្លាកយីហោ Kentucky Fried Chicken របស់លោក។ អាជីវកម្មលោកក៏កាន់តែរីកធំឡើងៗ រហូតធ្វើឲ្យលោក Sanders គិតថាពិបាកក្នុងការគ្រប់គ្រង។

ចុងក្រោយ លោក Sanders បានលក់អាជីវកម្មមួយចំណែកធំរបស់លោកឲ្យទៅវិនិយោគិនមួយក្រុមនៅឆ្នាំ១៩៦៤ ហើយផ្លាស់ទៅរស់នៅក្នុងប្រទេសកាណាដាវិញ រហូតដល់លោកបានទទួលមរណភាពក្នុងឆ្នាំ១៩៨០។

ចាប់តាំងពីនោះមក Kentucky Fried Chicken ដែលត្រូវបានប្តូរឈ្មោះទៅជា KFC កាលពីឆ្នាំ១៩៩១ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងល្បីសុះសាយនៅទូទាំងពិភពលោក និងក្លាយជាយីហោអាហាររហ័សទាន់ចិត្ត (Fast Food) ឯកទេសខាងសាច់មាន់បំពង ដែលធំជាងគេបង្អស់។ បច្ចុប្បន្ន KFC ស្ថិតក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន Fast Food យក្ស Yum! Brands ដែលមានមូលដ្ឋាននៅរដ្ឋ Kentucky នៃសហរដ្ឋអាមេរិក៕