(ទ្រីប៉ូលី)៖ អាជ្ញាធរសុខាភិបាល​លីប៊ីបានឱ្យដឹងថា មនុស្សយ៉ាងហោច​ណាស់ ១១៥នាក់​ត្រូវបានសម្លាប់ និង៣៨៣នាក់ រងរបួស​នៅក្នុងការវាយប្រយុទ្ធគ្នា​​រវាងក្រុម​សកម្មប្រយុទ្ធ និងកងកម្លាំង​រដ្ឋាភិបាលនៅក្នុងទីក្រុងទ្រីប៉ូលី​អស់រយៈពេលជាង០១ខែមកនេះ ខណៈរដ្ឋាភិបាល​លីប៊ីគាំទ្រ​ដោយ UN ជម្រុញឱ្យក្រុម​ប្រឹក្សាសន្តិសុខចូល​ធ្វើអន្តរាគមន៍។ នេះបើតាម​ការចេញផ្សាយ​ដោយ

សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងប្រាប់​អ្នកសារព័ត៌មានកាលពី​ថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងសុខាភិបាលលីប៊ី​ លោក វែដេដ អាបូ អាល់នីរ៉ាណ (Wedad Abo Al-Niran) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនដល់១១៥នាក់ ដោយសារតែ​ស្ថានភាព​រងរបួសធ្ងន់ធ្ងរ របស់ជនរងគ្រោះ​មួយចំនួន និងការ​វាយប្រយុទ្ធគ្នា​នៅតែបន្ត​កើតមាន»

តែទោះជា​យ៉ាងនេះក្ដី កងកម្លាំង​រដ្ឋាភិបាលទីក្រុង​ទ្រីប៉ូលី​បានអះអាងថា ពួកគេនៅតែបន្តធ្វើ ប្រតិបត្តិការល្បាត​នៅក្នុងទីក្រុង និងអាចគ្រប់គ្រង​ស្ថានភាពបាន បើទោះជា​មានសេចក្ដីរាយការណ៍​ប្រជាជនរស់នៅ​ក្នុងតំបន់ ដែល​មានការ​វាយប្រយុទ្ធគ្នា​បានរត់គេចចេញពីផ្ទះសម្បែងរបស់​ពួកគេ ខណៈមនុស្ស៨,០០០នាក់ កំពុងជាប់គាំង​នៅក្នុងជម្លោះ​ក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសលីប៊ី​បានធ្លាក់ចូលក្នុង​ភាពវឹកវរ ចាប់តាំងពី​ឆ្នាំ២០១១មកម្ល៉េះ បន្ទាប់ពី​សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ធ្វើអន្តរាគមន៍យោធា​គាំទ្រដល់ក្រុមឧទ្ទាម ដើម្បីផ្ដួលរំលំ​របបដឹកនាំ​លោក កាដាហ្វី។ មួយវិញទៀត មកទល់នឹងពេល​លីប៊ីត្រូវបាន ពុះចែកជាពីរដោយភាគខាងលិចនៃប្រទេស គ្រប់គ្រង​ដោយរដ្ឋាភិបាល​ទីក្រុង​ទ្រីប៉ូលីគាំទ្រ​ដោយ UN និងរដ្ឋាភិបាល​ភាគខាងកើត​នៅ មាន​មូលដ្ឋាននៅក្នុងទីក្រុងតូប្រ៊ូក (Tobruk)៕