(បារាំង)៖ ក្នុងរជ្ជកាលរបស់ព្រះចៅអធិរាជណាប៉ូឡេអុង បូណាផាត (Napoleon Bonaparte) ចក្រភពបារាំងមានវិសាលភាពធំជាងពេលណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប៉ុន្តែវាបានបូជាសាច់ឈាមកងទ័ពអស់ជាច្រើនលាននាក់ ហូរដាបក្លាយជាដំណក់ទឹកប៊ិចចារលើទំព័រប្រវត្តិសាស្ត្រ ទួញប្រាប់មនុស្សក្នុងលោក ឱ្យដឹងពីសោកនាដកម្មដ៏មហាធំធេងនេះ។

ចក្រភពបារាំងនាសម័យនោះ មានព្រំដែនភាគខាងជើងទល់នឹងសមុទ្រខាងជើង (North Sea) និងប្រទេសដាណឺមាក់ ភាគឦសានទល់នឹងអាណាចក្រព្រុយស៉ី (Prussia) ហើយភាគឦសាននេះទៀតសោត ក៏មានតំបន់ត្រួតត្រាដ៏ធំមួយទៀតដែរ (ដាច់ពីគេ) គឺតំបន់វ៉ាសូវី (Warsaw) ដែលស្ថិតនៅចន្លោះអាណាចក្រព្រុយស៉ី និងចក្រភពរុស្ស៉ី ភាគខាងកើតទល់នឹងចក្រភពអូទ្រីស (Austria) ភាគអាគ្នេយ៍ទល់នឹងចក្រភពអូតូម៉ង់ (Ottomane) ភាគខាងត្បូងគ្របដណ្ដប់លើសមុទ្រមេឌីទែរ៉ាណេ ភាគនិរតីទល់នឹងអាណាចក្រព័រទុយកាល់ និងសមុទ្រសែលទិក (Celtic) រីឯខាងលិចទល់នឹងចក្រភពអង់គ្លេស។

យោងតាមការបង្ហាញព្រំដែននៃចក្រភពបារាំងសម័យណាប៉ូឡេអុងខាងលើនេះ បានបញ្ជាក់ឱ្យយើងដឹងថា ចក្រភពបារាំងសម័យនោះគ្របដណ្ដប់លើប្រទេសមួយចំនួននាពេលបច្ចុប្បន្ន ដូចជាប្រទេសបារាំងខ្លួនឯង អេស្ប៉ាញ ស្វីស អ៉ីតាលី ប៊ែលហ្សិក អាល្លឺម៉ង់ ហូឡង់ ប៉ូឡូញ (តំបន់វ៉ាសូវី) ឆែក ស្លូវ៉ាគី អូទ្រីស ហុងគ្រី ក្រូអាត បូស្នី ម៉ុងតេណេក្រូ បេឡារុស លីទុយអានី និងផ្នែកខ្លះនៃប្រទេសរុស្ស៉ីជាដើម។

ណាប៉ូឡេអុង បូណាផាត បានឡើងជាព្រះចៅអធិរាជរបស់បារាំងនៅឆ្នាំ១៨០៤ ក្រោយផ្ដួលរំលំរដ្ឋាភិបាលចាស់បានសម្រេចនៅឆ្នាំ១៧៩៨ ហើយព្រះអង្គក៏បានអនុវត្តនយោបាយពង្រីកទឹកដីចាប់ពីពេលនោះមក។ កងទ័ពបារាំងបានរីកចម្រើនខ្លាំងឡើងៗ ពិសេសនៅពេលព្រះអង្គចាប់ផ្ដើមបង្កើត «កងទ័ពចក្រពត្តិ ឬ Great Army»។ ការបង្កើតកងទ័ពចក្រពត្តិដំបូង ព្រះអង្គប្រមូលកងទ័ពបានប្រមាណ ១សែននាក់ ហើយបានកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងការចេញធ្វើសញ្ជ័យពង្រីកអំណាចនៅពាសពេញទ្វីបអឺរ៉ុប។

បិតាសង្គ្រាមអង្គនេះបានដឹកនាំកងទ័ពប្រយុទ្ធលើសមរភូមិច្រើនជាង ៧០ដង ដោយទទួលបានជ័យជម្នះស្ទើរតែគ្រប់សមរភូមិ ប៉ុន្តែមាន ៧ដង កងទ័ពបារាំងត្រូវចាញ់ប្រៀបគូបដិបក្ខ ដោយភាគច្រើននៅចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះអង្គ។

នៅឆ្នាំ១៨១២ ព្រះចៅណាប៉ូឡេអុងបានដឹកនាំកងទ័ពប្រមាណ ៦សែននាក់ ចូលឈ្លានពានដល់ចក្រភពរុស្ស៉ីធ្លាយដល់រាជធានីមូស្គូរបស់ព្រះចៅត្សាអាឡិចស្សង់ទី១ (Tsar Alexander I)។ នៅពេលបន្តចេញច្បាំងជាមួយកងទ័ពរុស្ស៉ីនោះ កងទ័ពបារាំងឡោមព័ទ្ធកំពែងក្រុងមូស្គូរយៈពេល ៥សប្ដាហ៍។ ដោយសារខ្វះស្បៀងសម្រាប់ផ្គត់ផ្គង់កងទ័ព ព្រះចៅណាប៉ូឡេអុងបានដកទ័ពថយពីមូស្គូវិញ ឃើញដូច្នោះកងទ័ពរបស់រុស្ស៉ីក៏បានបើកទ្វារក្រុង ដេញតាមកម្ចាត់កងទ័ពបារាំងដែលកំពុងដកថយនោះ ជាហេតុធ្វើឱ្យបារាំងទទួលនូវបរាជ័យយ៉ាងអាម៉ាស់ រីឯកងទ័ព៦សែននាក់នោះក៏បានពលីជីវិតស្ទើរតែទាំងអស់។

ឃើញព្រះចៅណាប៉ូឡេអុងទទួលបរាជ័យដូច្នោះ ចក្រភពធំៗមានអង់គ្លេស ស៊ុយអែត អូទ្រីស និងរុស្ស៉ី បានរួមគ្នាជាកងទ័ពសម្ពន្ធមិត្តវាយលុកមកលើប្រទេសបារាំងយ៉ាងចាស់ដៃ រហូតធ្លាយដល់រាជធានីប៉ារីស ហើយបានចាប់បង្ខំឱ្យព្រះចៅណាប៉ូឡេអុងចុះចេញពីរាជ្យបល្ល័ង្ក ហើយនៅឆ្នាំ១៨១៣ ពួកគេបានបង្ខំឱ្យនិរទេសព្រះអង្គឱ្យទៅរស់នៅលើកោះអាល់បា (Elba) ដែលស្ថិតនៅសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចប្រទេសអ៉ីតាលីបច្ចុប្បន្ន។

២ឆ្នាំក្រោយមក ស្ដេចនិរទេសណាប៉ូឡេអុងក៏បានត្រលប់មកកាន់អំណាចនៅបារាំងវិញ ហើយក៏បានអនុវត្តនយោបាយពង្រីកទឹកដីបារាំងបន្តទៀត។ ព្រះអង្គបានដឹកនាំទ័ពចេញច្បាំងនៅសមរភូមិវ៉តធឺរលូ (Waterloo) នៃប្រទេសប៊ែលហ្សិកបច្ចុប្បន្ន តែត្រូវកងទ័ពសម្ពន្ធមិត្ត ដែលមានអង់គ្លេស អាល្លឺម៉ង់ អូទ្រីស និងរុស្ស៉ី ពួតដៃគ្នាវាយសង្គ្រប់មកលើកងទ័ពបារាំងឱ្យទទួលបរាជ័យខ្ចាត់ខ្ចាយទៅវិញ។ ក្រោយចាញ់សង្គ្រាមនេះទៀតមក យុគសម័យណាប៉ូឡេអុងក៏បានឈានដល់ពេលវេលាចុះខ្សោយជាបន្តបន្ទាប់ ហើយទឹកដីចក្រភពបារាំងរបស់ព្រះអង្គក៏បានរួមតូចទៅៗ។

ព្រះចៅណាប៉ូឡេអុង ត្រូវបានពួកសម្ពន្ធមិត្តទម្លាក់ពីរាជ្យបល្ល័ង្កម្ដងទៀត ហើយនិរទេសទៅកាន់កោះសាំងអេលីណា (Saint Helena) ដែលជាកោះដាច់ស្រយាលមួយស្ថិតនៅកណ្ដាលមហាសមុទ្រអាត្លង់ទិក ចម្ងាយជិត ២,០០០គីឡូម៉ែត្រភាគខាងលិចទ្វីបអាហ្វ្រិក។ លុះដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៨២១ អតីតស្ដេចដែលមានព្រះកិត្តិនាមល្បីល្បាញក្នុងប្រវត្តិសាស្ត្រពិភពលោកមួយអង្គនេះ ក៏បានចូលទិវង្គតក្នុងជន្មាយុ ៥២ឆ្នាំ ដែលបណ្ដាលមកពីជំងឺរលាកក្រពះ។

ឯកសារបរទេសបានបញ្ជាក់ថា ព្រះចៅណាប៉ូឡេអុង បូណាផាត ធ្លាប់មានកងទ័ពចំណុះក្រោមការដឹកនាំរបស់ព្រះអង្គសរុប ២លាន៥សែននាក់ ដែលពួកគេសុទ្ធតែបានប្រកៀកស្មាជាមួយព្រះអង្គក្នុងការច្បាំងវាតទីទឹកដី ពង្រីកចក្រភពបារាំងស្ទើរតែពាសពេញទ្វីបអឺរ៉ុបទាំងមូល។ យុទ្ធសាស្ត្រមួយចំនួនរបស់ព្រះអង្គ ត្រូវបានគេដកស្រង់យកមកបណ្ដុះបណ្ដាលនៅតាមសាលាយោធាអន្តរជាតិជាច្រើន នាសម័យទំនើបយើងនេះ។

ព្រះចៅណាប៉ូឡេអុងបានបង្ហាញទស្សនវិជ្ជាល្បីៗជាច្រើន ប៉ុន្តែក្នុងចំណោមនោះមានទស្សនវិជ្ជាដ៏ឆ្ងាញ់មួយ ពោលថា៖ «បើអ្នកចង់ឱ្យការងារនោះទទួលបានផលល្អបំផុត អ្នកត្រូវធ្វើវាដោយខ្លួនឯង»