(ដាម៉ាស់)៖ ប្រតិបត្តិការផ្លូវអាកាស​ នៃក្រុមយោធាចម្រុះដឹកនាំ​ដោយសហរដ្ឋអាមេរិក ដែលមាន​គោលដៅប្រឆាំង​នឹង​​ក្រុមភេរវករ​ ISIS នៅក្នុងប្រទេស​ស៊ីរីនោះ បានផ្តាច់ជីវិត​ជនស៊ីវិលស្លូតត្រង់រាប់​ពាន់នាក់ គិតចាប់តាំងតែពី​​​​ក្រុមយោធាអន្តរជាតិនេះ បានលូកដៃ​ចូល​ក្នុង​សង្រ្គាមស៊ីរីកាលពី ០៤ឆ្នាំមុន។ នេះបើតាម​សេចក្តីរាយការណ៍​របស់អង្គការឃ្លាំមើល​សិទ្ធិមនុស្សស៊ីរី ដកស្រង់​ខ្លឹមសារ​ដោយទីភ្នាក់​ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

អង្គការខាងលើ​បានឲ្យដឹងថា ​​ក្រៅពី​​ក្រុមឧទ្ទាម និងកងទ័ពស៊ីរី ជនស៊ីវិលប្រមាណ ៣,៣៣១នាក់ បានបាត់បង់​ជីវិត​នៅក្នុង​អំឡុង​​នៃ​ប្រតិបត្តិការ​​ទម្លាក់​គ្រាប់​បែក​តាម​​ផ្លូវ​អាកាស នៅពេលដែល​សម្ព័ន្ធយោធានេះ បានសម្រេច​ពង្រីកដែនយុទ្ធនាការ​របស់ខ្លួន​ ពីអ៊ីរ៉ាក់ចូល​មក​ក្នុងប្រទេស​ស៊ីរី​កាលពីថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០១៤ ហើយក្នុងចំណោម​អ្នកស្លាប់ទាំងនោះ​មានកុមារ ៨២៦នាក់ និងស្រី្ត​ ៦១៥នាក់។

គួរជម្រាបថា ដោយផ្អែកលើចំនួន​ជនស៊ីវិលដែលបានបាត់​បង់ជីវិត ក្នុងអំឡុង​ពេល ០៤ឆ្នាំកន្លងទៅនេះ​ រដ្ឋាភិបាលស៊ីរី​ជាច្រើន​លើក​ច្រើនសាបានដាក់សំណើ​ទទូចឲ្យ​អង្គការ​សហប្រជាជាតិ ជំរុញឲ្យមាន​ការដកខ្លួនចេញ​ពីប្រទេសស៊ីរីវិញ​ នៃក្រុមយោធាចម្រុះ​ខាងលើ​៕