(ប៉េកាំង)៖ សហរដ្ឋអាមេរិក និងចិន​នាថ្ងៃចន្ទនេះ​បានបន្តដំឡើង​អត្រាពន្ធលើទំនិញនាំចូល​ទៅវិញទៅមក ខណៈមហា​អំណាចសេដ្ឋ​កិច្ចពិភពលោក​ទាំងពីរ មិនបានបង្ហាញ​សញ្ញាថា នឹងចុះញ៉មដាក់គ្នា​អ្វីបន្តិចឡើយ នៅក្នុងសង្រ្គាម​ពាណិជ្ជកម្មដ៏តានតឹង ដែលបាននិងកំពុងធ្វើ​ឲ្យទីផ្សារហិរញ្ញវត្ថុ​រង្គោះរង្គើជាខ្លាំងនេះ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ​ចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

ទីបំផុត​ការដំឡើងពន្ធ​របស់អាមេរិកទៅលើទំនិញ​នាំចូលចិន​ទំហំ​ប្រមាណ ២០០ពាន់លានដុល្លារ និងការដំឡើងពន្ធ​សងសឹកពីប្រទេស​ចិនទៅលើ​ផលិតផលរបស់​សហរដ្ឋអាមេរិក ក្នុងទំហំ​​៦០ពាន់លានដុល្លារវិញនោះ បានចូលធរមាន​នាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពី​​ប្រទេស​​ទាំងពីរ​ទើបតែបានបង្កើន​ពន្ធទៅវិញ ទៅមកលើទំនិញ​នាំចូលទំហំ ៥០ពាន់លានដុល្លាររួច​ហើយប៉ុណ្ណោះ ក្នុងឆ្នាំនេះ។

គួរជម្រាបថា ផលិតផលចិន​ដែលទទួល​រងការដំឡើងពន្ធ​ថ្មីពីអាមេរិក រួមមានចាប់តាំងពី ម៉ាស៊ីនបូមធូលី រហូតដល់​ឧបករណ៍​​តភ្ជាប់​អ៊ីនធើណែត ខណៈផលិតផល​អាមេរិក ដែលរងចំណាត់ការ​ពីសហរដ្ឋអាមេរិកវិញ រួមមានឧស្ម័ន​ធម្មជាតិ និង​ប្រភេទ​យន្តហោះ​មួយ​ចំនួន៕