​(ញូដេលី)៖ មន្ត្រីឥណ្ឌាម្នាក់​នៅថ្ងៃចន្ទនេះបាននិយាយថា យោធាឥណ្ឌា​បានធ្វើ​តេស្ដ​បាញ់​សាកល្បងដោយជោគជ័យ​ នូវប្រព័ន្ធ​ស្ទាក់ចាប់មីស៊ីល​នៅឯតំបន់​ឆ្នេរនៃរដ្ឋ អូឌីសា (Odisha) ភាគខាងកើត​ប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

មន្ត្រីរូបនេះ​ដដែលថ្លែងប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយឥណ្ឌា នៅ​ក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​អត្តសញ្ញាណ​បានគូសបញ្ជាក់​បន្ថែមយ៉ាង​ដូច្នេះថា «យើង​បានទទួលលទ្ធផល​ដ៏អស្ចារ្យនៅក្នុង​ការអភិវឌ្ឍ និងធ្វើតេស្ដបាញ់​សាកល្បងប្រព័ន្ធ​ស្ទាក់ចាប់​មីស៊ីល Prithvi Defence Vehicle (PDV) ដោយវាអាច​បំផ្លាញគោលដៅ​នៅរយៈកម្ពស់ ៥០គីឡូម៉ែត្រ ពីបរិយាកាស​ផែនដី»

គួរបញ្ជាក់ថា ការធ្វើតេស្ដប្រព័ន្ធ​ស្ទាក់ចាប់មីស៊ីលខាងលើធ្វើឡើង​កាលពីយប់ថ្ងៃអាទិត្យ ដោយវាត្រូវបាន​បាញ់ចេញពីកោះ អាប់ឌុល កាឡាម (Abdul Kalam)។ ការធ្វើតេស្ត​នេះ គឺត្រូវបានធ្វើឡើងស្របពេល ដែលជម្លោះតំបន់កាស្មៀកំពុង​ក្តៅគគុក និងប៉ាគីស្ថានក៏​កំពុងតែធ្វើការអភិវឌ្ឍ​មីស៊ីល​របស់ខ្លួន មិនឈប់ឈរ​ផងដែរ៕