(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអាទិត្យនេះ បាននិយាយថាសហរដ្ឋអាមេរិកមានបំណងបង្ក

អសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយការលើកឡើងបែបនេះរបស់លោកធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការបាញ់ប្រហារ សម្លាប់មនុស្ស២៩នាក់ ក្នុងនោះរួមមានសមាជិកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់១២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងនៅមុនចាកចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លោក រូហានី ក៏បានចោទប្រកាន់ផងដែរលើបណ្ដាប្រទេសអារ៉ាប់មួយចំនួនគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន ថាជាអ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុ និងយោធា ដល់ក្រុមប្រឆាំងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។ លោក រូហានី បានគូសបញ្ជាក់ដូច្នេះថា៖«ប្រទេសតូចៗខ្លះដែលជាអាយ៉ងរបស់ សហរដ្ឋអាមេរិកនៅក្នុងតំបន់ ព្រមទាំងសហរដ្ឋអាមេរិកផ្ទាល់ មានបំណងបង្កអសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ង់ តាមរយៈការផ្ដល់ ហិរញ្ញវត្ថុ និងការគាំទ្រនានាដល់ក្រុមប្រឆាំងនឹងរដ្ឋាភិបាលតេហេរ៉ង់...ប៉ុន្តែការប៉ុនប៉ងនេះនឹងមិនទទួលបានជោគជ័យឡើយ ហើយ អ៊ីរ៉ង់នឹងធ្វើការវាយបកវិញតាមផ្លូវច្បាប់ និងផលប្រយោជន៍ជាតិរបស់យើង រីឯសហរដ្ឋអាមេរិកនឹងស្ដាយក្រោយចំពោះអ្វីដែលខ្លួន បានធ្វើ»

សូមជម្រាបថា កាលពីថ្ងៃសៅរ៍ ខ្មាន់កាំភ្លើង០៤នាក់ បានបើកការបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ និងរបួសច្រើនជាង៦០នាក់ ក្នុងអំឡុងពិធីព្យុហយាត្រាមួយ នៅឯទីក្រុង Ahvaz។ ចំណែកឯ ខ្មាន់កាំភ្លើងទាំង០៤នាក់នេះ ក៏ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់ សម្លាប់ផងដែរ ហើយក្រុមចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ឈ្មោះ Ahvaz និងក្រុម ISIS បានចេញមុខទទួលខុសត្រូវថាខ្លួនគឺ ជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕